៦ឃ្លានេះប្រុសៗអន់ចិត្តបំផុត ពេលឮពីសង្សារ តែចេះតែទ្រាំៗទៅធ្វើម៉េចស្រលាញ់គេ

  • 2018-03-07 03:00:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​សង្សារ​នឹង​គ្នា គឺ​ជា​ដំណាក់​កាល​ដ៏​ផ្អែមល្ហែម ក្នុង​ជីវិត​គូ ទាមទារ​ឲ្យ​មាន​ការ​យល់​ចិត្ត​គ្នា​បំផុត ទើប​អាច​ឈាន​ដល់​ដំណាក់​កាល​ក្លាយ​ជា​ប្ដី​ប្រពន្ធ។ ភាព​រកាំរកូស​អាច​កើត​មាន​មិន​ចេះ​ចប់ ក្នុង​ដំណាក់​កាល​នេះ ជួន​កាល​កើត​ឡើង​ពី​ការ​អន់​ចិត្ត នៃ​ភាគី​ណា​ម្នាក់។ ខាង​ក្រោម​នេះ គឺ​ជា​ឃ្លា​ទាំង ៦​ ដែល​បុរសៗ​អន់​ចិត្ត​ខ្លាំង​បំផុត ពេល​ឮ​ពី​សង្សារ​របស់​ខ្លួន៖ ​

១. អូន​ឃើញ​សង្សារ​មិត្ត​ភក្ដិ​អូន​ឡើង​កាលីប​ជាង​បង​ឯង​ទៀត៖ ពាក្យ​មួយ​ឃ្លា​នេះ​នារីៗ​មិន​គួរ​និយាយ ទៅ​កាន់​សង្សារ​ឡើយ ព្រោះ​នេះ​ជា​ការ​ប្រៀបធៀប​សង្សារ​ខ្លួន​ ជាមួយ​អ្នក​ដទៃ។ ភាគី​បុរស​ពេល​ឭ​មួយ​ប្រយោគ​នេះ​ហើយ គឺ​ចុក​ឈាម​បំផុត ហើយ​គិត​ថា​ខ្លួន​ឯង​មិន​មាន​អ្វី​ដូច​គេ។

២. បង​ឯង​មិន​ដែល​ធ្វើ​អី​ឲ្យ​អូន Surprise ដូច​សង្សារ​គេ​សោះ៖ មួយ​ឃ្លា​នេះ ក៏​មិន​គួរ​និយាយ​ដូច​គ្នា ពេល​ខ្លះ​​មនុស្ស​ប្រុស​មិន​​ពូកែ Surprise មិន​មែន​មាន​ន័យ​ថា​គេ​មិន​ស្រលាញ់​សង្សារ​​ខ្លួន​ឡើយ តែ​បង្ហាញ​តាម​រយៈ​ការ​យក​ចិត្ត​ទុក​ដាក់ ព្រួយ​បារម្ភ គ្រប់​ពេល​វេលា​ទៅ​វិញ​ទេ។

៣. រវាង​គ្រួសារ​បង​ឯង និង​អូន​បង​ឯង​រើស​មួយ​ណា៖ មនុស្ស​ស្រី​មួយ​ចំនួន​ឧស្សាហ៍​និយាយ​បែប​នេះ ក្នុង​គោល​បំណង​ចង់​ដឹង​ថា សង្សារ​ស្រលាញ់​ខ្លួន​ខ្លាំង​ទេ ឬ​មួយ​ក៏​ពេល​ខ្លះ​ខាង​ប្រុស​ចំណាយ​ពេល​នៅ​ជាមួយ​គ្រួសារ​ច្រើន​ជាង​ខ្លួន។ ប្រុស​ៗ​អន់​ចិត្ត​ខ្លាំង​បំផុត ពេល​ឭ​ពាក្យ​បែប​នេះ​ពី​មនុស្ស​ជា​ទី​ស្រលាញ់ ព្រោះ​នារី​ជា​ទី​ស្រលាញ់​ហាក់​មិន​យល់​ពី​ទំហំ​ចិត្ត ដែល​គេ​មាន​ចំពោះ​នាង​សោះ។

៤. បើ​ស្រលាញ់​ការងារ​រៀបការ​ជាមួយ​ការងារ​ទៅ៖ ស្នេហា​ក៏​សំខាន់ ចំណែក​ឯ​ការងារ​ក៏​កាន់​តែ​សំខាន់​ ព្រោះ​បើ​គ្មាន​លុយ តើ​អាច​ស្វែង​រក​អនាគត​ជាមួយ​មនុស្ស​ជា​ទី​ស្រលាញ់​ដោយ​របៀប​ណា? ដូចនេះ​បើ​ខាង​ប្រុស​រវល់​ខ្លាំង​ជាមួយ​ការងារ​ មិន​សូវ​មាន​ពេល​ជួប​នារីៗ​មិន​គួរ​និយាយ​បញ្ឆេះ​បែប​នេះ​ឡើយ។ ផ្ទុយ​មក​វិញ​ត្រូវ​ផ្ដល់​កម្លាំង​ចិត្ត ទើប​ជា​រឿង​ដ៏​ប្រសើរ​បំផុត។

៥. បង​ឯង​អត់​ពូកែ​រក​លុយ៖ មួយ​ប្រយោគ​នេះ ហាក់​បន្តុះ​បង្អាប់​សង្សារ​ខ្លួន​យ៉ាង​ខ្លាំង​ ថា​ជា​មនុស្ស​គ្មាន​សមត្ថភាព មិន​អាច​រក​លុយ​ឲ្យ​ច្រើន​ទិញ​សម្ភារៈ​និយម​ដែល​ខ្លួន​ត្រូវ​ការ។ មនុស្ស​ប្រុស​នឹក​តូច​ចិត្ត​ខ្លួន​ឯង​ បន្ទោស​ខ្លួន​ឯង ហើយ​ពេល​ខ្លះ​គេ​សឹង​តែ​ចង់​ចាក​ចេញ​ពី​នារី​នោះ​ទៀត​ផង។ ​

៦. ចេះ​តែ​ស្រលាញ់​ទៅ​បើ​អស់​ជម្រើស​ហើយ៖ ពេល​ខ្លះ​នារី​ៗ​គិតថា គ្រាន់​តែ​និយាយ​លេង​ជាមួយ​សង្សារ​ខ្លួន តែ​មិន​ដឹង​ទេ​ថា បេះដូង​ខាង​ប្រុស​កំពុង​ខ្ទេចខ្ទាំ​ជា​បំណែក​ៗ​អស់​ហើយ។ មាន​ន័យ​ថា មក​ពី​គេ​គ្មាន​ជម្រើស​ទើប​គេ​មក​ស្រលាញ់ មិន​មែន​ស្រលាញ់​ដោយ​ចេញ​ពី​បេះដូង​ឡើយ។

សូមបញ្ជាក់​ថា ៦ឃ្លាខាងលើនេះ គឺ Sabay បានធ្វើបទសម្ភាសពីយុវជនមួយចំនួន ជុំវិញបញ្ហានេះ ហើយភាគច្រើនបំផុត បានលើកឡើងដូចរៀបរាប់ខាងលើនេះ៕

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទពេញនិយម