បើ​មិន​ចង់​ឲ្យ​ប្ដី​បែកឆ្វេង មនុស្ស​ស្រី​ត្រូវ​មានចំណង​ចង​ប្ដី ៥​យ៉ាង​នេះ​ជា​ដាច់ខាត

  • 2018-03-17 03:54:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 200

ចន្លោះមិនឃើញ

ជីវិត​គ្រួសារ​ខ្លះ​ត្រូវ​បាន​បញ្ចប់​បន្ទាប់​ពី​រៀប​ការ​ជាមួយ​គ្នា​មិន​បាន​ប៉ុន្មានផង ហើយបញ្ហា​ចោទ​ខ្លាំង​សម្រាប់​មនុស្ស​ស្រី​ពេល​រៀបការ​ហើយ​នោះ គឺ​ខ្លាច​ប្ដី​បែក​ឆ្វង លួច​មាន​ស្រី​ក្រៅ។ ដោយឡែកអ្វី​ដែល​គួរ​បារម្ភ​មិន​មែន​ជា​រឿង​នេះ​ទេ គឺ​ត្រូវ​បារម្ភ​ថា​ខ្លួន​ឯង​គ្មាន​ចំណង​ទាំង​ ៥​នេះ​សម្រាប់​ចង​ប្ដី​មិន​ឲ្យ​ទៅ​ណា​បាន​ទើប​ជា​ការ​ត្រូវ ព្រោះ​បើ​យើង​មាន​សម្បត្តិ​ ៥យ៉ាង​ដូច​ខាង​ក្រោម​នេះ​ហើយ ប្ដី​មិន​អាច​សូម្បី​តែ​គិត​ថា​ចង់​បោះបង់ ៖

១. ចរិយា​សម្បត្តិ

​សម្ដៅ​ទៅ​លើ​ចរិយា​មាយាទ គំនិត​ចាស់ទុំ ចេះ​ទុកដាក់​ផ្ទះ​សម្បែង កូន​ចៅ ទ្រព្យ​សម្បត្តិ​ដែល​រក​បាន។ ចេះ​ប្រើ​ពាក្យ​ឲ្យ​ពីរោះពិសា មិន​ឆ្មើងឆ្មៃ មិន​ពុតត្បុត និងលួចលាក់​ជាមួយ​គ្រួសារ។ ត្រូវ​ចេះ​រៀបចំ​ឥរិយាបថ​ពេល​ទៅណា​មក​ណា​មិន​លក់​ប្ដី ឬ​ធ្វើ​ឲ្យ​ប្ដី​ខ្មាសគេ ហើយ​តែង​ជួយ​លើក​មុខមាត់ប្ដី និង​ជ្រោមជ្រែង​ប្ដី​ពី​ក្រោយ។

២. រូប​សម្បត្តិ

ត្រូវ​ចេះ​ថែរក្សា​ខ្លួន​ប្រាណ​ឲ្យ​បាន​ស្រស់​ស្អាត​ជានិច្ច​ទោះ​រៀបការ​ហើយ​ក៏​ដោយ ព្រោះ​ភាព​ស្រស់ស្អាត​ជា​ចំណុច​សំខាន់​មួយ​ដែល​ធ្វើ​ឲ្យ​ប្ដី​មាន​មោទនភាព​ដែល​មាន​យើង​ជា​ប្រពន្ធ។ កុំ​បណ្ដោយ​ខ្លួន​ឲ្យ​ធ្លាក់​សម្រស់ រួច​ដេក​កើត​ទុក្ខ​ខ្លាច​ប្ដី​មាន​ស្រី ព្រោះ​បើ​ប្រពន្ធ​ខ្លួន​ឯង​ស្អាត​ហើយ គេ​ក៏​ពិបាក​បែកឆ្វេង​រក​អ្នក​ផ្សេង​ដែរ។

៣. ទ្រព្យ​សម្បត្តិ

ចំណុច​នេះ​មាន​ន័យ​ថា​យើង​ត្រូវ​មាន​ទ្រព្យ​សម្បត្តិ​ជា​របស់​ខ្លួន​ដែរ មិន​មែន​ពឹង​តែ​ទ្រព្យ​ប្ដី​នោះ​ទេ។ ត្រូវ​ចេះ​រក​លុយ​ដោយ​ខ្លួន​ឯង ដើម្បី​បង្ហាញ​ថា​យើង​រឹងមាំ មិន​មែន​ដេក​ស៊ី​ដេក​តែលុយ​ប្ដី​ឡើយ។ ម្យ៉ាង​ទៀត​ពេល​យើង​ចេះ​រក​លុយ​ខ្លួន​ឯង ប្ដី​ក៏​មិន​ហ៊ាន​ជាមួយ​យើង​ដែរ​ព្រោះ​ចេញ​រកស៊ី​ទាំង​ពីរនាក់។

៤. សម្បត្តិ​ញាតិ

ជាមនុស្ស​ស្រី​ដែល​មាន​អ្នក​ស្រឡាញ់​រាប់អាន​ច្រើន​ ទៅ​ណា​មក​ណា​ក៏​មាន​អ្នក​តាម​ជួយ​ថែរក្សា តាម​ការពារ មិន​ថា​ទាំង​សាច់ថ្លៃ ឬ​សាច់​ខ្លួន​ឯង​នោះ​ទេ។ ញាតិ​ច្រើន​ធ្វើ​ឲ្យ​យើង​មាន​កម្លាំង​ខ្លាំង​ដែល​ធ្វើ​ឲ្យ​ប្ដី​មិន​ហ៊ាន​ធ្វើ​អី​ផ្ដេសផ្ដាស​ឲ្យ​យើង​ពិបាក​ចិត្ត​ឡើយ ព្រោះ​គេ​នឹង​អាច​រង​ពាក្យ​ស្ដីជេរ​ពីសាច់ញាតិ​មិន​ខាន។

៥. សម្បត្តិ​កូន

ជីវិត​ប្ដី​ប្រពន្ធ​​ចំណង​កូន​គឺ​សំខាន់​ណាស់​សម្រាប់​សុភមង្គល​គ្រួសារ ព្រោះ​គ្រួសារ​មួយ​មិន​អាច​ខ្វះ​អ្នក​បន្តពូជ​បាន​ទេ ដូច្នេះ​យើង​ត្រូវ​តែ​បង្កើត​កូន​ល្អៗ​សម្រាប់​គ្រួសារ។ កូន​ជា​ចំណង​មួយ​ដែល​ជួយ​ឲ្យ​ជីវិត​ប្ដីប្រពន្ធ​គង់វង្ស​បាន​យូរ ព្រោះ​ទោះ​គេ​មិន​សូវ​ស្រឡាញ់​យើង​តែ​យ៉ាង​ណា​ក៏​គេ​មិន​ដាច់​ចិត្ត​ឲ្យ​កូន​អត់​មាន​ម្ដាយ​ហៅ​ដែរ។

បើ​យើង​ខ្លាំង​ហើយ ពូកែ​ហើយ ស្អាត​ហើយ មាន​លុយ​ចាយ​ខ្លួន​ឯង​ហើយ ស្រី​ក្រៅ​អន់ជាង​យើង​ប្ដី​ក៏​មិន​អាច​ចោល​គ្រាប់​ពេជ្រ​ទៅ​យក​ដុំថ្មដែរ៕


ប្រភព៖ Kanha   អត្ថបទ៖ ផេង ផលធិតា