បើពិសេសម្ល៉ឹងៗ ឆាយ វីរៈយុទ្ធ ម៉េចនឹងដាច់ចិត្តចាកចេញពីសាន់ដេ
- 2018-02-13 08:46:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើពិសេសម្ល៉ឹងៗ ឆាយ វីរៈយុទ្ធ ម៉េចនឹងដាច់ចិត្តចាកចេញពីសាន់ដេ
ចន្លោះមិនឃើញ
ឆ្លើយតបនឹងមតិលើកឡើងមួយចំនួនថា លោកអាចនឹងចាកចេញទៅកាន់ផលិតកម្មផ្សេង ជាពិសេស ហង្សមាស ដែលតារាសាន់ដេជាច្រើនរូបបានចាកចេញទៅកាន់ផលិតកម្មដ៏ធំមួយនេះ តែយ៉ាងណាលោក ឆាយ វីរៈយុទ្ធ បានបញ្ជាក់ថា ត្រឹមម៉ោងនេះថ្ងៃនេះ សាន់ដេ គឺជាទ្រនំដ៏សុខសាន្តបំផុតសម្រាប់ខ្លួន ដែលមិនអាចចាកចេញបានទេ។
តារាចម្រៀងល្បីឈ្មោះរូបនេះ បន្តថា ភាពស្រស់ថ្លា និងសប្បាយរីករាយក្នុងទ្រនំសាន់ដេ ធ្វើឲ្យលោកមិនចង់ចាកចេញ ទៅកាន់ផលិតកម្មណាមួយទៀតនោះទេ។ ភាពសប្បាយរីករាយ ដោយសារលោក កំពុងមានបទចម្រៀងផ្ទុះជាច្រើនក្នុងផលិតកម្មមួយនេះ នាចុងឆ្នាំ២០១៧ និងដើមឆ្នាំ២០១៨ ហើយលោកកំពុងពង្រឹងខ្លាំងថែមទៀត ដើម្បីផ្គាប់ចិត្តអ្នកគាំទ្រ។
ទោះជាយ៉ាងណាក្ដី អតីតតារាចម្រៀង M និង Bigman បានបញ្ជាក់ថា អាចនឹងប្រែប្រួលខ្លះៗ ដោយមិនអាចមើលឃើញនោះទេ សម្រាប់ការផ្លាស់ប្ដូរទ្រនំនាថ្ងៃអនាគត។ ក៏ប៉ុន្តែសម្រាប់ពេលនេះ លោកចង់ផ្ដោតតែលើផលិតកម្ម សាន់ដេ មួយតែប៉ុណ្ណោះ។
លោក ឆាយ វីរៈយុទ្ធ សង្កត់ធ្ងន់ថា ការចាកចេញរបស់តារាចម្រៀងមួយចំនួនពីសាន់ដេ ទៅកាន់ផលិតកម្មផ្សេង ក៏ជាឱកាសសម្រាប់ខ្លួន ដើម្បីអាចក្រសោបទីផ្សារចម្រៀងបានខ្ពស់ថែមមួយកម្រិតទៀត។ ជាក់ស្ដែងមួយរយៈកន្លងមកនេះលោកទទួលស្គាល់ថា ទីផ្សារចម្រៀងរបស់លោកពិតជាមានការរីកចម្រើនខ្លាំងមែន។
ទន្ទឹមនឹងភាពសប្បាយរីករាយនឹងទីផ្សារចម្រៀងកើនឡើង លោក ឆាយ វីរៈយុទ្ធ ក៏មិនភ្លេចពីការពង្រឹងយុទ្ធសាស្ត្របន្ថែមដែរ ដូចជាចង្វាក់រាំ និងចម្រៀងបែបញាក់កន្ត្រាក់អារម្មណ៍ ដែលកំពុងទទួលការគាំទ្រខ្លាំង នៅតាមកម្មវីធីប្រគំតន្ត្រីនានា។
ក្រោយ ខេមរៈ សិរីមន្ត ចេញពីផលិតកម្ម សាន់ដេ លោក ឆាយ វីរៈយុទ្ធ ត្រូវ ទស្សនិកជនមើលឃើញថា គឺជាតារាចម្រៀងលេចធ្លោខ្លាំង នាចុងឆ្នាំ២០១៧ និងដើមឆ្នាំ២០១៨នេះ ព្រោះតែបទចម្រៀងជាច្រើន កំពុងទាក់ទាញការគាំទ្រពីទស្សនិកជន ធ្វើឱ្យទីផ្សាររបស់ហក់ឡើងខ្លាំង។ ម្យ៉ាងទៀតទន្ទឹមទីផ្សារចម្រៀងពុះកញ្រ្ជោលឡើង ថ្មីៗនេះលោកទើបក្លាយជាទូតសុឆន្ទៈរបស់ក្រុមហ៊ុនឡាន Chevrolet ដែលជាឡានល្បីឈ្មោះរបស់សហរដ្ឋអាមេរិក ហើយធ្វើឱ្យលោកទទួលបានកម្រៃពីការឈរឈ្មោះនេះជិត ១០ម៉ឺនដុល្លារ៕