ផ្លូវការ! ចៅស្រីអធិរាជជប៉ុន ប្រកាសបោះបង់​សែរាជវង្ស រៀបអភិសេកជាមួយ​បុរស​សាមញ្ញ

  • 2017-09-04 03:24:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រះនាង Mako ដែល​​ជា​ចៅ​ស្រី​ច្បង​របស់​អធិរាជ អាគីហ៊ីតូ និង​អធិរាជិនី មីឈីកូ ​នឹង​រៀប​អភិសេក​​ជាមួយ​អតីត​មិត្ត​រួម​ថ្នាក់​សាកល​វិទ្យាល័យ​​នៅ​ឆ្នាំ ២០១៨។ ​នេះ​បើ​តាម​ភ្នាក់ងារ​ Imperial Household បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​​អាទិត្យ​ ម្សិលមិញ។

ព្រះនាង​ ​និង​គូ​ដណ្ដឹង​លោក Kei Komuro អ្នក​ទាំង​ពីរ​មាន​អាយុ ២៥​ឆ្នាំ​ដូច​គ្នា ​​បាន​រៀប​រាប់​ទំនាក់​ទំនង​របស់​ពួក​គេ​ថា ​រ៉ូមែនទិក​ខ្លាំង​ណាស់​ប្រៀប​ដូច​ព្រះ​អាទិត្យ និង​ព្រះចន្ទ គឺ​មិនអាច​ខ្វះ​មួយណា​បាន។

"​ពេល​រួម​រស់​ជាមួយ​លោក​ Komuro ​ខ្ញុំ​ចង់​ធ្វើ​ឲ្យ​គ្រួសារ​ខ្ញុំ​កក់​ក្ដៅ ស្ងប់ស្ងាត់ និង​ពោរពេញ​​ទៅ​ដោយ​ស្នាម​ញញឹម"។ ព្រះនាង Mako ​បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ទីក្រុង​តូក្យូ ក្រោយ​ពី​ព្រះ​ចៅ​អធិរាជ​ បាន​យល់​ព្រម​ជា​ផ្លូវ​ការ​នូវ​ពិធី​ភ្ជាប់​ពាក្យ​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​ម្សិលមិញ។ "​ស្នាម​ញញឹម​របស់​គាត់​​ដូច​​ជា​ពន្លឺ​ព្រះ​អាទិត្យ បាន​អន្ទង​ចិត្ត​ខ្ញុំ"។ ព្រះនាង​បន្ត។

ឯ​​លោក Komuro និយាយ​ថា "​ខ្ញុំ​ចង់​​មាន​គ្រួសារ​មួយ​ដែល​ស្ងប់​ស្ងាត់ និង​សន្តិភាព​​ដូច​គ្នា​"។ ចំណែក​ពិធី​រៀប​ការ​គ្រោង​​នឹង​ប្រារព្ធ​ធ្វើ​នៅ​ឆ្នាំ​ក្រោយ​​ហើយ។ នេះ​បើ​តាម​ប្រភព​ដដែល។

ការ​ប្រកាស​ខាង​លើ ​ដំបូង​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី ៨​កក្កដា ប៉ុន្តែ​គូស្នេហ៍​នេះ​​​សម្រេច​ពន្យារពេល​ដោយ​សារ​តែ​ភ្លៀង​ធ្លាក់​ខ្លាំង​​បណ្ដាល​ឲ្យ​​កើត​មាន​ទឹក​ជំនន់​តំបន់ Kyushu ​កាល​ពី​ខែ​កក្កដា។

​គួរ​រម្លឹក​ថា ​ព្រះនាង Mako ​បាន​ជួប​លោក Komuro ​ពេល​រៀន​ឆ្នាំ​ទី​មួយ​នៅ​​សាកល​វិទ្យាល័យ​គ្រីស្ទាន​​អន្តរជាតិ (International Christian Universiy) ក្នុង​ទីក្រុង​តូក្យូ។ ពួក​គេ​ចាប់​ផ្ដើម​ស្និត​ស្នាល​ក្នុង​ឆ្នាំ ២០១២ ​អំឡុង​ពេល​ចូល​រួម​បទ​បង្ហាញ​កម្មវិធី​សិក្សា​នៅ​បរទេស។

​ក្នុង​កម្មវិធី​ផ្លាស់​ប្ដូរ​និស្សិត (Exchange Program) ​ពេល​នោះ ​ព្រះនាង​ Mako ​កំពុង​សិក្សា​នៅ​សាកល​វិទ្យាល័យ University of Edinburgh ​នៅ​អង់គ្លេស ខណៈ​លោក Komuro ​សិក្សា​នៅ​សាកល​វិទ្យាល័យ​ University of California ​រដ្ឋ​ Los Angeles សហរដ្ឋ​អាមរិក​។ លោក Komuro ​និយាយ​ថា ពួក​គាត់​​បាន​ណាត់​ជួប​គ្នា​មុន​ពេល​បេសកកម្ម​ទៅ​បរទេស។

​ទោះ​ជា​​កន្លែង​សិក្សា​​ឆ្ងាយ​ពី​គ្នា​ក៏​ពួក​គេ​បន្ត​ទាក់​ទង​គ្នា រហូត​ទំនាក់​ទំនង​កាន់​តែ​ស៊ី​ជម្រៅ។ ​ក្នុង​ខែ​ធ្នូ ឆ្នាំ ២០១៣ លោក Komuro ​ធ្លាប់​សុុំ​រៀបការ​ដោយ​និយាយ​ថា "នៅ​ពេល​អនាគត យើង​រៀបការ​នឹង​គ្នា​​បាន​ទេ?”

យោង​ទៅ​តាម​ច្បាប់​របស់​​អធិរាជ Imperial House Law ​ព្រះ​នាង​ Mako ជា​បុត្រី​​ច្បង​​ព្រះអង្គ​ម្ចាស់​ អាគីហ៊ីណូ និង​​ម្ចាស់ក្សត្រី គីកូ នឹង​ត្រូវ​បោះ​បង់​ខ្សែ​រាជវង្ស​ ដើម្បី​រៀប​អភិសេក​នឹង​​រាស្ត្រ​សាមញ្ញ។ ព្រះ​នាង​នឹង​ត្រូវ​ចុះ​ឈ្មោះ​ជា​ពល​រដ្ឋ​ធម្មតា ​ផ្ដល់​សិទ្ធិ​ឲ្យ​ដូច​​រាស្ត្រ​ទូទៅ និង​សិទ្ធិ​បោះ​ឆ្នោត​ទៀត​ផង។

បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​ពី ICU ក្នុង​ឆ្នាំ ២០១៤ ​ព្រះនាង​ Mako ​បាន​បញ្ចប់​​ថ្នាក់​​អនុបណ្ឌិត​​ផ្នែក​សារមន្ទីរ​សិល្បៈ និង​វិចិត្រសាល​ នៅ​សាកល​វិទ្យាល័យ Leicester ក្នុង​ប្រទេស​អង់គ្លេស។ បច្ចុប្បន្ន ជា​អ្នក​ស្រាវជ្រាវ​នៅ​សារមន្ទីរ​មួយ​ក្នុង​សាកល​វិទ្យាល័យ​តូក្យូ។

ចំណែក ​លោក Komuro ​​ធ្វើ​ការ​ក្នុង​​ក្រុមហ៊ុន​ច្បាប់ ​ចាប់​តាំង​ពី​កំពុង​សិក្សា​ផ្នែក​​ច្បាប់​ពាណិជ្ជកម្ម​នៅ​​សាកល​វិទ្យាល័យ Hitotsubashi។ គាត់​រស់​នៅ​ជាមួយ​ម្ដាយ​មេម៉ាយ និង​​ជីតា​នៅ​តំបន់ Yokhama។ ក្នុង​ឆ្នាំ ២០១០ គាត់​​បម្រើ​ការ​ជា​អ្នក​ផ្សព្វផ្សាយ​​ទេសចរណ៍​ឲ្យ​​ទីក្រុង Fujisawa តំបន់ Kanagawa រហូត​គាត់​មាន​ងារ​ជា Prince of the Sea ផងដែរ៕

ចុចអាន៖

ប្រភព៖ Japantimes   ប្រែ​សម្រួល៖ ឡេង ភារុណ