“Winchester” មក​​ដឹង​ពី​ហេតុការណ៍​ពិត​នៃ​ផ្ទះ​ខ្មោច​សង់​ (វីដេអូ​វិភាគ)

  • 2018-02-12 08:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“Winchester” គឺ​ជា​ភាពយន្ត​បែប​រន្ធត់​ លង​បន្លាច​និង​អាថ៌កំបាំង​ ដែល​ជា​ស្នាដៃ​របស់​បងប្អូន​ត្រកូល Spierig លោក Michael Spierig និង​ Peter Spierig ឬ​ "The Spierig Brothers” ដែល​ជា​អ្នក​ពី​ក្រោយ​ភាពយន្ត​ល្បីៗ​ជា​ច្រើន​ដូច​ជា "Jigsaw”, “Day Breaker” និង "Pedestrian” ជា​ដើម។

ភាពយន្ត​នេះ​និយាយ​អំពី​ភូមិគ្រឹះ​មួយ​មាន​ទីតាំង​នៅ San Jose រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក​មាន​ឈ្មោះ​ថា​ The Winchester Mansion ជា​កម្មសិទ្ធិ​របស់​របស់​ស្រ្ដី​មេម៉ាយ​ម្នាក់​ឈ្មោះ Sarah Winchester ដែល​បន្ត​មរតក​ពី​ស្វាមី​ដែល​ស្លាប់​លោក William Wirt Winchester។ ភូមិគ្រឹះ​នេះ​ចាប់​ផ្ដើម​សាង​សង់​តាំង​ពី​ឆ្នាំ ១៨៨៤​ មក​ម្ល៉េះ​ប៉ុន្តែ​ នៅ​ក្នុង​សាច់រឿង​ដែល​លើក​យក​និយាយ​គឺ​ជា​បណ្ដា​ហេតុការណ៍ កើត​ឡើង​អំឡុង​ឆ្នាំ ១៩០៨។

តួអង្គ​សំខាន់ៗ​ គឺ​មាន​ដូចជា​ អ្នក​ស្រី Hellen Mirren សម្ដែង​ជា​តួ​ Sarah Winchester លោក Jason Clarke សម្ដែង​ជា​តួអង្គ Dr. Eric Price, Sarah Snooke ជា​តួ​ Marion និង​ក្មេង​ប្រុស​ Finn Scicluna-O'Prey សម្ដែង​ជា​តួ​ Henry Marriott។ សាច់​រឿង​​ផ្ដោត​សំខាន់​ទៅ​លើ​ អ្នក​ស្រី Winchester ដែល​នាង​បាន​អះ​អាង​ថា​ តែង​តែ​ជួប​ជាមួយ​ព្រលឹង​ជា​ច្រើន​ ដែល​​ស្លាប់​ទៅ​ដោយ​សារ​តែ​អាវុធ​ផលិត​ចេញ​ដោយ​គ្រួសារ​ Winchester ហើយ​ព្យាយាម​មក​រក​នាង​ ដើម្បី​ឲ្យ​សាង​សង់​បន្ទប់​ផ្សេងៗ​នៅ​ក្នុង​ភូមិគ្រឹះ​នេះ​ ដើម្បី​អាច​ឲ្យ​ព្រលឹង​ទាំង​នោះ​រក​កន្លែង​ស្ងប់​សុខ​បាន។

ដូច្នេះ​ទើប​លោក​វេជ្ជបណ្ឌិត​ Eric Price ត្រូវ​បាន​គេ​ជួល​ឲ្យ​ទៅ​ស្នាក់​នៅ ភូមិគ្រឹះ​​ Winchester ដើម្បី​តាម​ដាន​សកម្មភាព​របស់​អ្នក​ស្រី Sarah Winchester ថា​តើ​នាង​មាន​បញ្ហា​សតិ​ឫ​អត់?​ ក្រោយ​ពេល​លោក​បាន​ទៅ​ដល់​ ពេល​នោះ​ទើប​លោក​បាន​ដឹង​ខ្លួន​ថា​ កំពុង​ស្នាក់​នៅ​ទី​កន្លែង​ដ៏​ចម្លែក​មួយ។ គ្រាន់​តែ​មក​ដល់​ភ្លាមៗ Eric ជួប​ប្រទះ​នឹង​រឿង​ហេតុ​ចម្លែក​ៗជា​ច្រើន​ ដែល​ធ្វើ​ឲ្យ​លោក​និង​អ្នក​ទស្សនា​ភ័យ​ចង់​លស់​ព្រលឹង​គ្រប់ៗ​គ្នា។

ប៉ុន្តែ​ភ្លាម​ៗ​នោះ​ Eric គិត​ថា​ខ្លួន​គ្រាន់​តែ​មាន​អារម្មណ៍​រវើរវាយ​តែ​ខ្លួន​ឯង​ ព្រោះ​តែ​ការ​ប្រើ​ប្រាស់​ថ្នាំ​រំងាប់​អារម្មណ៍​អស់​រយៈ​ពេល​ជា​យូរ​មក​ហើយ។ ដោយ​មិន​មាន​ការ​ភ័យ​ខ្លាច​ ដុកទ័រ​ម្នាក់​នេះ​ក៏​ខិត​ខំ​ប្រឹង​ប្រែង​ស្វែង​រក​អាថ៌កំបាំង​ផ្សេងៗ​នៅ​ក្នុង​ភូមិគ្រឹះ​នេះ ហើយ​ក៏​​បាន​ជួប​ជាមួយ​រឿង​មិន​គួរ​ឲ្យ​នឹក​ស្មាន​ដល់​​ជា​ច្រើន​។ ទី​បំផុត​លោក​និង​អ្នក​ស្រី​ Winchester ក៏​ត្រូវ​ប្រឈម​មុខ​នឹង​បញ្ហា​មួយ​ ដែល​ទាក់​ទង​ទៅ​ហ្នឹង​គ្រួសារ​ភូមិគ្រឹះ​នេះ​ទាំង​មូល​ ព្រម​ទាំង​គ្រួសារ​របស់​លោក​ដុកទ័រ​ Eric ផង​ដែរ។

ចំពោះ​មូល​ន័យ​ក្នុង​ភាពយន្ត​នេះ​វិញ គេ​បាន​​លើក​យក​ពី​បញ្ហា​គ្រួសារ​ ការ​ស្រលាញ់​ការ​លះ​បង់ និង​គំនុំ​សក​សឹក​ ដែល​ធ្វើ​ឲ្យ​មាន​ការ​ចង​គំនុំ​គុំកួន​ទៅ​បី​ជា​លា​ចាក​លោក​ទៅ​ហើយ​ក្ដី​។ ការ​សម្ដែង​របស់​អ្នក​ស្រី Hellen Mirren គឺ​ពិត​ជា​ល្អ​និង​បញ្ចូល​អារម្មណ៍​ ធ្វើ​ឲ្យ​អ្នក​ទស្សនា​ពេញ​ចិត្ត​នាង​គ្រប់​គ្នា នេះ​មិន​មែន​ជា​រឿង​ចម្លែក​ទេ ដោយ​សារ​តារា​ជើង​ចាស់​រូប​នេះ​ធ្លាប់​លើក​ពាន​អូស្ការ​ពី​មុន​រួច​មក​ហើយ។ ចំណែក​ឯ​ការ​សម្ដែង​របស់​លោក Jason Clarke ក៏​មិន​អន់​ប៉ុន្មាន​ដែរ ធ្វើ​ឲ្យ​ភាពយន្ត​នេះ​ជា​ភាពយន្ត​មួយ​ដែល​អ្នក​មិន​គួរ​រំលង។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ រឿង​នេះ​ក៏​មាន​ចំណុច​ខ្វះ​ខាត​ខ្លះៗ​ផង​ដែរ តួយ៉ាង​សាច់​រឿង​នៅ​មាន​កម្រិត​នៅ​ឡើយ​ បើ​ប្រៀប​ធៀប​ទៅ​នឹង​រឿង​ហេតុ​ពិត ដែល​បាន​ដក​ស្រង់​ចេញ​មក។ តួអង្គ Eric គឺ​មាន​លក្ខណៈ​មិន​ច្បាស់​លាស់​ និង​សមាជិក​គ្រួសារ​ពីរ​រូប​ទៀត​គឺ Marian និង Henry Marriott ហាក់​ដូច​ជា​មិន​មាន​អ្វី​គួរ​ឲ្យ​កត់​សម្គាល់​ពី​ក្នុង​សាច់​រឿង​ទាល់​តែ​សោះ។ ចំពោះ​ឯ​ឈុត​ឆាក​បន្លាច​វិញ គឺ​មាន​លក្ខណៈ​ដដែល​ៗ មិន​សូវ​ខុស​ពី​ភាពយន្ត​ដទៃ​ទៀត​​ ដែល​អាច​ឲ្យ​អ្នក​ភ្លេច​ពី​ឈុត​ឆាក​ទាំង​នោះ​ងាយ​ស្រួល​ ដោយ​មិន​មាន​អ្វី​គួរ​ឲ្យ​កត​ចំណាំ​ឬ​អស្ចារ្យ។

សរុប​សេចក្ដី​មក "Winchester” ជា​ភាពយន្ត​រន្ធត់​ដែល​មាន​ ស្ថាន​ភាព​ដក​ស្រង់​ចេញ​ពី​ហេតុការណ៍​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ ព្រម​ទាំង​មាន​ការ​រចនា​ឈុត​ឆាក​សម្ដែង​បាន​យ៉ាង​ល្អ​ប្រណិត។ ប្រសិន​ជា​ចង់​ដឹង​កាន់​តែ​ច្បាស់ លោក​អ្នក​អាច​ទៅ​ទស្សនា​បាន​នៅ​គ្រប់​រោង​កុន​នៅ​ទីក្រុង​ភ្នំពេញ៕

នេះ​ជា​វីដេអូ​វិភាគ៖

អាន​អត្ថបទ៖

អត្ថបទ៖ ធារ៉ូ