ស្ពាន៦កន្លែងវែងអន្លាយនៅកម្ពុជាឆ្លងប្រទេស សមុទ្រ បង្អួតសម្រស់មិនចាញ់គេឡើយ

  • 2018-02-23 07:17:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ប្រិយមិត្តដឹងទេថា ​ស្ពាន​ដ៏វែង​អន្លាយ​ លាត​សន្ធឹង ឆ្លង​​ខេត្ត ​ទន្លេ សមុទ្រ និងប្រទេសរបស់កម្ពុជាណាខ្លះមានសម្រស់ស្រស់ ដែល​បាន​សាងសង់​រួច និង​ស្ថិតនៅ​តំបន់​ណាខ្លះ​? ចំណាយ​ប៉ុន្មាន? និង​សាងសង់​នៅពេលណា​? សូម​អានអត្ថបទ​ខាងក្រោម​នេះ​ និងចូលរួម​ចែករំលែក​ទាំង​អស់គ្នា​៖

១. ស្ពាន​អ្នក​លឿង ឫ​ស្ពាន​ត្សឹបាសា

ស្ពាន​អ្នក​លឿង ឫ​ស្ពាន​ត្សឹបាសា ស្ថិត​នៅ​ខេត្ត​ព្រៃវែង ជា​ស្ពាន​ដែល​វែង​បំផុត​នៅ​កម្ពុជា​ទី១ មាន​ប្រវែង​សរុប ២២១៥​ម៉ែត្រ និង​ដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់​កាល​ពី​ថ្ងៃ​ទី០៦ ខែ​មេសា ឆ្នាំ​២០១៥ កន្លង​ទៅ ដោយ​ចំណាយ​អស់​ទឹក​ប្រាក់​សាង​សង់​អស់​ប្រមាណ ១២៧​លាន​ដុល្លារ​ជា​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន និង​១៩​លាន​ដុល្លារ​របស់​រដ្ឋាភិបាល​កម្ពុជា។

២. ស្ពាន​កោះកុងឆ្លងទៅប្រទេសថៃ

ស្ពាន​នេះមាន​ប្រវែង​សរុប​ចំនួន​១៩០០​ម៉្រែត ជា​ច្រក​សេដ្ឋកិច្ច​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​សម្រួល​ដល់ ការ​ដឹកជញ្ជូន​ទំនិញ​ទៅ​មក​រវាង​ប្រទេស​ទាំង​ពីរ ពិសេស​ជួយ​សម្រួល​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កោះកុង ពេល​មាន​ជំងឺ ឬ​ជួប​គ្រោះ​អាសន្ន​ផ្សេងៗ​ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ​ជា​បន្ទាន់។ កាល​ពី​ថ្មី​ៗ​នេះ​រដ្ឋាកម្ពុជា​បាន​សម្រេច​ទិញ​យក​ស្ពាន​កោះកុង​នេះ មក​គ្រប់គ្រង​វិញ ដោយ​ប្រជាពលរដ្ឋ​មិន​ចាំបាច់​បង់​ប្រាក់​ពេល​ឆ្លង​កាត់​ទៀត​ឡើយ។

៣. ស្ពានស្ទឹងត្រែងភ្ជាប់ទៅ​ខេត្តព្រះវិហារ​​

ស្ពាន​ឆ្លងកាត់​ទ​ន្លេ​មេគង្គ​ពី​ខេត្ត​ស្ទឹងត្រែង​ត​ភ្ជាប់​ទៅ​ស្រុក​ត្បែង​មាន​ជ័​យ ខេត្ត​ព្រះវិហារ មាន​​ប្រវែងជាង ១ ៧០០ ម៉ែត្រ ។ ការស្ថាបនា​ស្ពាន​នេះ ​ក៏​មាន​ការស្ថាបនា​កំណាត់​ផ្លូវ​លេខ ២១៤ ពី​ភូមិ​បា​ចុង សង្កាត់​ព្រះបាទ ក្រុង​ស្ទឹងត្រែង ទៅ​ស្រុក​ត្បែង​មាន​ជ័យ ខេត្ត​ព្រះវិហារ មាន​ប្រវែងជាង ១៤០គីឡូម៉ែត្រ​។ គម្រោង​ស្ថាបនា​ស្ពាន​ថ្នល់​នេះ ​បាន​ចំ​ណាយ​ថវិកា​សរុប​ចំ​នួន ១១៦,៥ លាន​ដុល្លារ ដែល​ជា​ប្រាក់កម្ចី​ឥណទាន​សម្បទាន​ពីប្រទេស​ចិន រួម​ជាមួយ​ថវិកា​បដិភាគ​របស់រដ្ឋាភិបាល​កម្ពុជា​។

៤.ស្ពានឆ្លងទន្លេសេកុង​

ស្ពាន​ឆ្លងកាត់​ទ​ន្លេ​សេ​កុង​មាន​ប្រវែង ១ ០៧៥ ម៉ែត្រ ស្ថាបនា​រយៈពេល ៤៤ ខែ ជាមួយ​នឹង​ការស្ថាបនា​ស្ពាន​នេះ​ក៏​មាន​ការស្ថាបនា​កំ​ណាត់​ផ្លូវ​លេខ ៧ ផងដែរ ដែល​មាន​ប្រវែង ១៩៦,៩ គី​ទ្បូ​ម៉ែត្រ ។ ​ការស្ថាបនា​ស្ពាន និង​ផ្លូវ​នេះ រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​ផ្តល់​ប្រាក់កម្ចី​ចំនួន​៧០ លាន​ដុល្លារ និង​ថវិកា​បដិភាគ​របស់​រដ្ឋាភិបាល​កម្ពុជា​ចំ​ចំនួន ៤,៣ លាន​ដុល្លារ ​ប្រើប្រាស់នៅ​ខែ​មេសា ឆ្នាំ ២០០៨ ។ ​

៥. ​ស្ពានកោះពស់

ស្ពាន​កោះ​ពស់ ជា​ស្ពាន​ឆ្លង​សមុទ្រ​ មាន​ប្រវែង​ ៩០០ម៉ែត្រ ទទឹង ១២ម៉ែត្រ ​និង​កម្ពស់​ ៣២ ម៉ែត្រកន្លះ ពីលើ​ផ្ទៃទឹក​ ក្នុងខេត្តព្រះសីហនុ។ ​ស្ពាននេះ ​សាងសង់​រយៈពេល​ ៣០ខែ​ ចាប់ពី​ដើមឆ្នាំ​ ២០០៨​ និង​សម្ពោធ​ប្រើ​ប្រាស់​នៅខែ​កក្កដា ឆ្នាំ ២០១១ ដោយ​ចំណាយ​ទឹក​ប្រាក់​ ចំនួន​ ​៣០០លានអឺរ៉ូ។

៦.ស្ពាន​ព្រែក​តាមាក់​

ស្ពាន​ព្រែក​តាមាក់​មាន​បណ្ដោយ​ប្រវែង ១ ០៦៦ ម៉ែត្រ ​ចំណាយ​ថវិកា​អស់​ចំ​នួន ៤៣,៥ លាន​ដុល្លារ ជា​​ប្រាក់កម្ចី​ពី​ប្រទេស​ចិន​ជាង ៤២ លានដុល្លារ និង​ប្រាក់​បដិភាគ​របស់​រដ្ឋាភិបាល​កម្ពុជា​ប្រមាណ ២លាន ដុល្លារ ។ ​ស្ពាន​នេះសង់នៅ​ខែ​មិថុនា ឆ្នាំ ២០០៧ ប្រើ​រយៈពេល ៥០ ខែ និង​ដាក់​ឲ្យ​ប្រើ​ប្រាស់​នៅ​ខែ​មករា ឆ្នាំ ២០១១៕

អត្ថបទ៖ ស៊ិន សាវ៉េត