តំណាងរាស្ត្រ អ៊ូហ្គាន់ដា វាយ​តប់គ្នា​ព្រាត ពេល​ប្រជុំ​សភា

  • 2017-09-28 04:17:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​​អ្នក​តំណាង​រាស្ត្រ​ប្រទេស​អ៊ូហ្គាន់ដា​ ប្រមាណ​ជាង ១០​នាក់ បាន​ឈ្លោះ​​វាយ​ប្រតាយ​ប្រតប់​ក្នុង​រដ្ឋ​សភា​ដោយ​សារ​គណបក្ស​ប្រឆាំង​ព្យាយាម​រារាំង​ការ​អនុម័ត​ច្បាប់​អូស​បន្លាយ​អាយុ​កាន់​អំណាច​របស់​បេក្ខភាព​ប្រធានាធិបតី។

រូបភាព​ផ្ដល់សិទ្ធិ​ដោយ Reuters

ការ​ប្រតាយប្រតប់​បាន​​កើត​ឡើង ​បន្ទាប់​ពី​​មន្ត្រី​បក្ស​ប្រឆាំង​​ជា​ច្រើន​រូប​ចោទ​ប្រកាន់​សមាជិក​បក្ស​អំណាច​មាន​កាំ​ភ្លើង​ជាប់​ខ្លួន ​ធ្វើ​ឲ្យ​មាន​ជម្លោះ​តឹង​សរសៃ​ក រហូត​រុញ​ច្រាន និង​​វាយ​ដំ​តែម្ដង។ តំណាង​រាស្ត្រ ឬ​ហៅ​សមាជិក​សភា​ខ្លះ​បាន​ប្រើ​កណ្ដាប់​ដៃ​ដាល់​គ្នា និង​គ្រវែង​កៅអី​ដាក់​គ្នា​ក្នុង​សំលៀក​បំពាក់​ឈុត​ធំ​នៅ​ទីក្រុង Kampala។

បន្ទាប់​ពី​មន្ត្រី​បក្ស​ប្រឆាំង​ត្រូវ​បាន​មន្ត្រី​បក្ស​កាន់​អំណាច​យាយី​ដោយ​កម្លាំង លោក​ស្រី​ប្រធាន​បក្ស​​ប្រឆាំង​ ​បាន​នាំ​មន្ត្រី​ទាំង​អស់​ដើរ​ចេញ​ពី​រដ្ឋ​សភា និង​ចោទ​ប្រកាន់​គណបក្ស​សំឡេង​ភាគ​ច្រើន​ក្នុង​រដ្ឋ​សភា​ ធ្វើ​ការ​បំភិតបំភ័យ។

ច្បាប់​ប្រទេស​អ៊ូហ្គាន់ដា បច្ចុប្បន្ន​បាន​ហាម​ឃាត់​អ្នក​ដែល​​មាន​អាយុ​លើស​ពី ៧៥​ឆ្នាំ មិន​ឲ្យ​កាន់​តំណែង​ជា​ប្រធានាធិបតី​ទេ មាន​ន័យ​ថា​ប្រធានាធិបតី Yoweri Museveni អាយុ ៧៣​ឆ្នាំ នឹង​មិន​មាន​សិទ្ធិ​ឈរ​ឈ្មោះ​បោះ​ឆ្នោត​នៅ​អាណត្តិ​ក្រោយ​បាន​ឡើយ​។

ប៉ុន្តែ​គណបក្ស​​ចលនា​តស៊ូ​ជាតិ​របស់​លោក ​បាន​ព្យាយាម​បង្កើត​ច្បាប់​ថ្មី​មួយ​ដើម្បី​បំបាត់​ច្បាប់​​ហាម​ឃាត់​ចាស់​ខាង​លើ​ដូច្នេះ​ច្បាប់​​ថ្មី​នឹង​អនុញ្ញាត​ឲ្យ​មេដឹកនាំ​កាន់​អំណាច​​មិន​កំណត់​រយៈ​ពេល។

លោក​ស្រី​មេ​បក្ស​ប្រឆាំង​ បាន​ចោទ​ប្រកាន់​បក្ស​អំណាច ​ប៉ុនប៉ង​បង្កើត​ច្បាប់​ដើម្បី​កាន់​អំណាច​អស់​មួយ​ជីវិត។​អ៊ូហ្គាន់ដា ​ត្រូវ​គេ​មើល​ឃើញ​ថា មិន​ដែល​មាន​ការ​ផ្លាស់ប្ដូរ​ដោយ​សន្តិភាព​ម្ដង​ណា​ទេ ចាប់​តាំង​ពី​ទទួល​ឯក​រាជ​ពី​អង់គ្លេស​ក្នុង​ឆ្នាំ ១៩៦២។​

គួរ​បញ្ជាក់​ថា លោក Yoweri Museveni ​ជា​ប្រធានាធិបតី​អ៊ូហ្គាន់ដា​ទី​៩ បាន​កាន់​អំណាច​នៅ​ថ្ងៃ​ទី ២៩​ មករា ឆ្នាំ ១៩៨៦ គិត​មក​ទល់​ពេល​នេះ​មាន​រយៈ​ពេល ៣១​ឆ្នាំ​ហើយ៕

រូបភាព​ផ្ដល់សិទ្ធិ​ដោយ Reuters
រូបភាព​ផ្ដល់សិទ្ធិ​ដោយ Reuters
រូបភាព​ផ្ដល់សិទ្ធិ​ដោយ Reuters

ចុចអាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ឡេង ភារុណ