តែប៉ុណ្ណេះជិះខ្ជិលបាត់! រថភ្លើង៣គ្រឿង កប៉ាល់២គ្រឿង ដឹកមកដល់កម្ពុជាមុនចូលឆ្នាំ

  • 2018-02-01 04:25:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្ត្រីជាន់ខ្ពស់នៃក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ បាន​បញ្ជាក់​កាលពី​ពេល​ថ្មីៗ​នេះថា​ ​រទេះ​ភ្លើង​ធុន​ស្រាលចំនួន ​៣គ្រឿង​ គ្រោង​នឹង​ដំណើរ​ការក្នុងពេល​ឆាប់ៗ​នោះ​ កំពុង​ដឹកមក​កម្ពុជា​ ស្របគ្នា​នឹង​​កប៉ាល់​ចំនួន​ ២គ្រឿង​ទៀត​ ក៏នឹង​មកដល់មុន​ចូលឆ្នាំ​ខ្មែរ​ផងដែរ​។

ឯកឧត្តម ស៊ុន ចាន់ថុលទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូនឲ្យដឹងថា រថ​ភ្លើង​ធុន​ស្រាល​៣​គ្រឿង​កំពុង​ដំឡើង​នឹង​រួចរាល់​នៅ​ថ្ងៃ​ទី ២៨ ខែ​កុម្ភៈ​នេះ ​ហើយ​ត្រូវ​ចេញ​ដំណើរ​ពី​ប្រទេស​មិចស៊ីកូ យ៉ាង​យូរ​បំផុត​ដាច់ ​ខែ​មីនា នឹង​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​កម្ពុជា​ហើយ។ ​រីឯ​ការ​ស្ថាបនា ឯកឧត្តមបញ្ជាក់ថា​ ​បច្ចុប្បន្​នកំពុង​តភ្ជាប់ផ្លូវ​ដែក​​ទៅ​ព្រលាន​យន្តហោះ​ ទន្ទឹម​នឹងក្រុម​ការងារ​បច្ចេកទេស​តែង​សម្រុក​ធ្វើ​នៅ​ពេល​យប់​ជា​រៀងរាល់​ថ្ងៃ ដើម្បី​កុំ​ឲ្យ​មាន​ផល​រំខាន​ដល់​ការ​ធ្វើ​ដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ​។

(ឯកឧត្តម ស៊ុន ចាន់ថុលទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន)

ឯក​ឧត្ដម ស៊ុន ចាន់ថុល បញ្ជាក់​ច្បាស់​ថា រឿង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​រទេះភ្លើង​ដឹក​អ្នក​ដំណើរ ពី​ស្ថានីយ​ទៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ គឺ​ប្រាកដ​១០០% មិន​មាន​ការ​ប្រែប្រួល​ឡើយ។

ដោយ​ឡែក​ចំពោះ​គម្រោង កាណូត​ដឹក​អ្នក​ដំណើរ​ពី ព្រែក​ព្នៅ-ភ្នំពេញ-តាខ្មៅ ក៏​ត្រៀម​សម្ពោធ​មុន​ចូល​ឆ្នាំ​ខ្មែរ​ដូចគ្នា ​រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ​បាន​ប្រកាស​កាលពី​ព្រឹក​ថ្ងៃទី​៣០​មករា​នេះ​ថា​ ​កប៉ាល់ ២​គ្រឿង ដែល​ក្រសួង​សាធារណការ បាន​កម្មង់​ទិញ ​សម្រាប់​សេវា​ដឹក​ជញ្ជូន​អ្នក​ដំណើរ​តាម​ផ្លូវ​ទឹក នៅ​រាជធានី​ភ្នំពេញ នឹង​មក​ដល់​ប្រទេស​កម្ពុជា មុន​ពិធី​បុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណី​ជាតិ ​នៅខែ​មេសា​ខាង​មុខដូចគ្នា​។

ស្របគ្នានេះ គម្រោង​នឹង​ដំណើរការ​ជា​ផ្លូវការ​នូវ​សេវា​ដឹក​ជញ្ជូន​អ្នក​ដំណើរ​តាម​ផ្លូវទឹក ​នៅ​រាជធានី​ភ្នំពេញ​នៅ​កំពង់ផែ​ចំនួន ១៥​កន្លែង ​ក្នុង​នោះ​មាន​នៅក្នុង​ភូមិសាស្រ្ត​រាជធានី​ភ្នំពេញ​ ចំនួន​១៣ ទីតាំង និង​ខេត្ត​កណ្តាល ចំនួន ២​ទីតាំង៕

ចុចអានបន្ថែម៖

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទថ្មី