ណែនាំ​ឲ្យ​ស្គាល់​កាមេរ៉ា​ GoPro ទាំង ៦ ប្រភេទ កុំ​ឲ្យ​ពិបាកពេលទៅ​រកទិញ​តាមហាង

  • 2018-03-07 01:48:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

GoPro ជា​ប្រេនកាមេរ៉ា​ប្រភេទ​សកម្មភាព​ (Action) មាន​ភាព​ល្បីល្បាញ​ ដែល​អ្នក​ថត​វីដេអូ​អាជីព​ ឬ​មិន​អាជីព​ កំពុង​លុង​នឹង​សមត្ថភាព​របស់​វា​។ ជាង​នេះ​ទៅ​ទៀត​ សម្ភារៈ​ពាក់ព័ន្ធ​សម្រាប់​ដាក់​ភ្ជាប់​នឹង​ឧបករណ៍​នានា​ បង្ក​លក្ខណៈ​ ឲ្យ​ការ​បង្កើត​ប្លង់​វីដេអូ​បែប​ច្នៃប្រឌិត​កាន់​តែ​មាន​ភាព​ងាយស្រួល​។

មក​ដល់​ពេល​នេះ​ GoPro មាន​កាមេរ៉ា​ ៣ ប្រភេទ​ធំ​រួមមាន​ Fusion (៣៦០ ដឺក្រេ), Hero Black និង​ Hero Session។

១) GoPro Fusion

Fusion ជា​កាមេរ៉ា​អាច​ថតរូប​បាន​ ៣៦០ ដឺក្រេ​ បន្សំ​ពី​ Lens ១៨០ ដឺក្រេ​ពីរ​គ្រាប់​នៅ​សង​ខាង​តួ​កាមេរ៉ា​។ វា​អាច​ថត​វីដេអូ​មាន​ Resolution ៥.២K ល្បឿន ៣០ Frames ក្នុង​មួយ​វិនាទី​ តែ​ក៏​អាច​ជ្រើសរើស​ Resolution ៣K ល្បឿន​ ៦០ Frames ក្នុង​វិនាទី​បាន​ផង​ដែរ​។ ចំណែក​ការ​ថតរូប​ភាព​ធម្មតា​ទំហំ​ ១៨ Megapixels។

កាមេរ៉ា​នេះ​ អាច​ត្រាំ​ទឹក​ជម្រៅ​ ៥ ម៉ែត្រ​, មាន​ថាមពល​ថ្ម​ ២ ៦២០mAh ដោយ​អាច​ថត​បាន​ ៧០ នាទី​ មុន​ពេល​ត្រូវការ​សាក​។

មុខងារ​ចម្បង​របស់​កាមេរ៉ា​គឺ​ OverCapture ដែល​អាច​ឲ្យ​អ្នក​បង្កើត​ជា​វីដេអូ​ថ្មី​កម្រិត​ ១០៨០p ពី​ក្នុង​វីដេអូ​កម្រិត​ ៥.២K ត្រង់​ផ្នែក​ណា​មួយ​។ ម្យ៉ាងទៀត​ អ្នក​អាច​ពិនិត្យ​មើល​ទិដ្ឋភាព​ជា​ទម្រង់​ ៣៦០, ផែនដី​ពី​ចម្ងាយ​ ឬ​ផ្ទៃ​រាប​បាន​។

២) GoPro Hero6 Black

Hero6 Black អាច​ថតរូប​ធម្មតា​ប្រភេទ​ HDR (High Dynamic Range) និង​វីដេអូ​មាន​ Resolution ៤K ល្បឿន​ដល់​ទៅ​ ៦០ Frames ក្នុង​មួយ​វិនាទី​ និង​វីដេអូ​មាន​ Resolution 1080p ល្បឿន​ដល់​ទៅ​ ២៤០ Frames ក្នុង​មួយ​វិនាទី​ សម្រាប់​វីដេអូ​យឺត​ៗ​ (Slow motion)។

កាមេរ៉ា​មាន​បំពាក់​ប្រព័ន្ធ​ទប់​លំនឹង​កម្រិត​ខ្ពស់​ ដើរ​តួនាទី​ដូច​ទៅ​នឹង​ឧបករណ៍​ Gimbal 3-axis ដែល​ជួយ​កាត់​បន្ថយ​ការ​រង្គើ​ដល់​ប្លង់​វីដេអូ​។ វា​ក៏​ជា​កាមេរ៉ា​ដំបូង​ ដែល​អាច​ថត​ក្នុង​ទម្រង់​ HEVC (H.265) codec ផង​ដែរ​។

កាមេរ៉ា​ផ្ដល់​រូបភាព​ច្បាស់​ល្អ​ នេះ​ដោយសារ​ Chip ថ្មី​ GP1 ដែល​ជួយ​ពង្រឹង​សមត្ថភាព​កាមេរ៉ា​ បាន​ច្រើន​បើ​ប្រៀប​នឹង​ម៉ូដែល​មុន​ៗ។ ​

កាមេរ៉ា​អាច​ជ្រមុជ​ទឹក​ជម្រៅ​ ១០ ម៉ែត្រ​, មាន​ថាមពល​ថ្ម​ ១២២០mAh។

មុខងារ​ QuikStories លើ​កាមេរ៉ា​មាន​សមត្ថភាព​វិភាគ,​ សម្គាល់​មុខ​, កំណត់​សំឡេង​ ជួយ​ជ្រើសរើស​តំបន់​សកម្មភាព​កំពុង​កើតឡើង​បាន​ល្អ​ប្រសើរ​ក្នុង​វីដេអូ​។

អ្នក​អាច​គ្រប់គ្រង​ Hero6 ដោយ​ប្រើ​ប៊ូតុង​ ឬ​ Touchscreen ឬ​ប្រើ​សំឡេង​ ដើម្បី​ឲ្យ​កាមេរ៉ា​អនុវត្ត​ការងារ​ថតរូប​។

៣) GoPro Hero5 Black

បើ​អ្នក​មិន​ខ្វល់​នឹង​រូបភាព​ប្រភេទ​ HDR (High Dynamic Range) ឬ​ ល្បឿន​ចាប់​ Frame ខ្ពស់​របស់​វីដេអូ​ អ្នក​អាច​ពិចារណា​ Hero5។

កាមេរ៉ា​អាច​ថតរូប​ទំហំ​ ១២ Megapixels និង​វីដេអូ​មាន​ Resolution 4K។ វា​មាន​សម្ភារៈ​ជាច្រើន​សម្រាប់​បំពាក់​នឹង​ឧបករណ៍​នានា​ ងាយស្រួល​ក្នុង​ការ​ថត​។

កាមេរ៉ា​អាច​ជ្រមុជ​ទឹក​ជម្រៅ​ ១០ ម៉ែត្រ​, មាន​ថាមពល​ថ្ម​១២២០mAh។ កាមេរ៉ា​នេះ​មិន​មាន​បំពាក់​ Chip GP1 នោះ​ទេ​។ យ៉ាង​ណា​មិញ​ អ្នក​អាច​កាត់​ត​រូប​លើ​ទូរសព្ទ​តាម​កម្មវិធី​ GoPro បាន​ទាំង​លើ​ iOS និង​ Android។

៤) GoPro Hero4 Black

Hero4 មិន​មាន​បំពាក់​ប្រព័ន្ធ​ការពារ​ជ្រាប​ទឹក​លើ​តួ​កាមេរ៉ា​នោះ​ទេ​ តែ​សមត្ថភាព​ផ្សេងៗ​ក៏​មិន​អន់​ដែរ​។

កាមេរ៉ា​អាច​ថត​វីដេអូ​មាន​ Resolution ៤K ល្បឿន​ ៣០ Frames ក្នុង​មួយ​វិនាទី​, រូបភាព​ធម្មតា​ទំហំ​ ១២ Megapixels អាច​ថត​ជាប់ៗ​គ្នា​បាន​ល្បឿន​ ៣០ Frames ក្នុង​មួយ​វិនាទី​ និង​ SuperView មាន​ Aspect ratio ពី​ ៤:៣ ទៅ ១៦:៩។

វា​ក៏​មាន​មុខងារ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ផ្សេង​ទៀត​ រួម​មាន​ប្លង់​ទិដ្ឋភាព​បង្ហាញ​ជា​លក្ខណៈ​ Ultra wide, Medium ឬ​ Narrow។ ហើយ​អាច​ប្រើ​ Wi-Fi, Bluetooth, អាច​ការពារ​ជម្រាប​ទឹក​ដោយ​ប្រអប់​ ជម្រៅ​ ៤០ម៉ែត្រ​, មេម៉ូរីកាត​អាច​ប្រើ​បាន​ដល់​ ៦៤GB និង​ថាមពល​ថ្ម​មាន​ ១១៦០mAh។

មុខងារ​សំខាន់​ផ្សេងៗ​រួមមាន​ Auto low-light mode, night mode, time lapse mode, អាច​ថត​រូបភាព​ និង​វីដេអូ​ដំណាល​គ្នា​បាន​, វីដេអូ​ទៅ​មក​ដដែលៗ (​Looping) និង​ បង្វិល​រូបភាព​ស្វ័យប្រវត្តិ​។ មួយ​វិញ​ទៀត​ អ្នក​ក៏​អាច​ភ្ជាប់​ឧបករណ៍​បំពង​សំឡេង​ប្រើ​បាន​ផង​ដែរ​។

៥) GoPro Hero5 Session

Hero5 Session មាន​ទំហំ​តូច​ តែ​អាច​ផលិត​វីដេអូ​បាន​យ៉ាង​ល្អ​។ វា​អាច​ប្រើ​ QuikStories និង​ភ្ជាប់​ជាមួយ​កម្មវិធី​ GoPro លើ​ទូរសព្ទ​បាន​។

កាមេរ៉ា​អាច​ជ្រមុជ​ទឹក​ជម្រៅ​ ១០ ម៉ែត្រ​, អាច​ប្រើ​ Wi-Fi និង​ Bluetooth ព្រម​ទាំង​អាច​ថត​ប្រើ​ Mode ទាំង​នេះ​បាន​មាន​ Photo, Burst Mode, Night Photo, Video, Looping, Time Lapse Photo, Time Lapse Video និង Night Lapse Photo។

វីដេអូ​ថត​បាន​នឹង​ល្អ​ និង​អាច​កាត់​បន្ថយ​សំឡេង​រំខាន​ពី​ខាងក្រៅ​បាន​ល្អ​ប្រសើរ​។

កាមេរ៉ា​នេះ​ក៏​អាច​បញ្ជា​ដោយ​សំឡេង​បាន​ផង​ដែរ​។ ជា​រួម​ គ្រាន់​តែ​តូច​ ធូរ​ថ្លៃ​ជាង​ និង​អត់​មាន​ Touchscreen បើ​ប្រៀប​នឹង​ Hero5 Black។

៦) GoPro Hero Session

Hero Session មាន​រូបរាង​ ទំហំ​ ដូច​ទៅ​នឹង​ Hero5 Session ដែរ​ គ្រាន់​តែ​បាត់បង់​មុខងារ​មួយ​ចំនួន​។

កាមេរ៉ា​អាច​ថត​វីដេអូ​មាន​ Resolution ១៤៤០p ល្បឿន​ ៣០ Frames ក្នុង​មួយ​វិនាទី​, ១0៨០p ល្បឿន​ ៦០ Frames ក្នុង​មួយ​វិនាទី​។ ចំណែក​រូបភាព​ធម្មតា​មាន​ទំហំ​ ៨Megapixels បើ​ថតរូប​ជាប់ៗ​គ្នា​ចាប់​បាន​ល្បឿន​ ៣០ Frames ក្នុង​មួយ​វិនាទី​ ព្រម​ទាំង​មាន​ SuperView ផង​ដែរ​ គ្រាន់​តែ​មាន​ដែន​កំណត់​។

កាមេរ៉ា​អាច​បង្ហាញ​ទិដ្ឋភាព​ប្រភេទ​ Ultra wide និង​ Medium, អាច​ប្រើ​ Wi-Fi និង​ Bluetooth, ជ្រមុជ​ទឹក​ជម្រៅ​ ១០ ម៉ែត្រ​, មេម៉ូរី​ប្រើ​បាន​ដល់​ទៅ​ ៦៤GB និង​ថាមពល​ថ្ម​មាន​ ១០០០mAh។ យ៉ាង​ណា​មិញ​ កាមេរ៉ា​នេះ​មិន​អាច​ប្រើ​ឧបករណ៍​បំពង​សំឡេង​ភ្ជាប់​ប្រើ​ក្រៅ​បាន​នោះ​ទេ​ តែ​ក៏​មាន​មុខងារ​ល្អ​ៗ​ ដទៃ​ទៀត​ពាក់ព័ន្ធ​ការ​ថត​ផង​ដែរ​។

ជា​រួម​ អ្នក​អាច​ពិនិត្យ​មើល​លំដាប់​ថ្នាក់​ជំនាន់​ចាប់​ពី​ខ្ពស់​ទៅ​ទាប​ ពាក់ព័ន្ធ​នឹង​លក្ខណៈសម្បត្តិ​ និង​តម្លៃ​ ដើម្បី​ឲ្យ​ត្រូវ​នឹង​អ្វី​អ្នក​ចង់​បាន​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Pocket Lint   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទថ្មី