ទីក្រុងហាណូយ គ្រោងចុះឈ្មោះឲ្យសត្វឆ្កែ និងឆ្មា ក្រោមហេតុផលមួយ

  • 2018-02-06 02:31:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជ្ញាធរ​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម បាន​ដាក់​ចេញ​នូវ​ផែនការ​ទប់​ស្កាត់​ជំងឺ​ថ្មី​ក្នុង​ចំណោម​បទ​បញ្ញត្តិ​ផ្សេង​ទៀត ដែល​តម្រូវ​ឲ្យ​អ្នក​ស្រុក​ចុះ​ឈ្មោះ​សត្វ​ឆ្កែ និង​ឆ្មា​របស់​ខ្លួន​ជាមួយ​មន្ត្រី។

គម្រោង​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ជាតិ​ដើម្បី​គ្រប់គ្រង និង​លុបបំបាត់​ជំងឺ​ឆ្លង​សត្វ​ក្នុង​អំឡុង​ឆ្នាំ ២០១៨-២០២១។ ដូច្នោះ​ហើយ​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​ឆ្កែ និង​ឆ្មា ត្រូវតែ​ចុះ​ឈ្មោះ​សត្វ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ដែល​នឹង​ទទួល​ខុស​ត្រូវ​ក្នុង​ការ​រក្សា​កំណត់ត្រា​សត្វ​ចិញ្ចឹម​ទាំងអស់ នៅ​ក្នុង​សិទ្ធិ​អំណាច​របស់​ពួកគេ។

សត្វ​ឆ្កែ​ដែល​បាន​ម្ចាស់​នាំ​យក​ទៅ​ខាង​ក្រៅ ត្រូវ​តែ​មាន​មនុស្ស​ម្នាក់​ដើរ​អម​ជាមួយ ហើយ​អាច​ពាក់​ប្រដាប់​ឃ្លុំ​មាត់ ឬ​ត្រូវ​ប្រើ​ខ្សែ ដើម្បី​សុវត្ថិភាព​របស់​អ្នក​ដទៃ។ នេះ​បើ​យោង​តាម​គ្រោង​ការណ៍​ខាងលើ។

ជា​មួយ​គ្នា​នេះ​ដែរ ម្ចាស់​សត្វ​ឆ្កែ​ត្រូវ​ចំណាយ​សម្រាប់​ការ​ដែល​មិន​បាន​មើល​ថែរក្សា​សត្វ​ឆ្កែ​របស់​ខ្លួន​នៅ​ទី​សាធារណៈ រួម​ទាំង​ចំណាយ​លើ​ការ​ដែល​សត្វ​របស់​ពួកគេ ត្រូវ​បាន​ឃាត់​ទុក ចិញ្ចឹម ឬ ដុត​សម្លាប់​ចោល​ប្រសិន​បើ​ចាំ​បាច់។ មិនតែប៉ុណ្ណោះ ម្ចាស់​ក៏​ត្រូវ​តម្រូវ​ឲ្យ​ចំណាយ​លើ​ថ្លៃ​ថ្នាំ​ពេទ្យ និង​សំណង​សម្រាប់​អ្នក​រងគ្រោះ​ដោយ​សត្វ​ឆ្កែ​ដែល​មិន​បាន​ថែ​ទាំ​ផង​ដែរ។

លើស​ពី​នេះ​ទៅ​ទៀត ការ​ចាក់​វ៉ាក់សាំង​លើ​សត្វ​ចិញ្ចឹម​ជា​ទៀងទាត់ ក៏​ត្រូវ​ស្ថិត​នៅ​ក្រោម​គ្រោងការណ៍​ថ្មី​នោះ​ផង​ដែរ ហើយ​ម្ចាស់​សត្វ​នឹង​ត្រូវ​ទទួល​ពិន័យ ប្រសិន​បើ​មិន​យក​សត្វ​ឆ្កែ និង ឆ្មា​របស់​ខ្លួន​ទៅ​ចាក់​វ៉ាក់សាំង តាម​ការ​វិភាគ​ដែល​បាន​ណែនាំ។

យ៉ាងណាមិញ ការ​ពិភាក្សា​វែកញែក​បាន​រីក​រាលដាល​យ៉ាង​ខ្លាំងក្លា នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​នៅ​តាម​បណ្ដាញ​អ៊ីនធឺណិត នៅ​ក្នុង​ប្រទេស​វៀតណាម ស្ដី​អំពី​ការ​ថែរក្សា​សត្វ​ឆ្កែ​ដោយ​ប្រើ​ខ្សែ ឬ​ប្រដាប់​ឃ្លុំ​មាត់​សត្វ​នៅ​កន្លែង​សាធារណៈ និង​ការ​ហាម​ប្រាម​មិន​ឲ្យ​ឆ្កែ​ដែល​ម្ចាស់​មើលថែ ឬ​ឆ្កែ​អនាថា​ដើរ​តាម​ផ្លូវ។

គួរ​រំលឹក​ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​ខែ​កញ្ញា​ឆ្នាំ​មុន ប្រជាជន​នៅ​ទីក្រុង​ហូជីមិញ នឹង​ប្រឈម​ការ​ផាក​ពិន័យ​រហូត​ដល់​ទៅ ៨០០ ០០០ ដុង (ប្រហែល ៣៥ ដុល្លារ​អាមេរិក) សម្រាប់​ការ​អនុញ្ញាត​ឲ្យ​សត្វ​ឆ្កែ​របស់​ពួក​គេ​រត់​នៅ​តាម​ដង​ផ្លូវ៕

ចុច​អាន៖

ប្រភព៖ tuoitrenews   ប្រែ​សម្រួល៖ សេង ឡុង