ចាប់បានស្រេច! ប៉ូលិសចាប់បានអ្នកក្លាហាន២នាក់ បញ្ចេញវិជ្ជាគុនលើលោកស៊ុយ សារ៉េត
- 2018-03-14 02:35:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចាប់បានស្រេច! ប៉ូលិសចាប់បានអ្នកក្លាហាន២នាក់ បញ្ចេញវិជ្ជាគុនលើលោកស៊ុយ សារ៉េត
ចន្លោះមិនឃើញ
កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌ បានចាប់ខ្លួនជនសង្ស័យ ២នាក់ បញ្ជូនទៅកាន់ស្នងការនគរបាលរាជធានីភ្នំពេញ កាលពីយប់មិញ (១៣ មីនា) ដើម្បីសាកសួរ ពាក់ព័ន្ធករណីប្រើអំពើហិង្សាលើលោក ស៊ុយ សារ៉េត បណ្តាលឲ្យរបួសជាធ្ងន់កាលពីថ្ងៃទី១១ ខែមីនាកន្លងមកនេះ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង ២នាក់ មានឈ្មោះ ភាជ គឹមហាក់ ជាសន្តិសុខសណ្តាប់ធ្នាប់ខណ្ឌដូនពេញ និងម្នាក់ទៀតជាប្រជាការពារ។ ជនសង្ស័យទាំង ២នាក់នេះ គឺជាជនដៃដល់ដំបូង ដែលបានបើកការវាយប្រហារដោយហិង្សាទៅលើលោកសាស្ត្រាចារ្យ ស៊ុយ សារ៉េត។ មកទល់ពេលនេះ សមត្ថកិច្ចកំពុងតែតាមស្រាវជ្រាវរកជនសង្ស័យដែលពាក់ព័ន្ធជាបន្តទៀត ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។
សូមជម្រាបថា លោកស៊ុយ សារ៉េត ដែលជាសាស្រ្ដាចារ្យនៅសាកលវិទ្យាល័យមួយ ត្រូវបានប្រជាពលរដ្ឋមួយក្រុម ចោមរោមវាយដំ រងរបួសជាទម្ងន់ កាលពីថ្ងៃទី១១ មីនា។ ការប្រើអំពើហិង្សានោះ កើតឡើងក្រោយពីមានប្រជាពលរដ្ឋមួយចំនួន អះអាងថាលោក ស៊ុយ សារ៉េត បង្កគ្រោះថ្នាក់ចរាចរណ៍ រួចបើករថយន្តរត់។ ក្រោយកើតហេតុ លោកត្រូវបានបញ្ជូនទៅសង្រ្គោះបន្ទាន់នៅប្រទេសវៀតណាម។
មកទល់ពេលនេះ លោកបានរួចផុតពីគ្រោះថ្នាក់ហើយ ប៉ុន្តែត្រូវសម្រាកព្យាបាលរបួសរយៈពេលយូរទៀត។ ចំណែកឯក្រុមគ្រួសាររបស់លោកស៊ុយ សារ៉េត បានប្ដឹងទាមទារសំណងចំនួន ១២០០លានរៀល ឬ ៣០ម៉ឺនដុល្លារអាមេរិក ពីសំណាក់អ្នកដែលប្រើអំពើហិង្សាទាំងនោះ៕