ចំណោម​លីគ​អឺរ៉ុប​ធំៗ​ អង់គ្លេស​ដូរ​មុខ​ម្ចាស់​ពាន​ច្រើន​ជាង​គេ នៅ​ ៥​រដូវ​កាល​ចុង​ក្រោយ

  • 2018-03-12 12:03:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​ចាប់​ពី​រដូវ​កាល ២០១២/១៣ មក ក្នុង​ចំណោម​លីគ​ធំៗ​ទាំង ៥ នៅ​អង់គ្លេស ក្របខ័ណ្ឌ Premier League មាន​ចំនួន​ក្លឹប​ដែល​ឈ្នះ​ពាន​ច្រើន​ជាង​គេ។

ក្នុង​អំឡុង​ពេល​ ៥រដូវកាលចុងក្រោយនេះ មាន​ក្លឹប​ចំនួន ៤​ដែល​បាន​ឈ្នះ​ពាន Premier League។ ក្នុង​នោះ​បិសាច​ក្រហម Manchester United បាន​ឈ្នះ​ក្នុង​រដូវ​កាល ២០១២/១៣ ខណៈ​ក្លឹប​រួម​ទី​ក្រុង Manchester City បាន​លើក​ពាន​លីគ​រដូវ​កាល​បន្ទាប់។ Chelsea គឺ​ជា​ក្លឹប​ជើង​ឯក នៅ​រដូវ​កាល ២០១៤/១៥។ ចំណែក​ឯ រដូវ​កាល ២០១៥/១៦ វិញ Leicester City បាន​ធ្វើ​ឲ្យ​កក្រើក​ពិភព​បាល់ទាត់ ដោយ​ក្លឹប​បាន​ធ្វើ​បាន​សម្រេច​ក្នុង​ការ​លើក​ពាន Premier League។ ទោះ​ជា​យ៉ាង​ណា តោ​ខៀវ បាន​ត្រលប់​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​បាល់ទាត់​អង់គ្លេស​វិញ​កាល​ពី​រដូវ​កាល​មុន។ ដោយ​ឡែក​ ក្នុង​រដូវ​កាល​នេះ បើ​យោង​តាម​ពិន្ទុ​ និង​ទម្រង់​លេង​ក្នុង​លីគ Manchester City អាច​នឹង​លើក​ពាន Premier League នា​ពេល​ឆាប់ៗ​ខាង​មុខ។

ក្រឡេក​មើល​លីគ​ធំៗ​ដទៃ​ទៀត​នៅ​អឺរ៉ុប លីគ​ដែល​មាន​ការ​ដូរ​ក្លឹប​ឈ្នះ​ច្រើន​បន្ទាប់​ពី​លីគ​កំពូល​អង់គ្លេស គឺ La Liga នៅ​អេស្ប៉ាញ។ នា​ ៥​រដូវ​កាល​ចុង​ក្រោយ​នេះ មាន​ក្លឹប​ចំនួន ៣ បាន​ឈ្នះ ក្នុង​នោះ Barcelona បាន​ឈ្នះ ៣​លើក (២០១២/១៣, ២០១៤/១៥, និង ២០១៥/១៦) ខណៈ​ក្លឹប​ Madrid ទាំង​ពីរ​ក៏​បាន​លើក​ពាន​ ១​លើក​រៀងៗខ្លួនផង​ដែរ ក្នុង​អំឡុង​ពេល​នេះ (Atletico Madrid ឈ្នះ​រដូវ​កាល ២០១៣/១៤ ឯ Real Madrid ឈ្នះ​រដូវ​កាល ២០១៦/១៧)។

នៅ​បារាំង​វិញ មាន​ការ​ដូរ​ម្ចាស់​ជើង​ឯក ចំនួន ២​លើក គិត​ចាប់​ពី​រដូវ​កាល ២០១២/១៣មក។ PSG ឈ្នះ ៤​លើក​ជាប់​គ្នា (២០១២-២០១៦) ក្នុង​អំឡុង​ពេល​នេះ ខណៈ Monaco ធ្វើ​បាន​សម្រេច​កាល​ពី​រដូវ​កាល​មុន។

ដោយ​ឡែក​ ក្នុង​អំឡុង​ពេល​ដូច​គ្នា មាន​លីគ​ចំនួន ២ ដែល​មិន​ទាន់​ដូរ​មុខ​ម្ចាស់​ពាន គឺ Bundesliga របស់​អាល្លឺម៉ង់ (ក្លឹប Bayern Munich) និង Serie A របស់​អ៊ីតាលី (ក្លឹប Juventus)៕

ប្រភព៖ Four Four Two   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម