ពិតទេ នារីអ្នករាំលើកទឹកចិត្តកូរ៉េខាងជើង ជាទាសករផ្លូវភេទ លោក គីម ជុងអ៊ុន?

  • 2018-02-27 02:55:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​រត់ចោល​ស្រុក​ចេញ​ពី​ប្រទេស​កូរ៉េខាងជើង បាន​អះអាង​ថា នារី​ជា​អ្នក​រាំ​លើក​ទឹក​ចិត្ត​កូរ៉េខាងជើង ដែល​បាន​ធ្វើ​ឲ្យ​អ្នក​និយម​លេង​អ៊ីនធឺណិត​ភ្ញាក់ផ្អើល និង​ចាប់អារម្មណ៍​ខ្លាំង ដោយសារ​តែ​រូប​សម្រស់ និង ការ​ច្រៀង​សាទរ នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវ​រងា ក្នុង​ទីក្រុង Pyeongchang គឺ​ជា​ទាសករ​ផ្លូវ​ភេទ​នៅ​ផ្ទះ​ប៉ុណ្ណោះ។

ក្រុម​នារី​ចំនួន ២២៩ នាក់​នោះ ត្រូវ​បាន​គេ​លើក​ឡើង​ថា​ជា «ការ​វាយលុក​មន្តអាគម» របស់​កូរ៉េខាងជើង ដែល​មាន​បំណង​បំបាត់​ការ​ព្រួយបារម្ភ​របស់​សហគមន៍​អន្តរជាតិ អំពី​គម្រោង​នុយក្លេអ៊ែរ​របស់​ខ្លួន។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ អ្នក​រត់​ចោល​ស្រុក បាន​បង្ហើប​ឲ្យ​ដឹង​ថា ស្រី​ស្អាត​ទាំង​នោះ​មាន​តួនាទី​ដ៏​ក្រៀមក្រំ​នៅ​ផ្ទះ ដោយ​ពួកគេ​ត្រូវ​បាន​បង្ខំ​ឲ្យ​រួមភេទ​ជាមួយ​ជំនួយការ​កំពូល របស់​មេដឹកនាំ គីម ជុងអ៊ុន។

នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​គេហទំព័រ Bloomberg អ្នក​រត់​ចោល​ស្រុក​ចំនួន ២ នាក់ បាន​រៀបរាប់​ពី​រឿងរ៉ាវ​ដែល​នារី​ទាំង​នោះ​ត្រូវ​គេ​បង្ខំ​ឲ្យ​ធ្វើ​ជា​ទាសករ និង ផ្ដល់​សេវា​ផ្លូវ​ភេទ ដល់​សមាជិក​កិត្តិយស​នៃ​គណបក្ស​នយោបាយ​កុម្មុយនិស្ត​របស់​លោក គីម ជុនអ៊ុន។

លោក Kim Hyung-soo អាយុ ៥៤ ឆ្នាំ ដែល​បាន​រត់​ចេញ​ពី​កូរ៉េខាងជើង មក​រស់​នៅ​កូរ៉េខាងត្បូង ជាមួយ​កូនប្រុស​ជា​អត្តពលិក ក្នុង​ឆ្នាំ ២០០៩ បាន​និយាយ​ថា «អត្តពលិក គឺ​ជា​ទាសករ​កីឡា​របស់ លោក គីម ជុងអ៊ុន។ សូម្បី​តែ​គ្រូ​បង្វឹក និង​អ្នក​រាំ​គាំទ្រ ក៏​ជា​ទាសករ​របស់ លោក គីម ជុងអ៊ុន ដែរ។ នៅ​ក្នុង​ប្រទេស​កូរ៉េខាងជើង លោក គីម ជុងអ៊ុន និង របប​ផ្ដាច់ការ គឺ​ជា​ពិភពលោក​ទាំង​មូល»។

អ្នក​រត់​ចោល​ស្រុក​ម្នាក់​ទៀត​មាន​ឈ្មោះ​ថា Lee So-yeon អាយុ ៤២ ឆ្នាំ ជា​អតីត​តន្ត្រីករ​យោធា​ម្នាក់ ដែល​បាន​ភៀសខ្លួន​កាល​ពី​ឆ្នាំ ២០០៨ បាន​និយាយ​ទៅ​កាន់ Bloomberg ថា «ក្រុម​សិល្បៈ​កូរ៉េខាងជើង បាន​មក​ទី​នេះ និង​សម្ដែង​របាំ និង​បទចម្រៀង​ជាច្រើន ហើយ​មើល​ពី​ខាងក្រៅ​វា​ហាក់​បី​ដូច​ជា​ការ​បង្ហាញ​ដ៏​អស្ចារ្យ។»

Lee បាន​បន្ថែម​ឲ្យ​ដឹង​ទៀត​ថា «ទោះ​ជា​យ៉ាង​ណា ពួកគេ​ត្រូវ​ទៅ​ចូលរួម​ពិធី​ជប់លៀង និង​ផ្ដល់​សេវា​ផ្លូវ​ភេទ ដែល​ជា​រឿង​ដ៏​គួរ​ឲ្យ​ឈឺចាប់​មួយ។ ពួកគេ​ចូល​រួម​ក្នុង​ពិធី​របស់​គណបក្ស និង​ត្រូវ​ដេក​ជាមួយ​គេ​នៅ​ទី​នោះ ថ្វី​បើ​ពួកគេ​មិន​ចង់​ធ្វើ​វា​ក៏​ដោយ។ ការ​រំលោភ​សិទ្ធិ​មនុស្ស​ទាំង​នោះ​បាន​កើត​ឡើង ដោយ​ពួកគេ​ត្រូវ​ធ្វើ​តាម​អ្វី​ដែល​គេ​ប្រាប់»៕

ចុច​អាន៖

ប្រភព៖ nextshark   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម