Samsung ចំអក​ iPhone X មាន​ក្បាល​ឆក​ និង​គ្មាន​ទ្រនាប់​ស្កេន​ម្រាម​ដៃ​

  • 2018-02-27 04:30:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក​ Justin Denison អនុប្រធាន​​ផ្នែក​ទីផ្សារ​របស់​ Samsung បាន​យក​ឱកាស​បង្ហាញ​ចេញ​ Galaxy S9/S9+ កាល​ពី​អាធ្រាត្រ​ថ្ងៃ​អាទិត្យ​ទី​ ២៥ ដើម្បី​ចំអន់​លើ​ពីរ​ចំណុច​របស់​ iPhone X។

នៅ​​ខណៈ​នោះ​​លោក​ Justin បាន​​លើក​ឡើង​ថា ៖

“នៅ​ពេល​យើង​បង្ហាញ​ចេញ​អេក្រង់​ Infinity Display មនុស្ស​ភាគ​ច្រើន​​មិន​ធ្លាប់​ឃើញ​វា​ពី​មុន​មក​ទេ។ វា​ជា​រចនាបថ​ដ៏​​អស្ចារ្យ​មួយ​ ដែល​អាច​ផ្ដល់​ជូន​​ផ្ទៃ​អេក្រង់​ទំហំ​ធំ​ និង​បាន​ក្លាយ​ជា​ស្តង់ដារ​មួយ​របស់​សហគ្រាស​​បាន​យ៉ាង​រហ័ស​បំផុត។

ជា​មួយ​ S9 យើង​ផលិត​វា​ដោយ​ផ្អែក​លើ​មូលដ្ឋាន​នេះ យក​ផ្ទៃ​អេក្រង់​ដែល​លាត​សន្ធឹង​​​មក​ធ្វើ​ឲ្យ​វា​កាន់​តែ​ល្អ​ប្រសើរ។ យើង​បាន​​បង្កើត​ការ​ឌីហ្សាញ​​​ដ៏​​ល្អ​បំផុត ដែល​អ្នក​មិន​អាច​មើល​ឃើញ​ស៊ុម​អេក្រង់។ ដូច​ដែល​បាន​ដឹង​ហើយ​ ​អេក្រង់​របស់​វា​មិន​មាន​ស្នាម​ឆែប​​នោះ​ទេ​​"។

អនុប្រធាន​រូប​នេះ​ក៏​បាន​និយាយ​អំពី​ការ​ប្ដូរ​ទីតាំង​នៃ​ទ្រនាប់​ស្កេន​ម្រាម​ដៃ​លើ​ Galaxy S9/S9+ និង​និយាយ​ថា​វា​ជា​មុខងារ​ពេញ​និយម​មួយ​ដែល​មនុស្ស​ប្រើ​ដើម្បី​ដោះ​សោ​ទូរសព្ទ ហេតុ​នេះ​ទើប​មិន​ដក​វា​ចេញ​​ (ដូច​ជា​ Apple ដក​ចេញ​ពី iPhone X) នោះ​ទេ។

មិន​មែន​ជា​លើក​ទី​មួយ​ទេ​ដែល​​​​អនុប្រធាន​ផ្នែក​ទីផ្សារ​រូប​នេះ​បាន​ចំអក​ដល់​ Apple នោះ។ កាល​ពី​ខែ​សីហា​ ឆ្នាំ​ ២០១៦ លោក​ Justin បាន​ចំអក​ iPhone 7 ដែល​មិន​មាន​រន្ធ​ដោត​កាស​ នៅ​ក្នុង​កម្មវិធី​ប្រកាស​ចេញ​ Galaxy Note7៕​​​​

ចុចអាន៖

ប្រភព៖ redmondpie   ប្រែ​សម្រួល៖ សុខហេង