មានទៅអន់អី មេដាយអ្នកវិទ្យាសាស្ត្រនិងវិស្វករវ័យក្មេងឆ្នាំនេះ ស្រីៗវ៉ាដាច់!
- 2018-02-12 08:40:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានទៅអន់អី មេដាយអ្នកវិទ្យាសាស្ត្រនិងវិស្វករវ័យក្មេងឆ្នាំនេះ ស្រីៗវ៉ាដាច់!
ចន្លោះមិនឃើញ
យ៉ាងតិចមានជើងខ្លាំងជំនាញផ្នែកវិទ្យាសាស្ត្រ ៤ នាក់ត្រូវបានជ្រើសរើសជាជយលាភីមេដាយមាសក្នុងកម្មវិធីហុងដាសម្រាប់អ្នកវិទ្យាសាស្ត្រ និងវិស្វករវ័យក្មេងប្រចាំឆ្នាំ ២០១៧។
អ្វីដែលគួរចាប់អារម្មណ៍នោះគឺ មានតែនិស្សិតប្រុសម្នាក់គត់ដែលត្រូវបានជ្រើសរើសជាបេក្ខជនជយលាភីនៅឆ្នាំនេះ។ បើក្រឡេកទៅឆ្នាំកន្លងៗទៅពោលគឺ ភាគច្រើនជានិស្សិតប្រុស មិនសូវជាសំបូរនិស្សិតស្រីប៉ុន្មាននោះទេ។ ចុចមើលឈ្មោះបេក្ខជនជាប់ជំនាន់មុនៗ [នៅទីនេះ](http://www.hondafoundation.jp/yes/index_en/213 "")
ឆ្លងកាត់ជាច្រើនដំណាក់កាល គណៈកម្មការសម្រេចជ្រើសយកបេក្ខជន ៤ រូបខាងក្រោម៖
១) កញ្ញា ឡឹម ម៉េងស្រៀង ជានិស្សិតជំនាញឧស្សាហកម្មកសិកម្មមកពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម
២) កញ្ញា នី វួចនា និស្សិតជំនាញវិស្វកម្មចំណីអាហារមកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ITC
៣) កញ្ញា ចក់ ស៊ីម និស្សិតជំនាញឧស្សាហកម្មកសិកម្មមកពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម
៤) លោក ណា រិទ្ធី និស្សិតជំនាញវិស្វករទូរគមនាគមន៍និងអេឡិចត្រូនិក មកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
ចំណែកពានរង្វាន់កិត្តិយស ២ រូបទៀតបានទៅលើនិស្សិតជំនាញឧស្សាហកម្មកសិកម្មមកពីសាកលវិទ្យាល័យភូមិន្ទកសិកម្មទាំងពីរគឺ កញ្ញា រុន សុគន្ធ និងកញ្ញា លី សុខមករា។
តាមការឲ្យដឹងពីកញ្ញាវួចនា បេក្ខជនម្នាក់ក្នុងចំណោមជយលាភីទាំង ៤ រូបនិយាយថា៖ បេក្ខជនដែលជាប់ទទួលបានទឹកប្រាក់ចំនួន ៣ ០០០ ដុល្លារជាមួយសញ្ញាប័ត្របញ្ជាក់មួយសន្លឹកម្នាក់ នឹងមេដាយមាសម្នាក់មួយគ្រឿង។
ចំពោះវិញ្ញាសាប្រកួតប្រជែងពានរង្វាន់ ហុងដាសម្រាប់អ្នកវិទ្យាសាស្ត្រ និងវិស្វករវ័យក្មេងនៅឆ្នាំនេះ ទាក់ទងនឹងការប្រធានបទ STEM(វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា) ដែលតម្រូវឲ្យបេក្ខជនត្រូវលើកដំណើរគម្រោងស្រាវជ្រាវ(Research Proposal) ដើម្បីចូលរួមចំណែកក្នុងការសម្រេចគោលដៅរដ្ឋាភិបាល ឲ្យក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់។
កម្មវិធីពានរង្វាន់ហុងដាសម្រាប់អ្នកវិទ្យាសាស្ត្រ និងវិស្វករវ័យក្មេងប្រទេសកម្ពុជា បង្កើតឡើងនៅឆ្នាំ ២០០៨ បើគិតមកដល់ឆ្នាំនេះមានអាយុ ១០ ឆ្នាំហើយ ក្នុងនោះមានបេក្ខជនភេទស្រីជាប់សរុបចំនួន ១១ នាក់ ប៉ុណ្ណោះក្នុងចំណោមជយលាភីសរុបជាង ៤០ នាក់។
កម្មវិធីនេះបង្កើតឡើងដើម្បីលើកទឹកចិត្តដល់បុគ្គលដែលបានចូលរួមចំណែកនៅក្នុងវិស័យអេកូតិចណូឡូជី ជាពិសេសសម្រាប់និស្សិតនៅកម្ពុជានិងជំរុញអ្នកជំនាន់ក្រោយ ដែលនឹងអាចក្លាយជាអ្នកដឹកនាំនៅក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា៕
Like Page Sabay News Technology... ដើម្បីទទួលបានចំណេះដឹងជាច្រើនពីបច្ចេកវិទ្យា