ពីរ​នាក់​បាន​ហើយ! ៦ កន្លែង ល្អ​បំផុត បើ​ចង់​ទៅ​ក្រេប​ទឹក​ឃ្មុំ​នៅ​ខ្មែរ​ឲ្យ​រ៉ូមែនទិក

  • 2018-02-09 05:14:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 45

ចន្លោះមិនឃើញ

អ្នក​រៀបការ​រួច បើ​មាន​លុយ ភាគ​ច្រើន​ប្រាកដ​ជា​សម្លឹង​មើល​គោលដៅ​ដើរ​លេង​ក្រេប​ទឹក​ឃ្មុំ​នៅ​ក្រៅ​ប្រទេស​ជា​មិន​ខាន ព្រោះ​គេ​ចង់​សាក​របស់​ថ្មីៗ និង​ប្លែក​ភ្នែក​នៅ​ពិភព​ខាង​ក្រៅ។ ប៉ុន្តែ គោលដៅ​នៅ​ស្រុក​ខ្មែរ ក៏​មិន​ណយ​ដែរ។ Sabay នឹង​លើក​យក​ទីតាំង Honeymoon ទាំង ៦ នៅ​ស្រុក​ខ្មែរ​ឲ្យ​ស្គាល់​នឹង​គេ​វិញ​ម្ដង៖

១. 4 Rivers Floating Lodge

4 Rivers Floating Lodge ជា​រមណីយដ្ឋាន​អណ្ដែត​ទឹក​ស្ថិត​ក្នុង​ធម្មជាតិ​មាន​ព្រៃ​បៃតង​ហ៊ុម​ជុំ​ជិត នៅ តាតៃ ខេត្ត​កោះកុង ហើយ​ទទួល​បាន​ចំណាត់​ថ្នាក់ Rating ៩,៩ ឯណោះ សម្រាប់​ការ​ស្នាក់​នៅ ២ នាក់​ពី Trip Advisor។

ក្រៅ​ពី​ទេសភាព​ព្រៃ​ភ្នំ​ស្អាតៗ អម​ដោយ​​ទិដ្ឋភាព​ទឹក​ទន្លេ អ្នក​អាច​ទៅ​លេង​កន្លែង​ល្បីៗ​ជា​ច្រើន​ដូចជា ទឹក​ធ្លាក់​តាតៃ ស្ទូច​ត្រី ឬ​ចែវ​ទូក​លេង ជិះ​ទូក​មើល​ថ្ងៃ​លិច កោះ​អណ្ដែត ដើរ​ព្រៃ ភ្នំ​តាគាវ និង​កោះកុង​ក្នុង ដែល​អាច​អ្នក​មើល​ព្រៃ​កោងកាង និង​ជីវភាព​រស់​នៅ​របស់​សហគមន៍​អ្នក​នេសាទ។

កញ្ចប់​ទេសចរណ៍​ទាំង​នេះ មាន​រៀបចំ​មួយ​កំផ្លេ​ដោយ 4 Rivers Floating Lodge។ ចំពោះ​តម្លៃ​ស្នាក់​នៅ​វិញ​ចាប់​ពី ២០០ ដុល្លារ ឡើង​ទៅ​ក្នុង​មួយ​យប់។

២. កោះ​សង្សារ

គ្រាន់​តែ​លើ​ឈ្មោះ​កោះ​ឯកជន​ស្ថិត​ក្នុង​ទឹក​ដី​ក្រុង​ព្រះសីហនុ​មួយ​នេះ​ភ្លាម ជឿ​ជាក់​ថា ភាគ​ច្រើន​ប្រាកដ​ជា​ស្គាល់​ដោយ​មិន​បាច់​រៀប​រាប់​ច្រើន។ ទាំង​ទេសភាព ទាំង​សេវាកម្ម ទាំង​បរិយាកាស​ផង​នោះ ស័ក្ដិសម​សម្រាប់​ដំណើរ​កម្សាន្ត​ក្រេប​ទឹក​ឃ្មុំ​របស់​អ្នក ហើយ​អ្នក​ខ្លះ​ក៏​បាន​ហៅ​កន្លែង​នេះ​ថា​ជា Maldives ខ្មែរ​ផង​ដែរ។

ចំពោះ​តម្លៃ​វិញ គឺ​សម្រាប់​អ្នក​មាន​លុយ​តែ​ម្ដង ដោយ​មួយ​យប់​ដល់​ទៅ​ជាង ១ ពាន់​ដុល្លារ ឯណោះ។

៣. The Royal Sands

Resort ស្ថិត​នៅ​លើ​កោះរ៉ុង​មួយ​នេះ ទើប​តែ​បើក​បាន​មិន​យូរ​ប៉ុន្មាន​ទេ តែ​ក៏​មិន​ណយ​ដែរ ទាំង​ការ​រៀបចំ​ទូទៅ ម្ហូប​អាហារ ទេសភាព​ជា​ដើម មិន​ចាញ់​កោះ​សង្សារ​ណាស់​ណា​ទេ ហើយ​បន្ទប់​វិញ​មាន​ច្រើន​ប្រភេទ បន្ទប់​ខ្លះ​មាន​អាង​ទឹក​ដាច់​ដោយ​ឡែក ព្រម​ទាំង​អាច​មើល​ទេសភាព​មាត់​សមុទ្រ​ពេល​ក្រោក​ពី​ដំណេក​បាន​យ៉ាង​ងាយ​ផង​ដែរ។

នៅ​ទី​នោះ អ្នក​អាច​មុជ​ទឹក​មើល​ផ្កា​ថ្ម ស្ទូច​ត្រី ជិះ​ទូក​កៃយ៉ាក់ ជិះ​ទូក​ក្ដោង​បើ​ចង់ ជិះ​ម៉ូតូ​ឡើង​ភ្នំ ជា​ដើម។ ចំពោះ​តម្លៃ​ស្នាក់​នៅ​វិញ​ចាប់​ពី ២៥០ ដុល្លារ ក្នុង​មួយ​យប់។

៤. Park Hyatt Resort

ខេត្ត​សៀមរាប កំពុង​ក្លាយ​ជា​ទិសដៅ​ពេញ​និយម​សម្រាប់​អ្នក​រៀប​ការ​រួច​ទៅ​ដើរ​លេង និង​ក្រេប​ទឹក​ឃ្មុំ​នៅ​ទី​នោះ ព្រោះ​មាន​កន្លែង​ជា​ច្រើន​ដែល​រៀប​រាប់​ស្ទើរ​មិន​អស់។

បើ​អ្នក​ប្រាកដ​ជា​ទៅ​ក្រេប​ទឹក​ឃ្មុំ​នៅ​​ខេត្ត​សៀមរាប មែន​នោះ អ្នក​មិន​គួរ​រំលង Park Hyatt Resort មួយ​នេះ​ឡើយ ព្រោះ Park Hyatt ជា​កន្លែង​ស្នាក់​នៅ​បែប High Class មួយ​ដែល​​ក្រៅ​ពី​ការ​រៀបចំ​បន្ទប់​ដ៏​ស្រស់​ស្អាត ក៏​មាន​បន្ទប់​ហ៊ុមព័ទ្ធ​ដោយ​សួន​ច្បារ និង​អាង​ហែល​ទឹក​ដាច់​ដោយ​ឡែក​លក្ខណៈ​ឯកជន​ផង​ដែរ។

សម្រាប់​តម្លៃ​ស្នាក់​នៅ​វិញ​ចាប់​ពី ២០០ ដុល្លារ ឡើង​ទៅ​ក្នុង​មួយ​យប់។

៥. ថ្ងៃ​បាំង​ឆត្រ

វីឡា​នៅ Resort មួយ​នេះ សង់​តាំង​ទសវត្សរ៍​ឆ្នាំ ១៩៥០ មក​ម្ល៉េះ ពោល​គឺ​ជំនាន់​បារាំង។ បន្ទប់​សរុប​មាន ១៨ បន្ទប់ ដេគ័រ​ដោយ​​ប្រើវត្ថុ​បុរាណ​ក្នុង​ស្រុក និង​របស់​ធ្វើ​ពី​ដៃ។

Resort លក្ខណៈ​ឯកជន​មួយ​នេះ ស័ក្ដិសម​សម្រាប់​គូ​ស្នេហ៍​មក​ក្រេប​ទឹក​ឃ្មុំ ខណៈ​ដែល​​ការ​ រៀប​ចំ​តុប​តែង និង​សេវាកម្ម​កន្លែង​នេះ​ល្អ ដល់​ថ្នាក់​​មាន​អ្នក​ខ្លះ​ហ៊ាន​ចំណាយ​រៀបការ​នៅ​ទី​នោះ​ទៀត​ផង។

ក្រៅ​ពី​បន្ទប់​អាច​មើល​ផ្ទៃ​សមុទ្រ​បាន អាង​ហែល​ទឹក ញ៉ាំ​អាហារ​តែ ២ នាក់​នៅ​លើ​ស្ពាន​ឈើ​លើ​សមុទ្រ និង​ទេសភាព​ស្អាតៗ​ជា​ច្រើន​ក្នុង Resort ខេត្ត​កែប​មួយ​នេះ ថ្ងៃ​បាំងឆត្រ ក៏​មាន​ជា​កញ្ចប់​សេវាកម្ម​សម្រាប់​ក្រេប​ទឹក​ឃ្មុំ​ផង​ដែរ ដោយ​មាន​តម្លៃ​ចាប់​ពី ៥០០ ដុល្លារ ឡើង​ទៅ។

៦. Mayura Hill Hotel & Resort

ដែល​ស្គាល់​អារម្មណ៍​​ក្រោ​ក​ពី​គេង​ឡើង បើក​ភ្នែក​ឃើញ​ទេសភាព​វាល​ភ្នំ​ពណ៌​ខៀវ​ស្រងាត់​ដែរ​អត់? អារម្មណ៍​ហ្នឹង ស្រស់​ថ្លា មាន​កម្លាំង​ពេញ​តែ​ម្ដង។

ទាំង​នេះ មាន​នៅ Mayura Hill Hotel & Resort ខេត្ត​មណ្ឌល​គិរី! Resort មួយ​នេះ មាន​បន្ទប់​រៀបចំ​សម្រាប់​ក្រេប​ទឹក​ឃ្មុំ​ដាច់ៗ​ដោយ​ឡែក​លក្ខណៈ​ឯកជន​ពេញ​ទំហឹង អាង​ហែល​ទឹក​នៅ​លើ​ភ្នំ អាហារ​ឆ្ងាញ់​ៗ និង​កញ្ចប់​សេវាកម្ម​នាំ​ដើរ​លេង​ក្នុង​ខេត្ត​ភាគ​ឦសាន​នេះ ដូចជា ទឹក​ជ្រោះ​ប៊ូស្រា ជិះ​ខ្សែ​រ៉ត​នៅ​ទឹកជ្រោះ ទៅ​មើល​ដំរី និង​ទៅ​លេង​ភូមិ​ជនជាតិ ជា​ដើម។

សម្រាប់​ការ​ស្នាក់​នៅ​វិញ តម្លៃ​ចាប់​ពី ១០៨ ដុល្លារ ឡើង​ទៅ​ក្នុង​មួយ​យប់៕


អត្ថបទ៖ វិទូ