មកដឹងពីប្រវត្តិដើមរបស់រឿង "Snow White" ក្នុងឱកាសខួបគម្រប់ ៨០ឆ្នាំ
- 2018-02-05 08:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងពីប្រវត្តិដើមរបស់រឿង "Snow White" ក្នុងឱកាសខួបគម្រប់ ៨០ឆ្នាំ
ចន្លោះមិនឃើញ
រឿង Snow White គឺជារឿងមួយរបស់ Disney ដែលទាក់ចិត្តកុមារៗពីជំនាន់មុនរហូតមកដល់បច្ចុប្បន្ននេះ។ រឿងនេះដែរត្រូវបានចាក់បញ្ចាំងជាផ្លូវការនៅក្នុងឆ្នាំ១៩៣៧ បើគិតមកទល់បច្ចុប្បន្ននេះគឺមានអាយុកាល ៨០ឆ្នាំមកហើយ។
រឿងរ៉ាវពិតប្រាកដពីក្រោយការតែងចេញជាគំនូរជីវចលរបស់លោក Walt Disney គឺមានភាពខុសប្លែកគ្នាច្រើនមិនតិចនោះទេ។
ក្នុងរឿងដើមឡើយ ដំណាលថា មានស្ដេចមួយអង្គរួមនឹងព្រះមហេសីមានបុត្រីមួយអង្គមានឈ្មោះ Snow White។ មិនយូរប៉ុន្មាន ព្រះមហេសីក៏បានសោយទិវង្គតទៅ។ មួយឆ្នាំក្រោយមក ព្រះអង្គក៏បានរៀបការម្ដងទៀត។ មហេសីថ្មីនេះដែរ ត្រូវបានឲ្យដឹងថាជាស្រីស្អាតដាច់គេ។ ជារៀងរាល់ថ្ងៃ នាងតែងតែសួរកញ្ចក់ទិព្វរបស់នាងថាតើនរណាជាស្រីស្អាតជាងគេបំផុតនោះ។ ជាការពិតណាស់ កញ្ចក់នោះតែងតែឆ្លើយថាជានាងជានិច្ច។
ប៉ុន្តែក្រោយមក នៅពេលដែលព្រះនាង Snow White មានអាយុ ៧ឆ្នាំនោះ កញ្ចក់ទិព្វបានប្រាប់មហេសីថ្មីនោះថា Snow White មានសម្រស់ស្រស់ស្អាតជាងនាង ១០០០ ដងឯណោះ។ ព្រះមហេសីមានការខឹងសម្បារជាខ្លាំង ក៏មានចិត្តចង់សម្លាប់ Snow White ចោល។ ស្ត្រីនោះបានបញ្ជាឲ្យព្រានព្រៃតាមសម្លាប់ព្រះនាងនៅក្នុងព្រៃ ដោយនាំយកសួតនិងថ្លើមរបស់ព្រះនាងមកឲ្យនាងវិញ។
ដោយសារតែសម្រស់របស់ព្រះនាងមានភាពស្រស់ស្អាតខ្លាំង ទើបព្រានព្រៃមិនដាច់ចិត្តសម្លាប់ ក៏បានដោះលែងនាងឲ្យរួចខ្លួន។ ក្រោយមកលោកបាននាំយកថ្លើម និងសួតរបស់ជ្រូកព្រៃទៅឲ្យព្រះមហេសីដ៏កំណាចនោះជំនួសវិញ។ នាងបានបរិភោគវា ដោយគិតថាវាជារបស់ព្រះនាង Snow White។
ក្រោយមក ព្រះនាងតូចបានរកឃើញផ្ទះរស់មនុស្សតឿ ហើយក៏បានដេកលង់លក់។ ពួកគេបានឃើញនាងភ្លាមក៏លាន់មាត់ថា៖ "កូនក្មេងនេះពិតជាស្រស់ស្អាតណាស់"។ ដូច្នេះហើយ ពួកគេបានអនុញ្ញាតឲ្យព្រះនាងតូចស្នាក់នៅជាមួយគ្នា។
ងាកមកម្ចាស់ក្សត្រីដ៏កំណាចនោះវិញ នាងមានភាពសប្បាយរីករាយដោយគិតថា ទីបំផុតមានតែនាងទេដែលស្រស់ស្អាតដាច់គេនោះ រហូតដល់ពេលមួយនៅពេលដែលនាងនិយាយជាមួយនឹងកញ្ចក់ទិព្វ ទើបនាងបានដឹងថាព្រះនាង Snow White នៅរស់រានមានជីវិតនៅឡើយ។ កញ្ចក់នោះថែមទាំងបានប្រាប់ទីតាំងដែល Snow white រស់នៅទៀតផង។ ម្ចាស់ក្សត្រីមានការខឹងជាខ្លាំង និងបានខំរកវិធីដើម្បីសម្លាប់ Snow white។
ដំបូងនាងបានចងរឹត Snow White ជាមួយអាវយ៉ាងតឹងធ្វើឲ្យនាងដកដង្ហើមមិនរួច ព្រះនាងបានសន្លប់ តែក្រោយមកបានក្រុមមនុស្សតឿមកជួយនាងទាន់ពេលវេលា។ ក្រោយមកទៀត ស្រីធ្មប់នេះបានលក់ក្រាស់សិតសក់ដែលមានជាតិពុលទៅឲ្យព្រះនាង ព្រះនាងបានដេកដួលដូចស្លាប់ តែពពួកមនុស្សតឿបានដឹងហើយសង្គ្រោះនាងទាន់។ ជាចុងក្រោយ នាងក៏បានបញ្ចុះបញ្ចូលព្រះនាងឲ្យញ៉ាំប៉ោមមានជាតិពុល លើកនេះពួកមនុស្សតឿមិនអាចជួយនាងបាន ក៏បានដាក់នាងក្នុងមឈូសកញ្ចក់។
ព្រះនាង Snow White ត្រូវបានដេកក្នុងមឈូសនោះអស់រយៈកាលជាយូរ ប៉ុន្តែរូបរាងនាងមិនបានប្រែប្រួលបន្តិចសោះ។ មានរាជបុត្រមួយអង្គបានឆ្លងកាត់ និងព្យាយាមសុំទិញមឈូសរបស់ព្រះនាងពីពួកមនុស្សតឿ ប៉ុន្តែពួកគេបដិសេធមិនព្រមលក់។ ក្រោយមក មានរាជបុត្រមួយអង្គនោះបាននិយាយថា៖ "ឲ្យវាមកខ្ញុំមក ព្រោះថាខ្ញុំមិនអាចរស់នៅដោយមិនបានឃើញ Snow White នោះទេ។ ខ្ញុំនឹងមើលថែ និងគោរពនាងជាងអ្វីៗទាំងអស់"។ ដោយសារតែសម្ដីនេះហើយ បានធ្វើឲ្យពួកមនុស្សតឿទន់ចិត្តព្រមប្រគល់មឈូសនោះទៅឲ្យរាជបុត្រអង្គនោះ។
ខណៈអ្នកបម្រើសែងមឈូសនោះទៅផ្ទះ ពួកគេបានធ្វើឲ្យធ្លាក់មឈូសនោះ របូតផ្លែប៉ោមចេញ រួចព្រះនាងក៏បានដឹងខ្លួនឡើងវិញ។ រាជបុត្របានប្រកាសទទួលនាងជាព្រះមហេសីរបស់ខ្លួនដោយនាងមានអាយុត្រឹមតែ ៧ឆ្នាំប៉ុណ្ណោះ។
អ្នកទាំងពីរបានធ្វើពិធីជប់លៀង ថែមទាំងបានអញ្ជើញម្ចាស់ក្សត្រីកំណាចមកចូលរួមថែមទៀត។ នៅចុងបញ្ចប់ ព្រះនាងតូចក៏បានធ្វើទារុណកម្មដោយឲ្យម្ចាស់ក្សត្រីនោះពាក់ស្បែកជើងដែករាំលើភ្លើងរហូតដល់ស្លាប់ខ្លួន៕
ចុចអាន៖
មកទស្សនាការសម្ដែងទាំងស្រុងរបស់ Justin Timberlake ក្នុងកម្មវិធី Super Bowl
“Winchester” បង្ហាញខ្លួនលើ Box Office ដំបូង ខណៈ "Jumanji” វិលមកតំណែងកំពូល