បើមិនចង់ស៊យធំ ហាមធ្វើរឿងទាំងនេះដាច់ខាត នៅថ្ងៃចូលឆ្នាំចិន និងអំឡុងបុណ្យនិទាឃៈរដូវ ១៥ ថ្ងៃ

  • 2018-02-12 03:44:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុណ្យ​ចូល​ឆ្នាំ​ចិន (Chinese New Year ឬ Lunar New Year) និង បុណ្យ​និទាឃៈរដូវ (Spring Festival) គឺ​ជា​ពេល​វេលា​សម្រាប់​ជួបជុំ​មនុស្ស​ជា​ទី​ស្រលាញ់ , ប្រពៃណី​ដ៏​សម្បូរ​បែប , ម្ហូប​អាហារ​ដ៏​ឈ្ងុយ​ឆ្ងាញ់ , ការដង្ហែក្បួន និង រឿង​រ៉ាវ​ជា​ច្រើន​ទៀត​បាន​កើត​ឡើង។ ជនជាតិ​ចិន ជឿជាក់​យ៉ាង​ខ្លាំងក្លា​លើ​អប្បិយជំនឿ និង​សំណាង ជា​ពិសេស​នៅ​ក្នុង​អំឡុង​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី។

ប្រជាជន​ចិន​ជឿជាក់​ថា វា​ជា​ការ​ចាប់ផ្ដើម​នៃ​ឆ្នាំ​ថ្មី ដូច្នេះ​អ្វី​ដែល​អ្នក​ធ្វើ នឹង​ជះ​ឥទ្ធិពល​លើ​សំណាង​របស់​អ្នក នៅ​ក្នុង​ឆ្នាំ​ថ្មី​នេះ។ មាន​រឿង​ជា​ច្រើន ដែល​អ្នក​មិន​គួរ​ធ្វើ។

បម្រាម​បែប​ប្រពៃណី​ចិន​ជាច្រើន ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយ​នឹង ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី ប៉ុន្តែ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បម្រាម​មួយ​ចំនួន​ត្រូវ​បាន​គេ​បោះ​បង់​ចោល ជា​ពិសេស​ក្នុង​ចំណោម​ប្រជាជន​រស់​នៅ​តាម​ទីក្រុង នា​សម័យ​ទំនើប និង​ក្មេង​ជំនាន់​ក្រោយ​តែ​ម្តង។

ខាង​ក្រោម​នេះ គឺ​ជា​បម្រាម​ដែល​អ្នក​មិន​គួរ​ធ្វើ​ដាច់​ខាត នៅ​ថ្ងៃ​ចូល​ឆ្នាំ​ចិន និង​អំឡុង​រដូវ​បុណ្យ​និទាឃៈរដូវ រយៈ​ពេល​១៥​ថ្ងៃ (ពី​ថ្ងៃ​ទី​១ ដល់ ថ្ងៃ​ទី​១៥ គិត​តាម​ថ្ងៃ​ច័ន្ទ​គតិ​ចិន)

បម្រាម​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ចិន

#១ កុំ​បោស ឬ​យក​សំរាម​ទៅ​ចោល

ការ​បោស​សំរាម តំណាង​ឲ្យ​បោស​ទ្រព្យសម្បត្តិ​ចេញ​ពី​ផ្ទះ។ បើ​បោស​សំរាម​ពេល​ចូល​ឆ្នាំ​ចិន ត្រូវ​បោស​ចូល​ក្នុង​ និង​កើប​ទុក​មួយ​កន្លែង​សិន ចាំ​យក​ទៅ​ចោល​ពេល​ចប់​ពិធី។ ចំណែក​ឯ​ការ​បោះ​ចោល​សំរាម ក៏​តំណាង​ឲ្យ​បោះ​ចោល​សំណាង ឬ ឱកាស​ល្អ​ចេញ​ពី​ផ្ទះ​ដែរ។

#២ ហាម​ទទួល​ទាន​បបរ សម្រាប់​អាហារ​ពេល​ព្រឹក

បបរ ត្រូវ​បាន​គេ​ចាត់​ទុក​ថា មាន​តែ​ប្រជាជន​ក្រីក្រ​ប៉ុណ្ណោះ ដែល​ទទួល​ទាន​វា ជា​អាហារ​ពេល​ព្រឹក។ ចំណែក​ឯ​ការ​មិន​ទទួលទាន​សាច់ គឺ​ដើម្បី​គោរព​ដល់​ព្រះពុទ្ធ ដែល​មិន​ប្រព្រឹត្តិ​អំពើ​កាប់​សម្លាប់។

#៣ មិន​គួរ​ធ្វើ​ការងារ​ដេរ​ប៉ាក់​ឡើយ

ការ​ប្រើប្រាស់​កាំបិត និង កន្ត្រៃ ត្រូវ​ធ្វើ​យ៉ាង​ណា ជៀស​ឲ្យ​ផុត​ពី​គ្រោះថ្នាក់​ណា​មួយ បើ​មិន​ដូច្នេះ​ទេ នឹង​នាំ​ឲ្យ​មាន​រឿង​អពមង្គល និង បាត់​បង់​ទ្រព្យសម្បត្តិ ជា​មិន​ខាន។

#៤ ហាម​កក់​សក់

ការ​កក់​សក់​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ចិន ត្រូវ​បាន​គេ​ជឿជាក់​ថា នឹង​លាង​សម្អាត​សំណាង​ល្អ​របស់​អ្នក​ចេញ​ដូច​គ្នា។ ពាក្យ «សក់» (Hair ឬ 发 / fā) មាន​ការ​បញ្ចេញ​សំឡេង​ដូច​ទៅ​នឹង ពាក្យ «លាភ​សំណាង» ( Fortune ឬ 发财 / fācái) ដែរ។

#៥ ហាម​ទិញ​សៀវភៅ

ការ​ទិញ​សៀវភៅ​ថ្មី​ក្នុង​អំឡុង​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី នឹង​ធ្វើ​ឲ្យ​អ្នក​បាត់​បង់​សំណាង​ល្អ។ ពាក្យ «សៀវភៅ» (Book ឬ 书 / shū) មាន​សូរ​សំឡេង​ដូច​ពាក្យ​ថា «បាត់បង់» (Lose ឬ 失去 / shīqù)។

#៦ ហាម​ទិញ​ស្បែកជើង

គេ​ជឿជាក់​ថា ការ​ទិញ​ស្បែក​ជើង​នៅ​ក្នុង​អំឡុង​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី នឹង​ធ្វើ​ឲ្យ​អ្នក​ជួប​ការ​លំបាក​ច្រើន។ ពាក្យ «ស្បែកជើង» (Shoe) នៅ​ក្នុង​ភាសា​ចិន​កាតាំង​មាន​សូរ​សំឡេង​ស្រដៀង​នឹង​ពាក្យ «លំបាក» ខណៈ​ភាសា​ចិន​មាន​សូរ​សំឡេង​ស្រដៀង​នឹង​ពាក្យ «បិសាច»។

បម្រាម​អំឡុង​រដូវ​បុណ្យ​និទាឃៈរដូវ ១៥ ថ្ងៃ (ពីថ្ងៃទី១ ដល់ ថ្ងៃទី១៥ គិត​តាម​ថ្ងៃ​ច័ន្ទ​គតិ​ចិន)

#១ ហាម​យំ៖ នាំ​ឲ្យ​មាន​សំណាង​អាក្រក់

#២ ហាម​ធ្វើ​ឲ្យ​បែក​ចាន៖ នាំ​ឲ្យ​មាន​សំណាង​អាក្រក់

#៣ ហាម​ប្រើ​កន្ត្រៃ និង កាំបិត៖ វា​កាត់​ទ្រព្យសម្បត្តិ

#៤ ហាម​ខ្ចី ឬ​ឲ្យ​គេ​ខ្ចី​លុយ៖ នាំ​ឲ្យ​មាន​បំណុល​ជាប់​ខ្លួន

#៥ ហាម​សម្លាប់ (រួម​ទាំង​សត្វ)៖ នាំ​ឲ្យ​មាន​គ្រោះ​អកុសល

#៦ ហាម​ស្លៀកពាក់​ស ឬ ខ្មៅ៖ ពណ៌​ដែល​នាំ​សំណាង​អាក្រក់

#៧ ហាម​មិន​ឲ្យ​មាន​ចោរ​លួច៖ ឲ្យ​ប្រផ្នូល​អាក្រក់​ថា ទ្រព្យសម្បត្តិ​នឹង​ត្រូវ​ចោរ​លួច​នៅ​ក្នុង​ឆ្នាំ​ថ្មី

#៨ ហាម​មិន​ឲ្យ​ពាង​អង្ករ​ទទេ៖ ឲ្យ​ប្រផ្នូល​ថា អាច​កើត​មាន​ជំងឺ​នៅ​ក្នុង​ឆ្នាំ​ថ្មី

ចុច​អាន៖

ប្រភព៖ Nexshark | China Highlights   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី