រដ្ឋមន្ត្រីហ្ស៊ីមបាវេ ថា "ស្រោមអនាម័យផលិតនៅចិន តូចៗណាស់”

  • 2018-03-02 01:57:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋមន្ដ្រី​សុខាភិបាល ហ្ស៊ីមបាវេ បាន​អះអាង​ថា​ស្រោម​អនាម័យ​ដែល​ផលិត​នៅ​ប្រទេស ចិន​មិន​មាន​ទំហំ​ធំ​គ្រប់​គ្រាន់​សម្រាប់​បុរស​ៗ​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​នោះ​ទេ។

ក្នុង​សន្និសីទ​ស្ដីពី​ការ​ទប់ស្កាត់​ជំងឺ​អេដស៍​នៅ​រដ្ឋធានី Harare កាល​ពី​សប្តាហ៍​មុន រដ្ឋមន្ត្រី​សុខាភិបាល លោក David Parirenyatwa បាន​រិះគន់​ស្រោម​អនាម័យ​ដែល​ផលិត​នៅ​ចិន និង​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស។

តាម​ការដក​ស្រង់​សម្ដី​របស់​រដ្ឋ​មន្ត្រី​រូប​នេះ ឲ្យ​ដឹង​ថា "តំបន់​អាហ្វ្រិក​ខាងត្បូង មាន​អត្រា​ឆ្លង​មេរោគ​អេដស៍​ខ្ពស់​បំផុត ហើយ​យើង​កំពុង​លើក​កម្ពស់​ការ​ប្រើប្រាស់​ស្រោម​អនាម័យ។ ឥឡូវ​នេះ យុវវ័យ​មាន​ស្រោម​អនាម័យ​ប្រើប្រាស់​ត្រឹម​ត្រូវ​ហើយ ប៉ុន្តែ​ពួក​យើង​មិន​ផលិត​វា​ទេ។ យើង​នាំ​ចូល​ស្រោម​អនាម័យ​ពី​ប្រទេស ចិន ហើយ​បុរស​មួយ​ចំនួន​ត្អូញ​ត្អែរ​ថា​ស្រោម​ទាំង​នោះ​មាន​ទំហំ​តូច​ណាស់។"

ផ្ទុយ​ទៅ​វិញ រដ្ឋមន្ត្រី​ក្រសួង​សុខា​ភិបាល​ខាង​លើ ក៏​បាន​អំពាវ​នាវ​ឱ្យ​ក្រុមហ៊ុន​នៅ ហ្ស៊ីមបាវ៉េ ផលិត​ស្រោម​អនាម័យ​ក្នុង​ស្រុក​ជំនួស​ឱ្យ​ការ​នាំ​ចូល​ពី​ប្រទេស ចិន។

យោង​តាម​ស្ថិតិ​របស់ UNAIDS ចាប់​ពី​ឆ្នាំ ២០១៦ មក​ឲ្យ​ដឹង​ថា ប្រហែល ១៣,៥% នៃ​ប្រជាជន ហ្ស៊ីមបាវេ​ត្រូវ​បាន​ឆ្លង​ជំងឺ​អេដស៍ និង​មាន​ការ​ឆ្លង​ថ្មី​ចំនួន ៤ ម៉ឺន​ករណី​ជា​រៀង​រាល់​ឆ្នាំ។ ហេតុ​ដូច​នេះ​ហើយ បាន​ជា​ប្រទេស​នេះ​នាំ​ចូល​ស្រោម​អនាម័យ​ពី​ប្រទេស​ចិន ដែល​ជា​អ្នក​ផលិត​ស្រោម​អនាម័យ​ធំ​ជាង​គេ​បំផុត​មួយ​នៅ​លើ​ពិភពលោក៕

ចុចអាន ៖

ប្រភព៖ nextshark   ប្រែ​សម្រួល៖ រ័ត្ន