“Black Panther” ជា​ភាពយន្ត​មិន​ផ្ដោត​សំខាន់​ទៅ​លើ​តែ​ Super-Heroes ​ (វីដេអូ​វិភាគ)

  • 2018-02-26 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“Black Panther” គឺ​ជា​ភាពយន្ត​ថ្មី​មួយ​របស់​ផលិតកម្ម Marvel ដែល​ទើប​តែ​បញ្ចេញ​នៅ​ពាក់​កណ្ដាល​ខែ​កុម្ភៈ​នេះ ដោយ​បាន​បំបែក​ឯកត្តកម្ម​ជា​ច្រើន​សន្ធឹក​សន្ធាប់។ ភាពយន្ត​នេះ​ផ្ដោត​សំខាន់​ទៅ​លើ​ស្ដេច​នៅ​ប្រទេស​ Wakanda ជា​ប្រទេស​លាក់​កំបាំង​មួយ​នៅ​ទ្វីប​អាហ្វ្រិក ដោយ​​ពោរ​ពេញ​ទៅ​ដោយ​បច្ចេកវិទ្យា​ទំនើប​នឹក​ស្មាន​មិន​ដល់​។ នេះ​គឺ​ជា​ភាពយន្ត​វីរបុរស​ទី​១​ហើយ​របស់ Marvel ដែល​និយាយ​ពី​តួអង្គ​ស្បែក​ខ្មៅ​ និង​សម្បូរ​ទៅ​ដោយ​​សំលៀកបំពាក់​ពណ៌​​ប្លែកៗ​និង​រូប​រាង​ខុស​ៗ​ប្លែក​គ្នា​ជា​ច្រើន​ ពិត​ជា​គួរ​ឲ្យ​ចាប់​អារម្មណ៍។

សម្រាប់​ទស្សនិកជន​ទូទៅ​ គិត​ថា​ភាពយន្ត​នេះ​គឺ​គ្រាន់​តែ​ភាពយន្ត​ Super-Heroes ធម្មតា​តែ​ប៉ុណ្ណោះ​ មិន​សូវ​ជា​មាន​អ្វី​ខុស​ពី​មុន​ឡើយ។ ប៉ុន្តែ​ការ​គិត​នេះ​គឺ​មិន​ត្រឹម​ត្រូវ​ទាំង​ស្រុង "Black Panther” ផ្ដល់​ឱកាស​ក្នុង​ការ​បង្ហាញ​ពី​វប្បធម៌​របស់​ជន​ជាតិ​ស្បែក​ខ្មៅ​យ៉ាង​ច្រើន​ ជា​ពិសេស​គឺ​ប្រជាពលរដ្ឋ​រស់​នៅ​ទ្វីប​អាហ្វ្រិក​តែ​ម្ដង។ អ្នក​ដឹក​នាំ​រឿង​នេះ​លោក Ryan Coogler ដែល​ជា​ជន​ជាតិ​អាហ្វ្រិក​សញ្ជាតិ​អាម៉េរិកាំង បាន​យល់​ច្បាស់​ពី​បញ្ហា​នេះ​ និង​ធ្វើ​ឲ្យ​ភាពយន្ត​នេះ​កាន់​តែ​ល្អ​មួយ​កម្រិត​ទៀត។

លោក Ryan Coogler និងតួឯក លោក Chadwick Boseman

សាច់​រឿង "Black Panther” នេះ​បន្ត​ពី​ហេតុការណ៍​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​រឿង "Captain America: Civil War” កាល​ពី​ឆ្នាំ​២០១៦។ ក្នុង​សាច់​រឿង​នោះ​ស្ដេច​របស់​ប្រទេស​ Wakanda ព្រះ​នាម T'Chaka បាន​ស្លាប់​បាត់​បង់​ជីវិត​ដោយ​សារ​ ការ​ធ្វើ​ភេរវកម្ម​មួយ​ ខណៈ​ពេល​ធ្វើ​សុន្ទរកថា​ពី "Sokovia Accord” ជា​ច្បាប់​ថ្មី​តម្រូវ​ឲ្យ​ពពួក​ Super-Heroes គឺ "Avengers” អនុវត្ត​ក្រោយ​ហេតុ​ការណ៍​កើត​ឡើង​នៅ​ប្រទេស​ Sokovia បាន​ធ្វើ​ឲ្យ​មនុស្ស​រាប់​សិប​អ្នក​បាត់​បង់​ជីវិត។ ដូច្នេះ​ហើយ​ទើប T'Chala បាន​ឡើង​គ្រង​រាជ្យ​ជា​ស្ដេច​ថ្មី​ និង​ទទួល​បាន​ងារ​ជា​ Black Panther។

ហេតុ​ការណ៍​ទាំង​អស់​បាន​កើត​ឡើង​​ក្រោយ ជន​ម្នាក់​មាន​រហ័ស​នាម​ថា “Killmonger” បាន​បង្ហាញ​ខ្លួន​នៅ Wakanda នឹង​បញ្ជាក់​ថា​ខ្លួន​មាន​រឿង​រ៉ាវ​ជា​ច្រើន​នឹក​ស្មាន​មិន​ដល់​ទាក់​ទង​ទៅ​នឹង​ប្រទេស​អាថ៌កំបាំង​មួយ​នេះ។ ដូច្នេះ​ហើយ​ទើប Killmonger និង Black Panther បាន​ប្រយុទ្ធ​គ្នា​​ ដើម្បី​យក​សិទ្ធិ​ជា​អ្នក​គ្រងរាជ្យ​ប្រទេស​ដ៏​ទំនើប​មួយ​នេះ។​

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​នោះ​គឺ តួអង្គ​នីមួយ​ៗ​នៅ​ក្នុង​សាច់​រឿង សុទ្ធ​សឹង​តែ​មាន​គោល​គំនិត​ផ្ទាល់​ខ្លួន​ ធ្វើ​ឲ្យ​អ្នក​ទស្សនា​ទាំង​អស់​អាច​ដឹង​ច្បាស់​ពី​គោល​បំណង​ពួក​គេ និង​យល់​ពី​កត្តា​ដែល​ជំរុញ​ឲ្យ​ពួក​គេ​ធ្វើ​សកម្មភាព​ផ្សេងៗ។ សាច់​រឿង​នេះ​បាន​បង្ហាញ​ពី​ជម្លោះ​ផ្ទៃ​ក្នុង​ មនោសញ្ចេតនា​បងប្អូន​ មនោសញ្ចេតនា​ចំពោះ​មនុស្ស​លោក និង​ការ​យល់​ច្រឡំ​ជា​ច្រើន​បូក​រូម​នឹង​ការ​យល់​ខុស​ដោយ​សារ​តែ​អំពើ​ពី​អតីតកាល។

ទោះ​បី​ជា​មាន​ការ​សរសើរ​ពី​សំណាក់​វិភាគ​ភាពយន្ត​ជា​ច្រើន​ក៏​ដោយ “Black Panther” ក៏​មាន​ចំណុច​ខ្វះ​ខាត​ជា​ច្រើន​ផង​ដែរ។ ចំណុច​មួយ​ដែល​បណ្ដា​អ្នក​ស្រលាញ់​ភាពយន្ត​ចាប់​បាន​នោះ​គឺ បច្ចេកទេស​កុំព្យូទ័រ​នៅ​ក្នុង​រឿង​នេះ មាន​ចំណុច​ខ្វះ​ខាត​ក្នុង​ឈុត​ឆាក​មួយ​ចំនួន។ តួយ៉ាង​អ្នក​វិភាគ​អាច​កំណត់​សម្គាល់​ឃើញ​​យ៉ាង​ងាយ​ស្រួល​ថា ឈុត​ណា​ប្រើ​ប្រាស់​ CGI មិន​បាន​ល្អ និង​ឈុត​ខ្លះ​គឺ​ពិត​ជា​ពិបាក​មើល​ខ្លាំង ដូច​ជា​ឈុត​វាយ​គ្នា​នៅ​ចុង​បញ្ចប់​នៃ​សាច់​រឿង​ជា​ដើម។ ចំណែក​ឯ​តួអង្គ Killmonger វិញ​គឺ​ត្រូវ​ការ​សាច់​រឿង​ខ្លះៗ ទៀត​មុន​នឹង​សាច់​រឿង​ចាប់​ផ្ដើម​ស៊ី​ជម្រៅ​ ដោយ​សារ​តួអង្គ​នេះ​ បង្ហាញ​ខ្លួន​តិច​ពេក​ខណៈ​ពេល​ចាប​ផ្ដើម​សាច់​រឿង។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ "Black Panther” ជា​រឿង​មួយ​ដែល​ធ្វើ​ឲ្យ​លោក​អ្នក​​មាន​អារម្មណ៍​ស្រស់​ថ្លា​ បន្ទាប់​ពី​ទស្សនា​និង​បង្ហាញ​ពី​សាច់​រឿង​ថ្មី​មួយ​សំដៅ​ទៅ​លើ​រឿង​បែប Super-Heroes ដោយ​មក​និយាយ​ពី​គ្រួសារ​និង​ជម្លោះ​ផ្ទៃ​ក្នុង​ ជាជាង​​ការ​ជួយ​អ្នក​ដទៃ​ដូច​រឿង​ភាគ​ច្រើន៕

នេះ​ជា​វីដេអូ​វិភាគ៖

អត្ថបទ៖ ធារ៉ូ

អត្ថបទពេញនិយម