ពិតអត់? អាមេរិក អាចនឹងមានប្រធានាធិបតី កាន់តំណែងអស់មួយជីវិត

  • 2018-03-06 06:51:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក​ ដូណាល់​ ត្រាំ​ បាន​ថ្លែងថា វា​ជា​រឿង​ដ៏​អស្ចារ្យ​ ដែល​ប្រធានាធិបតី​ចិន អាច​នឹង​កាន់​តំណែង​អស់​មួយជីវិត ហើយ​​នៅ​ថ្ងៃ​ណាមួយ សហរដ្ឋ​អាមេរិក​ អាច​នឹង​​មាន​ប្រធានាធិបតី​កាន់​តំណែង​​អស់​មួយ​ជីវិតដូច​គ្នា​ដែរ។

ក្នុង​ការ​ថ្លែង​របស់លោក​នេះ ត្រូវ​បាន​គេ​នាំ​គ្នា​សើច​ និង​ទះ​ដៃអបអរ​ ក្នុង​ពិធី​ទទួល​ទាន​អាហារ​ថ្ងៃត្រង់​ជា​ផ្លូវ​ការ​ សម្រាប់​ក្រុម​អ្នក​ផ្ដល់​ជំនួយ​ដល់​គណបក្ស​សាធារណរដ្ឋ​ នៅ​អគារ​របស់​លោក​ នា​រដ្ឋ​ Florida ភាគ​ខាងត្បូង កាលពីថ្ងៃសៅរ៍កន្លងទៅ។​

លោក​ត្រាំ បាន​ថ្លែង​ថា៖ "គាត់ (ចង់​សំដៅ​​លើប្រធានាធិបតី​ចិន ស៊ី ជិនពីង) គឺ​ជា​ប្រធានាធិបតី​នាពេល​បច្ចុប្បន្ន ហើយ​ក៏​អាច​ជា​ប្រធានាធិបតី​អស់​មួយជីវិត​ដែរ។ គាត់​ពិត​ជា​អស្ចារ្យ​ណាស់។ ខ្ញុំ​គិត​ថា​វា​ជា​រឿង​ដ៏​អស្ចារ្យ​មួយ។ ប្រហែល​ថ្ងៃ​ណាមួយ យើង​នឹង​ធ្វើ​បែប​នោះដែរ"។

គួរ​បញ្ជាក់​ថា​ ថ្មីៗ​នេះ គណៈកម្មាធិការ​មជ្ឈិម​នៃ​បក្ស​កុម្មុយនីស្ដ​ចិន គ្រោង​រៀបចំ​លុប​កថាខណ្ឌ​ដែល​ចែង​ថា "ប្រធានាធិបតី និង​អនុ​ប្រធានាធិបតី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន អាច​កាន់​អំណាច​មិន​លើស​ពី ២អាណត្តិ" ចេញ​ពី​រដ្ឋធម្មនុញ្ញ​របស់​ចិន។ ការ​ធ្វើ​ដូច្នេះ ត្រូវ​បាន​គេ​ជឿថា ​ដើម្បី​ត្រួសត្រាយ​ផ្លូវឲ្យ​លោក ស៊ី ជិនពីង កាន់អំណាច​ជា​ប្រធានាធិបតី​អស់​មួយ​ជីវិត៕

ចុចអាន៖

ប្រភព៖ Kley Kley   ប្រែ​សម្រួល៖ អឹុម ម៉េងស៊ាង