ដាច់បាយបណ្តើរៗ អ្នកប្រកបរបរបញ្ចូលបទចម្រៀងទូរសព្ទ
- 2018-03-12 04:58:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដាច់បាយបណ្តើរៗ អ្នកប្រកបរបរបញ្ចូលបទចម្រៀងទូរសព្ទ
ចន្លោះមិនឃើញ
អ្នកប្រកបរបរបញ្ចូលបទចម្រៀង ទូរសព្ទកំពុងត្អូញត្អែរពីការរកចំណូលធ្លាក់ចុះ។
លោក ឡៃ អៀវ ជាអ្នកប្រកបរបរបញ្ចូលបទចម្រៀងជាង ២ ទៅ ៣ឆ្នាំ នៅម្ដុំផ្សារទួលសង្កែបានប្រាប់ Sabay ថា ពីមុនលោកអាចរកចំណូល ពីការបញ្ចូលបទចម្រៀងមួយថ្ងៃ ២០ ទៅ ៣០ ដុល្លារ គួបផ្សំជាមួយអ៊ុតទូរសព្ទ ដោះលេខកូដនិងបញ្ចូលកម្មវិធីផ្សេងៗ។
លោកថា ឥលូវអ្នកមានទូរសព្ទទំនើបៗច្រើន គេចេះប្រើកម្មវិធីបញ្ចូលបទចម្រៀងដោយខ្លួនឯង ធ្វើឲ្យរបររកបានមិនសូវដូចមុន។
ងាកមកលោក វាស្នា ជាអ្នកធ្លាប់ប្រកបរបរនេះដែរ បានប្រាប់ថាពីមុនលោកបញ្ចូលបទចម្រៀងដែរ តែឥលូវឈប់ហើយ ព្រោះគ្មានអ្នកមកបញ្ចូលទៀតទេ ភាគច្រើនមានតែអ្នកមកអ៊ុតទូរសព្ទ បុកប្រូគ្រាម បញ្ចូលកម្មវិធី បង្កើត Facebook និងជួលជុលទូរសព្ទតិចតួចប៉ុណ្ណោះ។
លោកបន្តថា ពីមុនបញ្ចូលបទចម្រៀងបានថ្លៃ ដោយគិតលើទំហំ GB ដោយមួយ 1GB បាន ៤ពាន់ ទៅ៥ពាន់រៀល តែដល់ពេលឥលូវ 1GB បានតែ ២ពាន់ ភាគច្រើនមានតែអ្នកធ្វើការរោងចក្របញ្ចូលរឿងភាគ។ ពេលខ្លះរកតែអ្នកមកបញ្ចូលក៏គ្មានផង ព្រោះគេមានស្មាតហ្វូនទំនើបៗប្រើច្រើន ជាពិសេសអុីនធឺណិតធូរថ្លៃបើកមើល YouTube លេង Facebook បានសេរី មិនបាច់ពិបាកបញ្ចូលបទចម្រៀងដូចមុន នាំតែពេញទូរសព្ទដើរយឺត។
ចំណែកឯលោក ទ្រី ជាអាជីវករអ្នកលក់ទូរសព្ទនៅផ្សារឃ្លាំងរំសេវ ក៏បានប្រាប់ដែរថា អ្នកប្រកបរបរបញ្ចូលបទចម្រៀងគ្មានអ្នកបញ្ចូលទៀតទេ បើចង់មើលបទចម្រៀង និងរឿង បញ្ចូលតែកាត់ទូរសព្ទតែ ១ដុល្លារមើលបានរាប់ម៉ោង និងអាច Download ខ្លួនឯងយកមកទុកមើលបានពេលក្រោយបានទៀត។
លោកថា អ្នកបញ្ចូលបទចម្រៀងឥលូវងាកមកធ្វើជាជាងទូរសព្ទ ព្រោះអាចរកប្រាក់បានច្រើនជាង ចំណែកអ្នកខ្លះទៅរកការងារផ្សេងធ្វើ។ បើនៅមាន មានតែអ្នកអ៊ុតទូរសព្ទ ដោះលេខកូដ បង្កើត Apple ID, Facebook ប៉ុណ្ណោះតែចំណូលមិនសូវបានច្រើនដូចមុនឡើយ។
មិនខុសពីអ្នកប្រកបរបរខាងជាជាងអ្នកអ៊ុតទូរសព្ទ កុំព្យូទ័រ នៅម្ដុំវិទ្យាល័យសន្ធរមុខមួយរូប សូមមិនបញ្ចេញឈ្មោះបានប្រាប់មកកាន់ Sabay ដែរថា អ្នកប្រើទូរសព្ទបច្ចុប្បន្នលែងបញ្ចូលបទចម្រៀងតាមទូរសព្ទទៀតហើយ ព្រោះមានស្មាតហ្វូន ល្អៗប្រើប្រាស់អីុនធឺណិតបានស្រួល អាចមើលកម្មវិធីកម្សាន្តផ្សេងៗបានលឿន។
លោកបន្តថារាល់ថ្ងៃលោកអ៊ុតតែ កុំព្យូទ័រ ទូរសព្ទ ដោះលេខកូដ និងជួសជុលទូរសព្ទខ្លះៗប៉ុណ្ណេះ ព្រោះភាគច្រើនអ្នកមករកលោកមិនដែលមានអ្នកបញ្ចូលបទចម្រៀងឡើយ៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អត្ថបទបន្ត៖