បុគ្គល​ល្បីឈ្មោះ​បីរូប​តាំងពី​សម័យ​បារាំង បន្តល្បី​ដល់​បច្ចុប្បន្ន

  • 2018-03-05 06:32:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភិរម្យភាសា អ៊ូ ហៅ ង៉ុយ៖ ភិរម្យភាសាអ៊ូ ហៅង៉ុយ ឬក្រម ង៉ុយ កើតនៅ​ឆ្នាំ​១៨៦៥ ខេត្ត​កណ្តាល និង​ស្លាប់ទៅ​វិញ​នៅ​ឆ្នាំ១៩៣៥។

លោក ជា​អ្នក​ច្រៀង​ចាប៉ី ដោយប្រើជាពាក្យ​កាព្យ បង្កប់​នូវ​អត្ថន័យ​អប់​រំប្រៀបន​ប្រដៅ នៅ​តាម​ពិធីបុណ្យសាសនា និងពិធី​បុណ្យ​ផ្សេងៗ។ កំណាព្យ​របស់​លោក លើក​ឡើង​ពី​វប្បធម៌ អក្សសាស្រ្ត សិល្បៈ និង​គំនិត​ជាតិ​និយម​ជាដើម ដែលពេល​នោះ​កម្ពុជា​កំពុង​ស្ថិន​នៅក្រោម​អាណាព្យាបាល​បារាំង​នៅឡើយ។

(រូបសំណាកភិរម្យភាសា អ៊ូ ហៅ ង៉ុយ នៅក្នុងរាជធានីភ្នំពេញ)

ខ្លឹម​សារដែល​លោក​លើក​ឡើង​ច្រើន​និយាយពី​ជិវិត​កសិករ ទំនៀបទម្លាប់ ភាព​ក្រីក្រ កង្វះការអប់រំ និង​អនក្ខរកម្មរបស់​ពល​រដ្ឋខ្មែរ ការ​បែងចែក និង​ជម្លោះ​ក្នុង​សង្គម ជាដើម។

បច្ចុប្បន្ន អ្វីដែលភិរម្យភាសាអ៊ូ បាន​លើក​ឡើង​នា​​សម័យ​នោះ​ត្រូវ​បានយក​មក​ប្រើ​ប្រាស់​សម្រាប់​ទូន្មានកូន​ចៅ និង​សិស្ស​នៅ​តាម​សាលា​រៀន​។​

ដោយ​សារ​តែ​អ្វី​ដែល​​លោក​បាន​លើក​ឡើង​មិន​សូវ​បាន​កត់ត្រា ទើប​ស្នា​ដៃ​របស់​លោក​ដែល​​សេសសល់​មិន​មាន​ច្រើន​ដូចដែលអ្វី​លោក​បាន​ធ្វើ​នៅពេល​នោះទេ​។ ទោះយ៉ាងណា​ស្នា​ដៃ​លោក​ក៏ត្រូវ​​បាន​កត់ត្រាទុក​​ខ្លះ​ដល់​សព្វវ​ថ្ងៃមាន​​​ ដូចជា​ច្បាប់ល្បើក​ថ្មី ច្បាប់​ប្រុស ច្បាប់ស្រី ​និង​ច្បាប់​កេកាល​ថ្មី ជាដើម។​

លោក នូ ហាច៖ លោក នូ ហាច ជាអ្នកនិពន្ធ​ប្រ​លោម​លោក​បែបទំនើប​ និង​បានឈាន​ជើង​ចាកចេញពី​អក្សរសិល្ប៍ខ្មែរ​បុរាណ​ដែលសរសេរបែប​សោក​នាដកម្ម​តាមទ្រឹស្តីព្រះពុទ្ធសាសនា ឲ្យ​ទៅជា​ការ​ពិពណ៌នា និង​ការ​និទាន​បែប​មនោសញ្ចេតនា​។ រឿង​ប្រ​លោម​លោក​បែប​ទំនើប និង​ល្បី​ឈ្មោះ របស់​លោក ហើយ​បានដាក់​ចូល​ក្នុង​កម្មវិធីសិក្សាផង​នោះគឺ​រឿង​ «ផ្កាស្រពោន» និពន្ធឡើង​នៅ​ឆ្នាំ​១៩៤៩។

(រូប​លោក​ នូ ហាច Print Screen ពី​វែបសាយ សមាគមខ្មែរ​កម្ពុជា​ក្រោម)

លោក នូ ហាច កើត​នៅ​ឆ្នាំ​១៩១៩ នៅ​ស្រុក​សង្កែ ខេត្តបាត់​ដំបង ហើយ​លោក​ត្រូវបានគេ​ជឿថាត្រូវបាន​ខ្មែរ​ក្រហម​សម្លាប់​នៅ​ឆ្នាំ១៩៧៥។ លោក​ធ្លាប់ធ្វើការជាមន្ត្រីទូត មន្ត្រី​យុត្តិធម៌ និង​មន្ត្រីរាជការស៊ីវិលក្នុង​តំណែង​ផ្សេង​ទៀត។

លោក នូ ហាច ក៏ជា​សមាជិក​ក្រុម​អ្នក​និពន្ធខ្មែរ​នៅ​សម័យ​សង្គម​រាស្រ្ត​និយម​ផង​ដែរ។ លោក​មាន​ស្នាដៃ​សរសេររឿង​ខ្លី កំណាព្យ និង​រឿង​ប្រ​លោម​លោក​ផ្សេងទៀត​ ដូចជា​ «មាលាដូងចិត្ត ឆ្នាំ១៩៧២ និង​រឿង​ត្រួយ​ជីវិត ​ឆ្នាំ១៩៧៣ ជាដើម។

សព្វថ្ងៃក៏មាន​ដែរ​ការ​យក​ឈ្មោះ​ លោកមក​ដាក់ជា​សមាគម​ដែលធ្វើការទាក់ទង​នឹងវិស័យ​​អក្សរ​សីល្ប៍ខ្មែរ គឺសមាគមអក្សរសីល្ប៍ នូ ហាច។

សម្តេច​ ព្រះ​សង្ឃរាជ ជួន ណាត៖ ព្រះ​អង្គប្រសូត្រ​នៅ​ឆ្នាំ​១៨៨៣ នៅ​ស្រុកគង​ពិសី ខេត្ត​កំពង់​ស្ពឺ និង​សុគត់ទៅ​វិញ​នៅ​ឆ្នាំ​១៩៦៩។ ព្រះអង្គត្រូវបាន​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​ទទួល​ស្គាល់​ថា​ជាអ្នកប្រាជ្ញខ្មែរ​មួយ​រូប ហើយ​ស្នាដៃ​ដែល​វិសេស​វិសាល​ដែល​ព្រះ​អង្គបន្សល់​ទុក​សម្រាប់​កូន​ខ្មែរជំនាន់ក្រោយ​នោះគឺ​ការ​រៀបចំបញ្ចប់​នូវ​ចនានុក្រម​ខ្មែរ ដែលស្គាល់ជាទូទៅថា​វនានុក្រម​ ជួន ណាត។

(រូបសំណាក​ សម្តេច ព្រះសង្ឃរាជ ជួន ណាត នៅ​ទីក្រុង​ភ្នំពេញ)

ក្រៅពី​ស្នាដៃនេះព្រះអង្គក៏ជា​អ្នក​និពន្ធ​បទភ្លេង​ជាតិ «នគររាជ» មាន​អត្ថន័យបង្ហាញពី​មោទនភាពជាតិ​ ដោយ​រៀប​រាប់ពី​ «ជាតិ សាសនា និង​ព្រះ​មហាក្សត្រ» របស់​កម្ពុជា។

ក្រៅពីកិច្ច​ការ​ទាំងនេះ​ព្រះ អង្គ​ក៏​ធ្លាប់ជា​ចាងហ្វាង​សាលាបាលីជាន់ខ្ពស់ និង​ជា​សមាជិកក្រុមជំនុំ​ព្រះត្រៃបិតក និង​ក៏ជា​ព្រះគ្រូចៅអធិការ​វត្ត​ឧណ្ណាលោម ក្នុង​រាជធានីភ្នំពេញ​​ផងដែរ។ នៅ​ឆ្នាំ​១៩៦៣ សម្តេច​ព្រះសង្ឃរាជ ក៏បាន​ទទួល​ព្រះឋានៈជាព្រះ​សង្ឃរាជទី១​នៃព្រះរាជាណាចក្រ​កម្ពុជា​ពីសម្តេច​ព្រះនរោត្តម សីហនុ ព្រះប្រ​មុខរដ្ឋនៃព្រះរាជាណាចក្រ​កម្ពុជានាសម័យ​នោះ​។

ក្រៅពី​មានស្នាដៃ​ខាងអក្សរសាស្រ្តខ្មែរ បាលី និង​សំស្ក្រឹត ព្រះ​អង្គក៏មាន​សមត្ថភាព​ប្រើប្រាស់​ភាសា​បរទេស​ដូចជា​វៀតណាម ឡាវ ថៃ បារាំង និង​អង់គ្លេសទៀត​ផង៕

ចុចអាន៖

អត្ថបទ៖ ទូច សុខា

អត្ថបទថ្មី