មក​ដឹង​អត្ថន័យ​បង្កប់​ទាំង​ស្រុង​ក្នុង​ MV ថ្មី "Delicate” របស់ Taylor Swift

  • 2018-03-12 10:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​ពេល​ Taylor Swift ឈ្នះ​ពាន​រង្វាន់​ដ៏​ធំ​មួយ​គឺ​តារា​ចម្រៀង​ស្រី​ប្រចាំ​ឆ្នាំ​នៅ​ក្នុង​កម្មវិធី iHeartRadio Music Awards នាង​បាន​បញ្ចេញ​វីដេអូ​ចម្រៀង​សម្រាប់​បទ "Delicate”។ ក៏​ប៉ុន្តែ​តារា​រូប​នេះ​មិន​បាន​បង្ហាញ​ខ្លួន​ដើម្បី​ទទួល​ពាន​នៅ​ទី​នោះ​ទេ ដោយ​សារ​តែ​នាង​តែង​តែ​សម្ងំ​លាក់​ខ្លួន​ពី​សំណាក់​មនុស្ស​ខាង​ក្រៅ​អស់​រយៈ​ពេល​ជា​ច្រើន​ខែ​មក​ហើយ។

“Delicate” គឺ​ជា​វីដេអូ​ចម្រៀង​ទី​៤​ នៅ​ក្នុង​អាល់ប៊ុម​ "Reputation” ហើយ​ក៏​ជា​បទ​ចម្រៀង​ដែល​និយាយ​អំពី​នាង​ផ្ទាល់​ខ្លួន​តែ​ម្ដង។ បទ​ចម្រៀង​នេះ​បក​ស្រាយ​អំពី​ពេល​វេលា​ក៏​ច្របូក​ច្របល់​របស់​នាង​ជាមួយ​និង​អ្នក​កាសែត​ព្រម​ទាំង​សេចក្ដី​ស្នេហា​។ Taylor បាន​ប្រកាស​ប្រាប់​អ្នក​គាំទ្រ​ក្នុង​កម្មវិធី​មួយ​កាល​ពី​ឆ្នាំ​មុន​ថា បទ​ចម្រៀង "Delicate” និយាយ​អំពី​អារម្មណ៍​នាង​នៅ​ពេល​ជួប​មនុស្ស​ម្នាក់​ដែល​ខ្លួន​ពិត​ជា​ចង់​ឲ្យ​ចូល​មក​កាន់​ជីវិត​ខ្លួន ប៉ុន្តែ​ក្នុង​ចិត្ត​ព្រួយ​បារម្ភ​ពី​អ្វី​ដែល​អ្នក​កាសែត​ធ្លាប់​សរសេរ​ពី​នាង​។ នេះ​ដូច​ជា​ឃ្លា​មួយ​នាង​ច្រៀង​ថា "My reputation's never been worsem so you must like me for me.” សំដៅ​លើ​ភាព​ល្អក់​កករ​អំពី​រូបភាព​នាង​ដែល​អ្នក​កាសែត​តែង​តែ​សរសេរ ហើយ​ប្រសិន​ជា​មាន​អ្នក​ណា​ស្រលាញ់​ពេញ​ចិត្ត​នាង​នោះ ត្រូវ​ស្រលាញ់​នាង​ទាំង​ដែល​មាន​ព័ត៌មាន​អាក្រក់​ពី​នាង​ជា​ច្រើន។

នៅ​ក្នុង​វីដេអូ​ក៏​បង្ហាញ​ពី​នាង​ព្យាយាម​គេច​ពី​អ្នក​កាសែត​និង​អ្នក​គាំទ្រ​ជា​ច្រើន​ ហើយ​ចង់​មាន​ពេល​ផ្ទាល់​ខ្លួន​ខ្លះ ពោល​គឺ​នាង​បាន​លុប​ចោល​នូវ​អ្វីៗ​ទាំង​អស់​ដែល​នាង​ធ្លាប់​បង្ហោះ​លើ​បណ្ដាញ​សង្គម​ទាំង​អស់​ មុន​បញ្ចេញ​អាល់ប៊ុម​និង​មិន​បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​កម្មវិធី​សម្ភាសន៍​​ល្បីៗ ដើម្បី​ផ្សព្វផ្សាយ​អាល់ប៊ុម​ថ្មី​នោះ​ទេ។

បន្ទាប់​មក​ Taylor ក៏​ធ្វើ​ដំណើរ​កាត់​អ្នក​គាំទ្រ​ជា​ច្រើន ព្រម​ទាំង​មាន​អង្គរក្ស​តាម​ខ្លួន​ជា​ច្រើន ហើយ​ពួក​គេ​នឹង​ធ្វើ​តាម​សកម្មភាព​នាង​គ្រប់​យ៉ាង ដើម្បី​ធានា​ឲ្យ​នាង​មាន​សុវត្ថិភាព។

ក្រោយ​មក​ នាង​ក៏​ចូល​ក្នុង​បន្ទប់​មួយ​ ដោយ​មាន​កាន់​ក្រដាស​១​សន្លឹក​ មើល​ទៅ​ជា​មាន​វេទមន្ត​។ ពេល​នោះ​ហើយ​ទើប​នាង​ដឹង​ថា​ខ្លួន​កំពុង​តែ​បំបាំង​កាយ​ដោយ​មិន​មាន​អ្នក​ណា​ម្នាក់​មើល​នាង​ឃើញ​ឡើយ​ គឺ​ប្រៀប​ដូច​ជា​សុបិន​ក្លាយ​ជា​ការ​ពិត​អីចឹង។

ដោយ​សារ​តែ​​មនុស្ស​មិន​អាច​មើល​នាង​ឃើញ Taylor បាន​បញ្ចេញ​ក្បាច់​រាំ​ប្លែកៗ​​ជា​ច្រើន​គួរ​ឲ្យ​អស់​សំណើច​។ នេះ​ប្រៀប​ដូច​ជា​អ្វី​ដែល​នាង​កំពុង​ចង់​បាន​នៅ​ពេល​នេះ​ គឺ​គេច​ពី​មនុស្ស​គ្រប់​គ្នា​ ដើម្បី​ចង់​បាន​ពេល​វេលា​ផ្ទាល់​ខ្លួន​ជាមួយ​សង្សារ​ Joe Alwyn។

រហូត​ដល់​ចុង​បញ្ចប់​នៃ​វីដេអូ​ ទើប​គេ​សង្កេត​ឃើញ​មនុស្ស​គ្រប់​គ្នា សម្លឹង​មើល​នាង​ដោយ​សារ​នាង​បាន​​ត្រលប់​ជា​លែង​បំបាំង​កាយ​។

ដូច្នេះ​អត្ថន័យ​ជា​រួម​នៃ​វីដេអូ​ចម្រៀង​នេះ គឺ Taylor ចង់​បញ្ជាក់​ប្រាប់​អ្នក​គាំទ្រ​ឲ្យ​ច្បាស់​ពី​មូលហេតុ​ ដែល​នាង​អវត្តមាន​ពី​សំណាក់​មនុស្ស​ខាង​ក្រៅ​ និង​ព្យាយាម​ស្វែង​រក​ពេល​វេលា​ផ្ទាល់​ខ្លួន​ ឲ្យ​កាន់​តែ​ច្រើន៕

អាន​អត្ថបទ៖

ប្រភព៖ Washingtonpost   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម