តោះ​មក​ដឹង​ ថា​តើ​​កាតក្រហមក្នុង​ពិភពបាល់ទាត់​មាន​​ប្រវត្តិ​យ៉ាង​ដូចម្តេច?

  • 2018-02-03 08:08:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​ជំនួយ​អាជ្ញាកណ្តាល (VAR) ត្រូវ​បាន​ប្រើប្រាស់​ក្នុង​ការ​ជួយ​សម្រេច​ចិត្ត​មួយចំនួន​ជួស​​អាជ្ញាកណ្តាល​នៅ​លើ​ទីលាន គឺ​ជា​រឿង​គួរ​ចាប់​អារម្មណ៍​នៅ​ពេល​នេះ។ ប៉ុន្តែ​នៅ​ទសវត្សរ៍​ទី​៧០ រឿងរ៉ាវ​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​ពេល​នោះ គឺជុំវិញ​ប្រវត្តិកាតក្រហម​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​​តាម​គំនិត​របស់​អាជ្ញាកណ្ដាល​ម្នាក់។ នេះ​បើ​តាម The Sun។

កីឡាករ​បាល់ទាត់​ដំបូង​គេ​ដែល​ទទួល​កាត​ក្រហម​នៅ​ប្រទេស​អង់គ្លេស​ David Wagstaffe

កីឡាករ​បាល់ទាត់​ដំបូង​គេ​ នៅ​ប្រទេស​អង់គ្លេស​ដែល​ទទួល​បានកាតក្រហម​ គឺ​ខ្សែបម្រើស្លាប David Wagstaffe ​របស់​​ក្រុម Blackburn Rovers នៅក្នុងឆ្នាំ ១៩៧៦។ ប៉ុន្តែ​​កីឡាករ​ដំបូង​គេ​ដែល​ត្រូវ​បណ្តេញ​ចេញ​ពី​ទីលាន បាន​កើត​ឡើង​មុន​នោះ​ទៅ​ទៀត ពោល​គឺ​តាំង​ពី​១០​ឆ្នាំ​មុន​ម្ល៉េះ​នៅ​ក្នុង​ព្រឹត្តិការណ៍ World Cup ឆ្នាំ ១៩៦៦ នៅ​ពេល​ដែល​​ការ​ប្រកួត​ដ៏​ក្តៅ​គគុក​ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​រវាង អង់គ្លេស និង​អាហ្សង់ទីន។

លោក Rudolf Kreitlein បណ្តេញ​ Antonio Rattin ដោយ​ការភ័ន្តច្រលំ

កាល​ណោះ កីឡាករ Antonio Rattin របស់​អាហ្សង់ទីន ត្រូវ​បាន​អាជ្ញាកណ្តាល​អាឡឺម៉ង់ លោក Rudolf Kreitlein បណ្តេញ​ចេញ ព្រោះ​ច្រលំ​ថា​បាន​ប្រព្រឹត្ត​កំហុស។ ដូច្នេះហើយ Rattin ប្រកែក​មិន​ព្រម​ចេញ ដែល​បាន​ធ្វើ​ឲ្យ​អាជ្ញាកណ្តាល ខឹង​សម្បារ​ ហើយ​លោក​បាន​ទៅ​និយាយ​ជាមួយ​កាពីតែន​ក្រុម​របស់ អាហ្សង់ទីន ធ្វើ​យ៉ាង​ណា​​ត្រូវ​តែ​ឲ្យ Rattin ចេញ​ពី​ទីលាន។

ការ​ប្រកួត​ដ៏​ក្តៅ​គគុក​ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​រវាង អង់គ្លេស និង​អាហ្សង់ទីន នៅWorld Cup ឆ្នាំ ១៩៦៦

​​​​​ឆ្លង​តាម​បទពិសោធន៍​ជូរចត់​ខាង​លើ លោក​អាជ្ញាកណ្តាល​សញ្ជាតិ​អង់គ្លេស​ Ken Aston មាន​គំនិត​មួយ​កុំ​ឲ្យ​កំហុស​ច្រំ​ដែល​ដូច​នេះ​​កើត​ឡើង​ទៀត។ ថ្ងៃ​មួយ​ពេល​កំពុង​ធ្វើ​ដំណើរ​ ឡាន​របស់​លោក​បាន​ជាប់​ស្តុប លោក​ក៏​មាន​គំនិត​បង្កើត​កាត​ក្រហម កាត​លឿង​ដោយ​យក​តាម​ភ្លើង​សញ្ញា​ចរាចរណ៍។ កាត​លឿង ទុក​ដូច​ជា​ការ​ព្រមាន ខណៈ​កាត​ក្រហម​ គឺ​បញ្ឈប់​កីឡាករ ប្រៀប​ដូច​នឹង​ភ្លើង​លឿង ដែល​ឲ្យ​អ្នក​បើកបរ​ប្រុងប្រយ័ត្ន ហើយ​ភ្លើង​ក្រហម​អ្នក​ត្រូវ​តែ​ឈប់។

ហេតុ​ដូច្នេះ​កាត​លឿង​ កាតក្រហម​ ត្រូវ​បាន​ណែនាំ​ឲ្យ​ប្រើ​ដំបូង​នៅ​ព្រឹត្តិការណ៍ World Cup ក្នុង​​ឆ្នាំ​ ១៩៧០ នៅ​ប្រទេស​ម៉ិកស៊ិចកូ៕

កាត​លឿង​ កាតក្រហម​ត្រូវ​បាន​ណែនាំ​ឲ្យ​ប្រើ​ដំបូង​នៅ​ព្រឹត្តិការណ៍ World Cup ក្នុង​​ឆ្នាំ​ ១៩៧០ ដោយ​លោក Ken Aston

ប្រភព៖ The Sun   ប្រែ​សម្រួល៖ សុខ លាងហ៊ត