មោទនភាព​ ក្រុង​សៀមរាប​យើង ទទួល​បាន​ជយលាភី​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​ឆ្នាំ២០១៨

  • 2018-02-14 13:23:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ពុធ​ ​ទី​១៤ឆ្នាំ២០១៨​នេះ បើ​តាម​ទំព័រ​រដ្ឋបាល​ខេត្ត​សៀមរាប បាន​ឲ្យ​ដឹង​ថា ខេត្ត​នៃ​ទឹក​ដី​អង្គរ​យើង ទទួល​បាន​ជយលាភី​ទីក្រុង​ទេសចរណ៍​ស្អាត​ អាស៊ាន​២០១៨។

ដោយ​ការ​រីក​ចម្រើន​នូវ​សេដ្ឋកិច្ច​របស់ ប្រទេស​កម្ពុជា ជាមួយ​គ្នា​នេះ​ដែរ ខេត្ត​សៀមរាប ក៏​មាន​ការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ក្នុង​នោះ វិស័យ​ដែល​លេច​ធ្លោ​ជាង​គេ​គឺ​វិស័យ​ទេសចរណ៍​ ដោយ​ហេតុ​ថា​ខេត្ត​សៀមរាប គឺ​ជា​ទឹក​ដី​នៃ​សម្បត្តិ បេតិកភណ្ឌ​វប្បធម៌​ពិភពលោក ដ៏​អស្ចារ្យ ដែល​ជា​ស្នាដៃ​ឯក​បន្សល់​ទុក​ពី​បុព្វ​បុរស ខ្មែរ​យើង និង​ជា​ទឹក​ដី​ពោរពេញ​ទៅ​ដោយ រមណីយដ្ឋាន ទេសចរណ៍ វប្បធម៌ និង​ប្រវត្តិ​សាស្ត្រ​ធម្មជាតិ ដ៏​ចម្រើន​សន្ធឹក​សន្ធាប់ ដែល​ជំរុញ ឲ្យ​តំបន់​សៀម​រាប អង្គរ​នេះ ក្លាយ​ជា​ទិសដៅ​ទេសចរណ៍​ដ៏​ទាក់ទាញ សម្រាប់​ភ្ញៀវ ទេសចរ ជាតិ-អន្តរជាតិ គ្រប់ មជ្ឈដ្ឋាន​ជុំវិញ​ពិភព​លោក ។

នេះ​មិន​មែន​ជា​លើក​ទី​១​ទេ ដែល​ក្រុង​សៀមរាប ខេត្ត​សៀមរាប​ឈ្នះ​ពាន​រង្វាន់​គួរ​ឲ្យ​មោទនៈ ពោល​គឺ​ធ្លាប់​បាន​ទទួល​ជយលាភី​ពាន​រង្វាន់​មួយ​ចំនួន​រួច​មក​ហើយ​ដូចជា៖

រូបភាព៖ ទំព័រ​ហ្វេសប៊ុក​រដ្ឋបាល​ខេត្ត​សៀមរាប

-នៅ​ក្នុង​ឆ្នាំ២​០១៥ បាន​ជាប់​ចំណាត់​ថ្នាក់​ជា​ទីក្រុង​ស្អាត និង​ទទួល​បាន ផ្កា​រំដួល ៣ ទង -ឆ្នាំ២០១៥ ភ្នាក់ងារ​ប្រឹក្សា​យោបល់​ទេសចរណ៍ (Trip Advisor) បាន​ជ្រើសរើស​ខេត្ត​សៀមរាប​ជា គោល​ដៅ ទេសចរណ៍​ពេញ​និយម​លេខ​១ នៅ​អាស៊ី និង​លេខ២ នៅ​លើ​ពិភព​លោក ។ -ឆ្នាំ២០១៦ ភ្នាក់ងារ​ប្រឹក្សា​យោបល់​ទេសចរណ៍ Trip Advisor ក៏​បាន​ជ្រើសរើស​ខេត្ត​សៀមរាប ជា​គោលដៅ​ទេសចរណ៍​ដ៏​ល្អ​បំផុត​នៅ​អាស៊ី និង​បាន ជ្រើសរើស​ប្រាសាទ​អង្គរវត្ត​ជា​រមណីយដ្ឋាន​ទេសចរណ៍​ទាក់​ទាញ និង​ពេញ​និយម នៅ​អាស៊ី​ទៀត​ផង។

ក្រៅ​ពី​នេះ នៅ​មាន​ជយលាភី និង​ពានរង្វាន់​ផ្សេង​ៗ​ទៀត នា​ពេល​ថ្មីៗ​ដើម​ឆ្នាំ​២០១៨ សម្រាប់​ការ​ចូល​រួម​ចលនា​ប្រឡង​ប្រណាំង​ទី​ក្រុង ទេសចរណ៍​ស្អាត​អាស៊ាន​ឆ្នាំ ២០១៨-២០២០ ដែល​បាន​ប្រព្រឹត្ត​ទៅ​កាល ពី​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ២០១៨ នា​ឱកាស​នៃ​វេទិកា​ទេសចរណ៍​អាស៊ាន​ឆ្នាំ​២០១៨ នៅ​ទី​ក្រុង​ឈៀង​ម៉ៃ ប្រទេស​ថៃ។ គ្រា​នោះ គណៈកម្មាធិការ​ បាន​ពិនិត្យ វាយតម្លៃ និង​ផ្ដល់​ពិន្ទុ ក្រុង​សៀមរាប ទទួល​បាន​ជយលាភី​ជា​ទីក្រុង​ទេសចរណ៍ ស្អាត​អាស៊ាន ឆ្នាំ២០១៨៕

អត្ថបទ៖ ទារិកា