តម្បាញ​កន្ត្រក​ធាង​ត្នោត​ ជាមុខរបរ​ដូនតា របស់​អ្នកភូមិ​អង្គតានូ ស្រុកត្រាំកក់ ខេត្តតាកែវ

  • 2018-02-20 02:42:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ​នេះ​ក្រុម​ការងារ​ផ្លូវ​ទៅស្រុក​វគ្គ២ នឹង​បង្ហាញ​អំពី​ជីវិត​ប្រចាំថ្ងៃ​ របស់​អ្នក​ភូមិ​អង្គតានូ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ដែល​បាន​រក​ចំណូល​តាមរយៈ​​តម្បាញ​កន្ត្រក​ធាងត្នោត។ ចង់​ដឹង​ពី​របៀប​ធ្វើ​យ៉ាង​ណា​នោះ សូម​ទស្សនា​រូបភាព និង​ការ​រៀបរាប់​ត្រួសៗ នៅ​ខាង​ក្រោម​នេះ៖  

  1.  អ្នក​ស្រី មុំ សារ៉េម វ័យ ​៥០​ឆ្នាំ គឺ​ជា​អ្នក​ត្បាញ​កន្ត្រក​ធាង​ត្នោត​ម្នាក់ ក្នុង​ចំណោម​អ្នក​ត្បាញ​ជា​ច្រើន​នាក់ នៅ​ភូមិ​អង្គ​តានូ ឃុំ​លាយ​បូរ ស្រុក​ត្រាំ​កក់ ខេត្ត​តាកែវ​។ ក្រៅ​ពី​របរ​ធ្វើ​ស្រែ អ្នក​ស្រី​ត្បាញ​កន្ត្រក​ធាង​ត្នោត​លក់​ ជាង​៣០​ឆ្នាំ​មក​ហើយ​។  

  2.  ប្ដី​របស់​អ្នក​ស្រី មុំ សារ៉េម កំពុង​ឡើង​កាប់​ធាង​ត្នោត ​យក​ទៅ​ត្បាញ​ជា​កន្ត្រក​។ ដើម​ត្នោត​ទាំង​នោះ មិន​មែន​សុទ្ធ​តែ​ជា​របស់​អ្នក​ស្រី​នោះ​ទេ តែ​ដើម្បី​បាន​ ធាង​ត្នោត​​ ប្ដី​អ្នក​ស្រី​ សារ៉េម ត្រូវ​ជួយ​ឡើង​កាប់​ស្លឹក​ត្នោត​ឱ្យ​ម្ចាស់​ត្នោត​​ ដើម្បី​យក​ធាង​។

  3.  ធាង​ត្នោត​ដែល​យក​មក​ដល់​ផ្ទះ ត្រូវ​បាន​ពុស ច្រៀក ជា​ចម្រៀក​តូចៗ ដោយ​យក​ទាំង​ផ្នែក​ខ្នង​ និង​ពោះ​។ ដើម្បី​ត្បាញ​បាន​កន្ត្រក​មួយ គេ​ត្រូវ​ប្រើ​ធាង​ត្នោត​យ៉ាង​តិច​ពី ៧ ទៅ ១០ធាង។ នៅ​ក្នុង​រូប​នេះ ប្តី​អ្នក​ស្រី  មុំ សារ៉េម កំពុង​ពុស​ច្រៀក​ធាង​ត្នោត​ ដែល​គាត់​កាប់​ស្លឹក​ចេញ​រួច​រាល់​អស់​ហើយ​។

  4.   ចម្រៀក​ធាង​ត្នោត ​ដែល​បិត​ស្អាត​ហើយ ត្រូវ​យក​ទៅ​ហាល​ថ្ងៃ​ឱ្យ​ស្រពាប់ មុន​នឹង​ត្បាញ​ជា​កន្ត្រក​។ នៅ​ក្នុង​រូប​នេះ អ្នក​ស្រី មុំ សារ៉េម កំពុង​បិត​បន្ទោះ​ធាង​ត្នោត​ក្រោម​ដើម​ឈើ ចំហៀង​ផ្ទះ​អ្នក​ស្រី​។

  5.  ការ​ត្បាញ​កន្ត្រក​ធាង​ត្នោត​របស់​អ្នក ស្រី មុំ សារ៉េម  ក៏​ដូច​ជា​អ្នក​ភូមិ​អង្គ​តានូ ដែរ ច្រើន​ធ្វើ​ឡើង​ចន្លោះ​ពី​ខែ​កុម្ភៈ ដល់​ខែ ឧសភា​។ ក្នុង​មួយ​ថ្ងៃ​អ្នក​ស្រី​អាច​ត្បាញ​កន្ត្រក​បាន​ពី ១០​ទៅ ២០ក​ន្ត្រក ហើយ ក្នុង​មួយ​ខែ​ អ្នក​ស្រី​អាច​រក​ប្រាក់​ចំណូល​ពី​ការ​លក់​កន្ត្រក​នេះ ​ពី​២០​ម៉ឺន ទៅ ៥០​ម៉ឺន​រៀល​។

សូមចុចអាន៖

អត្ថបទ៖ ក្រុមការងារផ្លូវទៅស្រុក

អត្ថបទថ្មី