ហេតុផល​អ្វី​ខ្លះ​ដែល​​អ្នក​គាំទ្រ​​​មិន​អាច​រំងាប់ចិត្តនឹក​ចំពោះ G-Dragon បាន?

  • 2018-02-27 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អស់​រយៈពេល​មួយ​ខែ​ហើយ​ក្រោយ​ពេល​ការ​ប្រគំ​តន្ត្រី​ចុង​ក្រោយ "BIGBANG's Last Dance” ហើយ​តារា​ចម្រៀង G-Dragon នឹង​ត្រូវ​ឃ្លាត​ឆ្ងាយ​ពី​អ្នក​គាំទ្រ​របស់​លោក​មួយ​រយៈ ដោយ​នឹង​​ត្រូវ​ទៅ​បំពេញ​កាតព្វកិច្ច​បម្រើ​ជូន​ជាតិ​របស់​លោក​នៅ​ថ្ងៃ​នេះ។ ការ​ចាក​ចេញ​របស់​លោក​នេះ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មាន​ការ​នឹក​រឭក​លោក​ជា​ខ្លាំង ទោះ​បី​ជា​លោក​ទៅ​បម្រើ​កង​ទ័ព​ត្រឹម​តែ​រយៈពេល ២​ឆ្នាំ​ក្ដី។

ហេតុផល​អ្វី​ខ្លះ​បាន​ជា​អ្នក​គាំទ្រ​មិន​អាច​បំភ្លេច​លោក​បាន?

១. រូបភាព​ជា​ច្រើន​ដែល​លោក​បាន​បង្ហោះ

ទោះ​បី​ជា​រូបភាព​ដែល​តារា​ចម្រៀង​រូប​នេះ​បង្ហោះ​ខ្លះ មាន​ភាព​ស្មុគស្មាញ មើល​មិន​យល់​ក៏​ដោយ ប៉ុន្តែ​លោក​នៅ​តែ​ជា​តារា​មួយ​រូប​ដែល​ទទួល​បាន​ការ​តាម​ដាន​ច្រើន​ជាង​គេ​លើ​ Instagram។ រូបភាព​ដែល​លោក​បាន​បង្ហោះ​ទាំង​ប៉ុន្មាន​តែង​តែ​ធ្វើ​ឲ្យ​អ្នក​តាម​ដាន​ប្លែក​អារម្មណ៍ ដោយ​សារ​តែ​វា​មាន​ភាព​ខុស​ប្លែក​ពី​គ្នា​ពី​មួយ​រូប​ទៅ​មួយ​រូប​ទៀត។

២. តារា​មួយ​រូប​ដែល​ចេះ​ដាក់​ខ្លួន

ក្រៅ​ពី​មាន​រហស្សនាម​ជា​ស្ដេច​តារា​ចម្រៀង​កូរ៉េ លោក​មិន​ដែល​ភ្លេច​ការ​គួរ​សម​ចំពោះ​គ្រប់​គ្នា​នោះ​ទេ មិន​ថា​បុគ្គលិក​របស់​លោក រៀម​ច្បង​អ្នក​រួម​សិល្បៈ និង​សូម្បី​តែ​អ្នក​គាំទ្រ។ G-Dragon ស្ថិត​ក្នុង​ចំណោម​តារា​ដែល​មាន​បុគ្គលិកលក្ខណៈ​ល្អ គ្រប់​គ្នា​តែង​សរសើរ​ថា​លោក​ជា​តារា​មួយ​រូប​ដែល​តែង​តែ​និយាយ​គួរសម​ជាមួយ​អ្នក​ដទៃ។

៣. កំពូល​តារា​លេង​ម៉ូដ

មិន​បាច់​ប្រាប់ ក៏​គ្រប់​គ្នា​បាន​ដឹង​មក​ហើយ ថា​តារា​ចម្រៀង​រូប​នេះ​ជា​តារា​ម្នាក់​ដែល​ចូលចិត្ត​លេង​ម៉ូដ​សម្លៀកបំពាក់​ខុស​ប្លែក​ពី​អ្នក​ដទៃ។ មិន​ត្រឹម​តែ​សម្លៀកបំពាក់​នោះ​ទេ សូម្បី​តែ​មួក ស្បែក​ជើង គ្រឿង​អលង្ការ​ ក៏​លោក​លេង​ម៉ូដ​​ឲ្យ​ប្លែក​ទាក់ទាញ​ផង​ដែរ។

៤. ការ​ប្រគំ​តន្ត្រី​របស់​លោក​តែង​មាន​លក្ខណៈ​ប្លែក​ខុស​គេ

ឆាក​ប្រគំ​តន្ត្រី​របស់​តារា​ចម្រៀង​រូប​នេះ​តែង​តែ​តុបតែង​ឡើង​ខុស​ប្លែក​ដូច​ជា​នៅ​ក្នុង​ភព​មួយ​ផ្សេង​ទៀត។ ឆាក​ប្រគំ​តន្ត្រី​ជា​ផ្នែក​មួយ​ដែល​លោក​តែង​តែ​ខ្វល់ខ្វាយ​ដូច​ជា​បទ​ចម្រៀង​ដូច្នោះ​ដែរ។

​៥. ការ​ស្រឡាញ់​ចំពោះ​សត្វ​ចិញ្ចឹម​របស់​លោក

សត្វ​ចិញ្ចឹម​របស់​តារា​ចម្រៀង​រូប​នេះ មាន​ភាព​ល្បីល្បាញ​មិន​ចាញ់​លោក​នោះ​ទេ ដោយ​សារ​តែ​រូបភាព​ជាច្រើន​ដែល​បាន​បង្ហោះ​លើ instagram នោះ មួយ​ចំនួន​ជា​រូប​លោក​ជាមួយ​សត្វ​ចិញ្ចឹម។

៦. ស្នាម​ញញឹម​ដែល​មិន​អាច​បំភ្លេច​បាន

គ្រប់​គ្នា​ពិត​ជា​មិន​សូវ​បាន​ឃើញ​ស្នាម​ញញឹម​របស់​លោក​នៅ​ពេល​សម្ដែង​លើ​ឆាក​តន្ត្រី​នោះ​ទេ ប៉ុន្តែ​ក្នុង​វីដេអូ​បទ​ចម្រៀង ឬ​ក៏​ក្នុង​កម្មវិធី​ទូរទស្សន៍​មួយ​ចំនួន​ដែល​បាន​បង្ហាញ​ស្នាម​ញញឹម​របស់​ G-Dragon គឺ​ពិត​ជា​មាន​ភាព​ទាក់ទាញ​​ជា​ខ្លាំង ដែល​គ្រប់​គ្នា​មិន​អាច​ភ្លេច​ស្នាម​ញញឹម​មួយ​នេះ​បាន។

៧. លោក​ចាត់​ទុក​មិត្តភ័ក្ដិ​ដូច​ជា​គ្រួសារ

តារា​ចម្រៀង G-Dragon ជា​តារា​មួយ​រូប​ដែល​ស្រឡាញ់​មិត្ត​របស់​លោក​ខ្លាំង​ដូច​ជា​ក្រុម​គ្រួសារ​របស់​លោក​ដូច្នោះ​ដែរ។ ហេតុ​ផល​នេះ​ហើយ ទើប​មិត្ត​រួម​ការងារ​មិន​អាច​បំភ្លេច​លោក​បាន​ មិនមែន​សូម្បី​តែ​អ្នក​គាំទ្រ​នោះ​ទេ។

៨. ក្ដី​ស្រឡាញ់​ពិត​ប្រាកដ​ចំពោះ​អ្នក​គាំទ្រ

ផ្ទុយ​ពី​ការ​ទទួល​កាដូ​ពី​អ្នក​គាំ​ទ្រ តារា​ចម្រៀង​រូប​នេះ​បាន​ទិញ​ផ្កា​ជូន​អ្នក​គាំទ្រ​របស់​លោក នៅ​ពេល​ដែល​ពួក​គេ​បាន​ជូន​ដំណើរ​លោក​ត្រឡប់​ទៅ​វិញ។ លោក​បាន​ជូន​ផ្កា​ទៅ​អ្នក​គាំទ្រ​ម្នាក់​មួយ​ទង​ៗ។ ជាង​នេះ​ទៅ​ទៀត លោក​បាន​កាន់​ដៃ​អ្នក​គាំទ្រ​ខណៈ​កំពុង​តែ​ច្រៀង​ចម្រៀង​ក្នុង​អាល់ប៊ុម "Untitled,2014” របស់​លោក​ថែម​ទៀត​ផង។ ការ​ស្រឡាញ់​បែប​នេះ​ហើយ ទើប​អ្នក​គាំទ្រ​មិន​ចង់​ឲ្យ​លោក​ចាក​ចេញ​ទៅ សូម្បី​តែ​ត្រឹម​រយៈពេល ២​ឆ្នាំ​នោះ៕

ចុចអាន៖

ប្រភព៖ Kdramabuzz   ប្រែ​សម្រួល៖ អន សុភក្ត្រា