ក្លឹប​ធំៗ​ទាំង ៦​នៅ​អង់គ្លេស មាន​តែ​មួយ​ប៉ុណ្ណោះ​មិន​ទាន់​ស្គាល់​ពាក្យ​ថា​ចាញ់​នៅ ៥​ប្រកួត​ចុង​ក្រោយ

  • 2018-02-23 12:15:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​ត្រឹម​ប្រាំ​ប្រកួត​ចុង​ក្រោយ ក្នុង​ចំណោម​ក្លឹប​ធំៗ​ទាំង ៦ នៅ​អង់គ្លេស មាន​តែ​ក្លឹប​មាន់​ខ្នាយ​មាស Totenham Hotspur មួយ​ប៉ុណ្ណោះ​ដែល​មិន​ទាន់​ស្គាល់​ទេ​ពាក្យ​ថា​ចាញ់។

បើ​ទោះ​ជា​បែប​នេះ​ក្ដី ក្នុង​ ៥​ប្រកួត​ចុង​ក្រោយ Spurs (DWWDD) យក​ឈ្នះ​បាន​តែ ពីរ​ប្រកួត​ប៉ុណ្ណោះ ពោល​គឺ​យក​ឈ្នះ ២-០ លើ Newport Countyក្នុង​កម្មវិធី FA Cup និង​លើ Arsenal ក្នុង​លទ្ធផល ១-០ ក្នុង​ក្របខ័ណ្ឌ Premier League។ ក្រៅ​ពី​ហ្នឹង គឺ​ស្មើ​ទាំង​អស់។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ គឺ​ក្លឹប​សុទ្ធ​តែ​បាន​ស្មើ​​តែ​ក្នុង​លទ្ធផល ២​ទល់​នឹង ២ ពេល​ប៉ះ Liverpool (Premier League), Juventus (Champions League), និង Rochdale (FA Cup)។

ដោយ​ឡែក​ ក្លឹប​យក្សៗ​អង់គ្លេស​ទាំង ៥​ទៀត សុទ្ធ​តែ​បាន​ភ្លាត់​ចាញ់​ប្រកួត ក្នុង​៥​ប្រកួត​ចុង​ក្រោយ គ្រាន់​តែ​ខ្លះ​ចាញ់​តិច​ ឯ​ខ្លះ​ទៀត​ចាញ់​ច្រើន។ ក្លឹប​ Manchester City (WDWWL) ចាញ់​តែ​ម្ដង​គត់ (ការ​ចាញ់​ក្លឹប Wigan ធ្វើ​ឲ្យ​ក្លឹប​ធ្លាក់​ពី FA Cup) ក្នុង​ការ​ប្រកួត​ដែល​ខ្លួន​លេង​ ៥​ចុង​ក្រោយ ក្រៅ​ពី​ហ្នឹង​គឺ​ឈ្នះ​ទាំងអស់។

បើ​គិត​ក្នុង​អំឡុង​ពេល​ដូច​គ្នា ដូច Manchester City ដែរ Liverpool (LWDWW) ក៏​ចាញ់​តែ ម្ដង​ដែរ ក្នុង​ពេល​ដូច​គ្នា ប៉ុន្តែ​ក្លឹប​ហង្ស​ក្រហម​បាន​ភ្លាត់​ឲ្យ​ស្មើ​មួយ​ប្រកួត។

ចំណែក​ឯ Manchester United (LWLWD) និង Chelsea (LLWWD) វិញ​សុទ្ធ​តែ​បាន​ចាញ់​ ២​ប្រកួត​ដូច​គ្នា ខណៈ​កាំភ្លើង​ Arsenal (LWLWL) រាង​ដាប​ជាង​គេ​ឯង បន្តិច​ ដោយ​បានចាញ់​ដល់​ទៅ ៣​ប្រកួត ក្នុង​ ៥​ប្រកួត​ចុង​ក្រោយ។

នា​ចុង​សប្ដាហ៍​នេះ ក្នុង​ក្របខ័ណ្ឌ Premier League ក្លឹបSpurs នឹង​ត្រូវ​ប៉ះ​ជាមួយ Crystal Palace ខណៈ បិសាច​ក្រហម​នឹង​បើក​ទ្វារ​ស្វាគមន៍​តោ​ខៀវ ចំណែក​ឯ​ហង្ស​ក្រហម​វិញ​ប្រកួត​ជាមួយ West Ham​។

និយាយ​ពី Arsenal វិញ ក្លឹប​ត្រូវ​ប៉ះ​ជាមួយ​យក្ស​ផ្ទៃ​មេឃ Manchester City ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ EFL Cup នៅ​ថ្ងៃ​អាទិត្យ៕

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ ហ៊ីម រស្មី