កំពូល​តារា​សម្ដែង​​ អម្ពរ ទេវី ប្រកាស​មក​រស់​នៅ​កម្ពុជា​វិញ ក្រោម​ហេតុផល​ទាំង​នេះ!

  • 2018-02-06 02:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ទោះ​​​បាន​ចាក​​​ឆ្ងាយ​ពី​មាតុ​ប្រទេស​​អស់​រយៈ​ពេល​ច្រើន​ឆ្នាំ​ក្ដី​ ក៏​តារា​សម្ដែង​ល្បី​ឈ្មោះ​អ្នកស្រី អម្ពរ ទេវី នៅ​តែ​ស្រលាញ់​សិល្បៈ​ និង​ទឹក​ដី​ខ្មែរ​ថែម​ទាំង​ប្រកាស​​ថា​នឹង​​វិល​មក​នៅ​កម្ពុជា​នា​ពេល​ខាង​មុខ​។

​ឆ្នាំ​២០១៨​នេះ​​ អ្នក​ស្រី​ អម្ពរ ទេវី បាន​ទទួល​សម្ដែង​ភាពយន្ត​ភាគ​​ឲ្យ​ស្ថានីយ​ទូរទស្សន៍​ខ្មែរ ដោយ​សុំ​​មិន​បង្ហើប​ចំណង​ជើង។ អាច​ត្រឹម​បញ្ជាក់​បាន​ថា​ ខ្លួន​សម្រេច​​​ចិត្ត​ដើរ​តួ​ជា​​​​​អ្នក​ម្ដាយ​ ក្រោយ​បាន​អាន​អត្ថបទ​រឿង​​ និង​មាន​អារម្មណ៍​ពេញ​ចិត្ត​​​​​ជា​ខ្លាំង​សម្រាប់​​​​ការ​គ្រង​តំណែង​ជា​តួ​អង្គ​នេះ។

អ្នកស្រី អម្ពរ ទេវី កំពុង​ទន្ទេញ​​​អត្ថបទ​រឿង

ក្នុង​កិច្ច​សម្ភាស​ផ្ដាច់​មុខ​ជា​មួយ​ Sabay អ្នកស្រី អម្ពរ ទេវី បាន​ឲ្យ​ដឹង​ថា ទោះ​មិន​ជាប់​ភារកិច្ច​សម្ដែង​ក្ដី​ អ្នក​ស្រី​​​ប្រាកដ​ថា​​នឹង​ត្រឡប់​មក​រស់​នៅ​លើ​ទឹក​ដី​​កម្ពុជា​វិញ​ជាក់​ជា​មិន​ខាន​ ក្រោម​ហេតុ​ផល​ខ្លួន​​មិន​អាច​បំភ្លេច​ទឹក​ដី​កំណើត ​មិត្ត​សិល្បៈ​ដែល​​អ្នក​ស្រី​​តែង​​នឹក​រលឹក​​គ្រប់​ៗ​គ្នា ពិសេស​ម្ហូប​ដែល​ខ្លួន​ពេញ​ចិត្ត។

តារា​ជើង​ចាស់​នេះ​បាន​ឲ្យ​ដឹង​ថា មិត្ត​សិល្បៈ​​ដែល​ខ្លួន​​​នឹក​​​រលឹក​​ជាង​គេ​គឺ​​ដៃ​គូ​សម្ដែង​លោក ទេព រិន ដារ៉ូ ត្បិត​អ្នក​ទាំង​២​ទទួល​បាន​ជោគជ័យព្រម​គ្នា ក្រោយ​​​ក្លាយ​ជា​ដៃគូ​សម្ដែង​ ជា​ហេតុ​បន្សស់​ទុក​នូវ​អនុស្សាវរីយ៍​ជា​ច្រើន​សម្រាប់​អ្នក​ស្រី​។ ឯម្ហូប​ដែល​ទាក់​ចិត្ត​​​មិន​ឲ្យ​បំភ្លេច​កម្ពុជា​បាន​នោះ គឺ​ទឹក​គ្រឿង​ខ្មែរ​ ដែល​មាន​អន្លក់​ច្រើន​សំបូរ​បែប ​ពិសេស​​គឺ​ផ្កា​កំប្លោក​​​ដ៏​មាន​ឱជារស​​។

ត្រឡប់​ទៅ​ជីវិត​ឯកជន​វិញ តួស្រី​ក្នុង​រឿង​ "ពស់កេងកង" ដ៏​​ល្បី​ប្រចាំ​ទសវត្ស​ទី​៩០​ ប្រាប់​ថា​ ខ្លួន​​​ត្រៀម​វិល​​ទៅ​សហរដ្ឋ​អាមេរិក​វិញ​នៅ​ចុង​ខែ​កុម្ភៈ​នេះ ពោល​គឺ​ក្រោយ​ការ​សម្ដែង​ចប់​ ដើម្បី​មើល​ការ​ខុស​ត្រូវ​ក្នុង​ផ្ទះ​សម្បែង​ និង​គ្រួសារ​​ ហើយ​ក៏​ចាំ​តាម​ដាន​​​សម្មតិ​ផល​ថ្មី​របស់​​ខ្លួន​ពី​ទី​នោះ​មក​ដែរ​៕

ចុចអាន៖

អត្ថបទ៖ សុខណា

រាយការណ៍៖ រត្នន៍

អត្ថបទថ្មី