បុរស​ម្នាក់​បើក​ឡាន​អគ្គិសនី​ជុំវិញ​ពិភពលោក តែ​មក​ជាប់​​នៅ​ឥណ្ឌូណេស៊ី​ទៅ​មុខ​អត់​រួច​

  • 2018-03-08 02:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Wiebe Wakker បាន​ធ្វើ​ឆ្លងកាត់​ជា​ច្រើន​ប្រទេស​មក​ហើយ ដោយ​បើកបរ​ឡាន​១​គ្រឿង​មាន​ឈ្មោះ​ថា Blue Bandit ក្នុង​គោល​បំណង​ផ្សព្វផ្សាយ​អត្ថប្រយោជន៍​របស់​រថយន្ត​អគ្គិសនី។ បច្ចុប្បន្ន បុរស​សញ្ជាតិ​ហុល្លង់​រូប​នេះ​កំពុង​ជាប់​គាំង​ខ្លួន​មិន​អាច​បន្ត​ដំណើរ​ទៅ​មុខ​បាន​ទៀត នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី។

មូលហេតុ​ដែល​មិន​អាច​ចាក​ចេញ​ពី​ឥណ្ឌូណេស៊ី​បាន​គឺ​ព្រោះ​តែ​រថយន្ត​អគ្គិសនី​របស់​លោក​បាន​ខូច​មិន​ទាន់​ជួសជុល​រួច អស់​រយៈពេល​ជាង ២​ខែ​មក​ហើយ។ លោក Wiebe រៀបរាប់​ថា៖ "ខ្ញុំ​បើកបរ​លើ​ចម្ងាយ​ផ្លូវ ៦​ម៉ឺន​គីឡូម៉ែត្រ ក្នុង​ប្រទេស​ចំនួន​៣១ ដោយ​មិន​មាន​បញ្ហា​ធ្ងន់ធ្ងរ​នោះ​ទេ។ នេះ​ជា​រថយន្ត​ចាស់​ដែល​ផលិត​តាំង​ពី​ឆ្នាំ​២០០៩ ហើយ​ជា​រថយន្ត​ផលិត​ឡើង​ដោយ​ខ្លួន​ឯង។ វា​ត្រូវ​ការ​ជំនាញ​មួយ​ចំនួន​ច្បាស់លាស់​ក្នុង​ការ​ជួសជុល​រថយន្ត​នេះ មិនមែន​ដូច​រថយន្ត​ដែល​គេ​ទិញ​ពី​រោងចក្រ ហើយ​អាច​ជួសជុល​​នៅ​ទីណា​ក៏​បាន​នោះ​ទេ"។

បច្ចុប្បន្ន អ្នក​ជំនាញ​មក​ពី​ហុល្លង់​បាន​មក​ដល់​ប្រទេស​ឥណ្ឌូណេស៊ី ដើម្បី​ជួយ​លោក Wiebe ហើយ ក្នុង​ការ​ជួសជុល​រថយន្ត Blue Bandit។ រាល់​ថ្លៃ​ចំណាយ នឹង​ត្រូវ​រ៉ាប់រង​ដោយ​គម្រោង Plug Me In ដែល​លោក Wiebe កំពុង​តែ​ធ្វើ​នេះ​ឯង។

“ខ្ញុំ​ចូលចិត្ត​ប្រទេស​ទាំង​នេះ​ខ្លាំង​ណាស់ ព្រោះ​វា​ជា​កន្លែង​ដែល​ខុស​ប្លែក​ពី​ប្រទេស​អឺរ៉ុប ប្រទេស​ទាំង​នោះ​មាន​ដូចជា ឥណ្ឌា មីយ៉ាន់ម៉ា ថៃ និង​ឥណ្ឌូណេស៊ី ជា​ដើម។ បើ​អ្នក​យក​រថយន្ត​អគ្គិសនី​ទៅ​ជិះ​នៅ​ប្រទេស​ទាំង​នោះ អ្នក​នឹង​មាន​អារម្មណ៍​ដូចជា​អ្នក​ត្រួសត្រាយ​ផ្លូវ​ឲ្យ​ពួក​គេ​អ៊ីចឹង" នេះ​ជា​ការ​លើក​ឡើង​របស់​លោក Wiebe៕

ប្រភព៖ Kley Kley   ប្រែសម្រួល៖ ឈាង​

អត្ថបទថ្មី