៤ ចំណុចគួរដឹង ពីរឿងអាស្រូវដ៏ធំរបស់ Facebook
- 2018-03-23 02:58:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៤ ចំណុចគួរដឹង ពីរឿងអាស្រូវដ៏ធំរបស់ Facebook
ចន្លោះមិនឃើញ
Facebook បានផ្ទុះចេញរឿងអាស្រូវដ៏ធំមួយនៅក្នុងសប្ដាហ៍នេះ ដែលបានធ្វើឲ្យតម្លៃហ៊ុនរបស់បណ្ដាញសង្គមយក្សនេះធ្លាក់ចុះ ៧% ភ្លាមៗ ក្រោយពីកាសែត New York Times របស់អាមេរិក និងកាសែត The Guardian របស់អង់គ្លេស បានចេញផ្សាយព័ត៌មានអំពីការប្រមូលយកទិន្នន័យដែលខុសសីលធម៌របស់បណ្ដាញសង្គមនេះ។
ខាងក្រោមនេះជារឿងធំៗ ៤ ចំណុចដែលអ្នកគួរដឹងអំពីរឿងអាស្រូវរបស់ Facebook ៖
១. ទិន្នន័យអ្នកប្រើប្រាស់ ៥០ លាននាក់បានបែកធ្លាយ
Facebook បានអនុញ្ញាតឲ្យមានការប្រើប្រាស់ដែលមិនសមរម្យនៃទិន្នន័យអ្នកប្រើប្រាស់ចំនួនដល់ ៥០ លានគណនី ដើម្បីជាប្រយោជន៍ដល់បេក្ខភាពឈរឈ្មោះបោះឆ្នោត លោក Ted Cruz និង Donald Trump នៅអំឡុងការបោះឆ្នោតក្នុងសហរដ្ឋអាមេរិក ឆ្នាំ ២០១៦។ មានការបង្ហាញថាបក្សរបស់លោក Trump បានផលប្រយោជន៍ពីការប្រមូលយកទិន្នន័យនេះច្រើនជាងគេ។
២. ទិន្នន័យត្រូវបានប្រើដើម្បីឲ្យការបោះឆ្នោតនៅអាមេរិក កាន់តែមានឥទ្ធិពល
Cambridge Analytica ជាក្រុមហ៊ុនស្ថិតចំកណ្ដាលនៃរឿងអាស្រូវនេះ។ ក្រុមហ៊ុននេះបង្កើតនៅឆ្នាំ ២០១៤ ដោយធ្លាប់បានអនុវត្តយុទ្ធនាការតាមតំបន់មួយចំនួន ប៉ុន្តែពេលអនុវត្តយុទ្ធនាការថ្នាក់ជាតិទូទាំងប្រទេស ក្រុមហ៊ុននេះត្រូវការចូលឲ្យកាន់តែកៀកដល់អ្នកបោះឆ្នោត និងផ្សព្វផ្សាយដល់ពួកគេជាពិសេស។
Facebook បានជួយឲ្យក្រុមហ៊ុននេះចូលដល់អ្នកប្រើប្រាស់ជាច្រើន រួមទាំងមិត្តភ័ក្ដិលើបណ្ដាញសង្គមរបស់ពួកគេទៀតផង។ គេអាចធ្វើបែបនេះបានតាមរយៈអ្នកស្រាវជ្រាវនៅសកលវិទ្យាល័យមួយរូប មានឈ្មោះថា Aleksandr Kogan ដែលបានបង្កើតកម្មវិធីល្បងប្រាជ្ញាមួយ ដោយអាចឲ្យរូបគេយកបានទិន្នន័យអ្នកប្រើប្រាស់ Facebook បានខ្ទង់ ១០ លាននាក់ តាមរយៈការភ្ជាប់គណនី Facebook ជាមួយកម្មវិធី។ ក្រោយមកទៀត Kogan ក៏បានចែករំលែកទិន្នន័យនេះជាមួយនឹងក្រុមហ៊ុន Cambridge Analytica។
៣. អតីតបុគ្គលិកផ្ទៃក្នុង Facebook និយាយថាការប្រមូលយកទិន្នន័យអ្នកប្រើប្រាស់នេះធ្វើឡើងជាទៀតទាត់
អ្នកប្រើប្រាស់ Facebook ជាច្រើនតែងតែឃើញការផ្សាយពាណិជ្ជកម្មដែលស៊ីគ្នានឹងអ្វីដែលពួកគេបានបង្ហោះ, ចំណូលចិត្ត និង ចំណុចមួយចំនួនទៀត។ បន្ថែមពីនេះ នៅពេលដែលពួកគេ Log In ចូលកម្មវិធីដទៃដោយប្រើគណនី Facebook កម្មវិធីទាំងនោះនឹងអាចយកទិន្នន័យពីគណនីពួកគេបាន។ នេះជាទម្រង់មួយនៃការប្រមូលយកទិន្នន័យដែល Facebook អនុញ្ញាតឲ្យកម្មវិធីដទៃមានសិទ្ធយកទិន្នន័យអ្នកប្រើប្រាស់។
អតីតបុគ្គលិកផ្ទៃក្នុង Facebook ឈ្មោះ Sandy Parakila បានចេញមុខនិយាយថា ដំណើរការនេះតែងធ្វើទៅជាប្រចាំនៅ Facebook។ លោកបន្ថែមថាអ្នកកាន់តំណែងជាន់ខ្ពស់ប្រចាំ Facebook ដែលកំពុងធ្វើការនៅ Facebook នៅឡើយ បានដឹងពីបញ្ហានេះដែរ ប៉ុន្តែពួកគេមិនអាចធ្វើអ្វីបានលើសពីនេះ។
៤. Mark Zuckerberg បានចេញមុខនិយាយពីរឿងអាស្រូវនេះ
ស្ថាបនិក Facebook បានចេញមុខបង្ហោះសារលើគណនី Facebook របស់ខ្លួនកាលពីម្សិលមិញថា ៖ ”Facebook មានតួនាទីការពារទិន្នន័យអ្នកប្រើប្រាស់ ហើយប្រសិនបើការពារមិនបាន មានន័យថា យើងមិនសមនឹងបម្រើអ្នកនោះទេ"។ បន្ថែមពីនេះ Mark ក៏បានចេញមុខសុំទោសអ្នកប្រើប្រាស់លើប៉ុស្តិ៍ទូរទស្សន៍ CNN ផងដែរ៕
ប្រភព ៖ Newcastle Advertiser
ចុចអាន៖