ឃាត់ខ្លួនមហាសេដ្ឋីផ្នែកសំណង់ថៃ ក្រោយបរបាញ់សត្វខុសច្បាប់

  • 2018-02-06 08:55:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយក​គ្រប់គ្រង​នៃ​ក្រុមហ៊ុន Italian-Thai Development ដែល​ជា​ក្រុមហ៊ុន​សំណង់​ធំ​បំផុត​នៅ​ក្នុង​ប្រទេស​ថៃ ត្រូវ​បាន​ចាប់ខ្លួន​បន្ទាប់​ពី​បរបាញ់​សត្វព្រៃ​ដែល​ទទួល​បាន​ការ​ការពារ នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ Thungyai Naresuan ក្នុង​ខេត្ត Kanchanaburi កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ កន្លង​ទៅ​នេះ។

យោង​តាម​សេចក្ដីថ្លែងការណ៍​ពី​នាយកដ្ឋាន​អភិរក្ស​ឧទ្យានជាតិ សត្វព្រៃ និង​រុក្ខជាតិ បាន​ឲ្យ​ដឹង​ថា លោក Premchai Karnasuta និង​មនុស្ស ៤ នាក់​ទៀត ក្នុង​នោះ​មាន​បុរស ៣ នាក់ និង​ស្ត្រី​ម្នាក់ បាន​បោះ​ជំរំ​នៅ​ក្នុង​តំបន់​ហាមឃាត់​នៃ​ទីជម្រក​ខាង​លើ កាល​ពី​យប់​ថ្ងៃ​សៅរ៍។

ក្រុម​មន្ត្រី​បាន​ឃើញ​ពួកគេ​ជាមួយ​នឹង​គ្រោងឆ្អឹង​ខ្លារខិន​ខ្មៅ​មួយ​ក្បាល ដែល​ត្រូវ​បាន​គេ​រលាត់​ស្បែក , សត្វ​បក្សី Kalij Pheasant និង សត្វ​ក្តាន់ Barking Deer ដែល​សុទ្ធ​សឹង​តែ​ជា​ប្រភេទ​សត្វ​ស្ថិត​ក្រោម​ការ​ការពារ​នៅ​ក្នុង​ប្រទេស​ថៃ។ ជាមួយ​គ្នា​នេះ​ដែរ ក្រុម​មន្រ្តី​ខាង​លើ​ក៏​រឹបអូស​បាន​កាំភ្លើង​វែង រួម​ទាំង​គ្រាប់​កាំភ្លើង​ជា​ច្រើន​គ្រឿង​ទៀត​ផង​ដែរ។

ជន​សង្ស័យ​ទាំង ៥ នាក់ ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ពី​បទ​បរបាញ់​សត្វ​ដែល​ស្ថិត​ក្រោម​ការ​ការពារ , បរបាញ់​សត្វ​នៅ​ក្នុង​ជម្រក​សត្វព្រៃ , រក្សា​ទុក​សាកសព​សត្វ​ដែល​ស្ថិត​ក្រោម​ការ​ការពារ , នាំ​យក​សម្ភារៈ​បរបាញ់​ចូល​ក្នុង​ទីជម្រក​សត្វព្រៃ​ដោយ​គ្មាន​ការ​អនុញ្ញាត និង ប្រមូល​ផល​ព្រៃ​ឈើ។

មិនតែប៉ុណ្ណោះ យោង​តាម​ការ​ស៊ើបអង្កេត​ដែល​មិន​ទាន់​បាន​សម្រេច​មួយ ពួកគេ​ក៏​អាច​ត្រូវ​ចោទ​ប្រកាន់​នៅ​ក្រោម​ច្បាប់​កាំភ្លើង​ផង​ដែរ។

គួរ​បញ្ជាក់​ឲ្យ​ដឹង​ថា លោក Premchai អាយុ ៦៣ ឆ្នាំ គឺ​ជា​កូន​ប្រុស​របស់​លោក Chaijudh Karnasuta សហ​ស្ថាបនិក​ក្រុមហ៊ុន​អភិវឌ្ឍន៍​អ៊ីតាលី-ថៃ។ យោង​តាម​គេហទំព័រ Forbes លោក Premchai និង បងប្អូន​ឈ្មោះ Nijaporn បាន​ជាប់​ចំណាត់​ថ្នាក់​លេខ ៣៥ ជា​អ្នក​មាន​បំផុត​នៅ​ប្រទេស​ថៃ ក្នុង​ឆ្នាំ២០១៦៕

លោក Premchai Karnasuta

ចុច​អាន៖

ប្រភព៖ Coconut   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី