វីរបុរស​បាល់​ទាត់​ដ៏​ល្បី​ឈ្មោះ​មួយ​រូប ទទូច​ឲ្យ Rashford ចេញ​ពី Man Utd !

  • 2018-02-13 11:37:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីរបុរស​បាល់ទាត់ Thierry Henry ក្នុង​ថ្ងៃ​នេះ បាន​ទទូច​ឲ្យ​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង Marcus Rashford ពិចារណា​ពី​អនាគត​ខ្លួន​នៅ Manchester United បន្ទាប់​ពី​កីឡាករ​សញ្ជាតិ​អង់គ្លេស​មិន​សូវ​បាន​លេង​ជាប់​លាប់​មួយ​រយៈ​ចុង​ក្រោយ​នេះ។

អតីត​ខ្សែ​ប្រយុទ្ធ​ឆ្នើម Henry បាន​ថ្លែង​ប្រាប់​សារព័ត៌មាន Sky Sports ថា៖ "ចំពោះ​ខ្ញុំ រឿង​សំខាន់​បំផុត​សម្រាប់​កីឡាករ​បាល់​ទាត់ គឺ​លេង​ឲ្យ​បាន​ទៀងទាត់។ ក្នុង​ករណី Rashford ខ្ញុំ​គិត​ថា វា​មិន​មែន​ជា​បច្ច័យ​ល្អ​ទេ ដែល​គេ​ចំណាយ​ពេល​ជា​ច្រើន​របស់​គេ លើ​កៅអី​បម្រុង ហើយ​មិន​បាន​ចូល​លេង​ជា​ច្រើន​ប្រកួតអ៊ីចឹង"។

វីរបុរស​បាល់ទាត់​សញ្ជាតិ​បារាំង​រូប​នេះ បន្ត៖ "ពាក្យ​ថា ចាក​ចេញ មើល​ទៅ​ដូច​ជា​ធ្ងន់​ពេក ព្រោះ​តាម​ខ្ញុំ​មើល​ទៅ Rashford ចង់​លេង​ឲ្យ Manchester United។ ទោះ​ជា​យ៉ាង​ណា នៅ​ពេល​ចប់​រដូវ​កាល​នេះ គេ​គួរ​តែ​សួរ​ខ្លួន​ឯង ទៅ​ថា បើ​នៅ​បាន​ប្រយោជន៍​អី បើ​មិន​បាន​លេង​ជាប់​លាប់​ដូច្នេះ"។

សូម​បញ្ជាក់​ផង​ដែរ តាំង​ពី​លោក Jose Mourinho ក្លាយ​ជា​អ្នក​ចាត់​ការ​ក្លឹប​បិសាច​ក្រហម​កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ ២០១៦ មក ខ្សែ​ប្រយុទ្ធ Rashford ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​កីឡាករ​សំណព្វ​ចិត្ត​របស់​លោក ដោយ​ខ្សែ​ប្រយុទ្ធ​អង់គ្លេស​ត្រូវ​បាន​លោក​សរសើរ​ជា​រឿយៗ និង​បាន​ដាក់​ឲ្យ​ចូល​លេង​ជា​ច្រើន​ប្រកួត។

ទោះ​ជា​យ៉ាង​ណា តាំង​ពី​ចូល​ឆ្នាំ ២០១៨​មក ជា​ពិសេស​ក្រោយ​ខ្សែ​ប្រយុទ្ធ Alexis Sanchez បាន​មក​ចូល​រួម​ជាមួយ​ក្លឹប​បិសាច​ក្រហម Rashford មិន​សូវ​បាន​លេង​ជាប់​លាប់​នោះ​ទេ ដោយ​ភាគ​ច្រើន​លេង​ជា​កីឡាករ​បម្រុង៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម