មិនដល់ពីរខែទៀតទេ កាណូតដឹកអ្នកដំណើរតាខ្មៅ-ព្រែកព្នៅ ពលរដ្ឋជិះយ៉ាងរំភើយ លែងខ្លាចស្ទះ
- 2018-02-18 03:33:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនដល់ពីរខែទៀតទេ កាណូតដឹកអ្នកដំណើរតាខ្មៅ-ព្រែកព្នៅ ពលរដ្ឋជិះយ៉ាងរំភើយ លែងខ្លាចស្ទះ
ចន្លោះមិនឃើញ
ក្រុមការងារសាងសង់កំពង់ផែបណ្តែតទឹករបស់ក្រសួងសាធារណការនិងដឹកជញ្ជូន កំពុងបន្តការសាងសង់ និងតម្លើងចំណតកំពង់ផែយ៉ាងសស្រាក់សស្រាំ។ ក្រុមការងារ បានសម្រុកធ្វើការងារនេះ ទាំងថ្ងៃទាំងយប់ ដើម្បីអាចដាក់ដំណើរការ ក្នុងការដឹកជញ្ជូនតាមផ្លូវទឹក នៅមុនថ្ងៃបុណ្យចូលឆ្នាំខ្មែរ នាខែមេសាខាងមុខ។
ការដឹកអ្នកដំណើរតាមផ្លូវទឹក ដែលនឹងដាក់ឲ្យដំណើរការជាលើកដំបូងនេះ គឺចាប់ពីព្រែកព្នៅ-រាជធានីភ្នំពេញ-ក្រុងតាខ្មៅ ខេត្តកណ្តាល។ កាណូតដឹកអ្នកដំណើរ២គ្រឿង នឹងដំណើរការដឹកអ្នកដំណើរតាមផ្លូវទឹកនេះ។ ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងសាងសង់កំពង់ផែចំនួន១៥កន្លែង ដើម្បីដឹកអ្នកដំណើរតាមផ្លូវទឹក ដែលមាននៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល។
សម្រាប់ចំណតនៅភ្នំពេញ រួមមាន៖ ទី១: គល់ស្ពានព្រែកព្នៅត្រើយខាងកើត (កំពុងពិចារណា) ទី២: គីឡូម៉ែត្រលេខ៦ ទី៣: ខាងមុខឃ្លាំងសាំងឬស្សីកែវជាប់នឹងទីលានប្រជាធិបតេយ្យថ្មី ទី៤: ផែបណ្ដែតមុខផ្សាររាត្រី ទី៥: កំពង់ចម្លងកោះពេជ្រ-អរីយ៍ក្សត្រ ទី៦: ភូមិដើមចាន់ ឬគល់ស្ពានក្បាលថ្នល់ខាងកើត ទី៧: ចំណតរថយន្តចាក់អង្រែក្រោម ទី៨: បាក់ខែង ត្រង់ផ្លូវបំបែកលី យ៉ុងផាត់ ទី៩: ទល់មុខផ្សារព្រែកលៀប (កំពង់ចម្លងព្រែកលៀប) ទី១០: ជាប់សណ្ឋាគារសុខាភ្នំពេញ ទី១១: ភូមិកោះនរា ទី១២: កំពង់ចម្លងក្តីតាកុយ និងទី១៣: កំពង់ចម្លងតាព្រហ្មមាត់ក្រសះ។
ដោយឡែក ចំណតកំពង់ផែនៅខេត្តកណ្តាលពីរកន្លែងទៀត ដែលគ្រោងតម្លើងដែរនោះ រួមមាន៖ ទី១: មុខវត្តព្រែកសំរោងក្រុងតាខ្មៅ (កំពុងពិចារណា) និងទី២: កំពង់ចម្លងរោងចក្រក្តាបន្ទះផ្លូវត្រី។
គម្រោងដឹកជញ្ជូនអ្នកដំណើរតាមជើងទឹកនេះ ត្រូវបានលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យឹងថា ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ នៅក្នុងរាជធានីភ្នំពេញ ព្រមទាំងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋផងដែរ។ នៅមុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ នាពាក់កណ្តាលខែមេសាខាងមុខនេះ ក្រសួងសាធារណការនិងដឹកជញ្ជូន ក៏នឹងដាក់ឲ្យដំណើរការរថភ្លើងដឹកអ្នកដំណើរពីស្ថានីយរថភ្លើង នៅខាងត្បូងសាលារាជធានីភ្នំពេញ ទៅមកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយបើកឲ្យប្រជាពលរដ្ឋជិះមិនគិតថ្លៃ រយៈពេល ៣ខែដំបូងផងដែរ៕