ព្រះនាងជប៉ុន ពន្យារពេលរៀបអភិសេកដល់ឆ្នាំ២០២០ ក្រោមហេតុផលមួយ

  • 2018-02-07 02:26:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​ប្រភព​ព័ត៌មាន បាន​ឲ្យ​ដឹង​ថា ព្រះ​នាង​ជប៉ុន Mako កំពុង​តែ​ពន្យារ​ពេល​រៀប​អភិសេក​របស់​ទ្រង់ រហូត​ដល់​ឆ្នាំ២០២០ ដោយសារតែ​ខ្វះ​ពេល​វេលា​ដើម្បី​រៀបចំ​ពិធី។

​ព្រះនាង​ព្រះជន្ម ២៦ វស្សា ដែល​ជា​ចៅ​ស្រី​របស់​អធិរាជ​ជប៉ុន Akihito បាន​គ្រោង​រៀបអភិសេក​ជាមួយ​បុគ្គលិក​ក្រុមហ៊ុន​ច្បាប់​ម្នាក់ មាន​ឈ្មោះ​ថា Kei Komuro កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ២០១៧។ ផ្ទុយទៅវិញ សារព័ត៌មាន Jiji Press របស់​ប្រទេស​ជប៉ុន បាន​រាយការណ៍​ថា អ្នក​ទាំង ២ បាន​ប្រកាស​ពន្យារពេល​វេលា​វិញ ដោយសារតែ​​មិន​មាន​ពេល​គ្រប់គ្រាន់​ដើម្បី​រៀបចំ​ពិធី និង​ត្រៀម​លក្ខណៈ។

ជា​មួយ​គ្នា​នេះ​ដែរ ការ​សម្រេចចិត្ត​របស់​អ្នក​ទាំង ២ គឺ​ពាក់ព័ន្ធ​នឹង​ផែនការ​ដ៏​មមាញឹក​របស់​គ្រួសារ​អធិរាជ​ជប៉ុន​នៅ​ឆ្នាំ​ក្រោយ រួម​ទាំង​ការ​ដាក់​រាជ្យ​របស់​ព្រះចៅ​អធិរាជ Akihito ទៀត​ផង។

គួរ​រំលឹក​ឲ្យ​ដឹង​ថា ​ព្រះនាង Mako នឹង​បាត់បង់​ងារ​ជា​សែ​រាជវង្ស នៅ​ពេល​រៀប​អភិសេក​ជាមួយ លោក Komuro ដែល​ជា​ជន​សាមញ្ញ​ធម្មតា។

គួរ​បញ្ជាក់​ឲ្យ​ដឹង​ផង​ដែរ​ថា នៅ​ខែ​មេសា ឆ្នាំ២០១៩ ​ព្រះចៅអធិរាជ Akihito ​ព្រះជន្ម ៨៤ វស្សា នឹង​ក្លាយ​ជា​អធិរាជ​ជប៉ុន​ដំបូង​បង្អស់​ក្នុង​រយៈពេល​ជាង ២០០ ឆ្នាំ ដែល​ដាក់​រាជបល្ល័ង្ក Chrysanthemum Throne។ យ៉ាងណាមិញ ​រាជបុត្រ​ច្បង​របស់​ទ្រង់ ដែល​ត្រូវ​ជា​មហា​បិតុលា​របស់​ព្រះនាង Mako ​ព្រះជន្ម ៥៧ វស្សា ​ព្រះនាម Naruhito នឹង​ស្នងរាជ្យ​បន្ត៕

ចុច​អាន៖

ប្រភព៖ BBC   ប្រែ​សម្រួល៖ សេង ឡុង