ក្រោយ​ចេញ​ពី​តំណែង​គ្រប់គ្រង ករុណា ពេជ្រ នឹង​វិល​មក​ធ្វើ​ជា​តារា​ចម្រៀង​វិញ​ឬ​ទេ?

  • 2018-03-23 03:10:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ករុណា ពេជ្រ បាន​បន្ថយ​ការ​ច្រៀង​ស្ទើរ​តែ​១០០% ក្នុង​ពេល​ចូល​ទៅ​កាន់​នាទី​ជា​អ្នក​គ្រប់គ្រង។ដូច្នេះ​ក្រោយ​ពី ចាកចេញ​ពី​តំណែង​នោះ​ថ្មី​ៗ តើ​លោក​នឹង​វិល​មក​ច្រៀង​វិញ​ឬ​ទេ?

ត្បិត​ថា ករុណា ពេជ្រ ចេញ​ពី​តំណែង​ជា​អ្នក​ចាត់​ការ​នៅ​ផលិតកម្ម​ថោន ប៉ុន្តែ​លោក​ក៏​មិន​ទៅ​ណា​ឆ្ងាយ​ពី​ការងារ​គ្រប់​គ្រង​ដែរ។ តាម ករុណា ពេជ្រ បាន​ឲ្យ​ដឹង​ថា លោក​ក៏​ត្រូវ​ចាត់​តាំង​ពី​ថ្នាក់​ទៅ​មើល​ការ​ខុស​ត្រូវ និង​គ្រប់​គ្រង​ផ្សារ​រាត្រី​កុងតឺណ័រ​នា​ខេត្ត​សៀមរាប ដែល​មុខ​ជំនួញ​មួយ​ថ្មី​ទៀត​ក្នុង​ចង្កោម Town Group។

ដូច្នេះ​ហើយ ទើប​សំណួរ​សួរ​ថា លោក​នឹង​វិល​មក​ធ្វើ​ជា​តារា​ចម្រៀង អាជីព​ដែល​ធ្លាប់​ធ្វើ​ឲ្យ​លោក​មាន​កេរ្តិ៍​ឈ្មោះ​នា​អតីតកាល​នោះ​វិញ​ឬ​ទេ? ជុំ​វិញ​បញ្ហា​នេះ សាមី​ខ្លួន​បាន​អះអាង​ថា លោក​នឹង​មិន​ណា​ចោល​អាជីព​ចម្រៀង​ឡើយ។“ច្រៀង​វិញ​បង ខ្ញុំ​នឹង​ច្រៀង​វិញ...រាល់​ថ្ងៃ​ក៏​ខ្ញុំ​ច្រៀង​ដែរ គ្រាន់​តែ​មិន​បាន​ចេញ​ជាប់​លាប់"។

ករុណា ពេជ្រ បន្ត​ថា លោក​នៅ​តែ​មាន​ភារកិច្ច​ធ្ងន់​នៅ​លើ​ស្មា​នៅ​ឡើយ ជាមួយ​ការងារ​គ្រប់​គ្រង​ផ្សារ​ខាង​លើ ដែល​ទើប​ដំណើរ​ថ្មី​ៗ។ ការងារ​នេះ លោក​ត្រូវ​ឡើង​ចុះ​ភ្នំពេញ-សៀមរាប ញឹកញាប់ ពិសេស​ក្នុង​វេលា​ផ្សារ​ត្រៀម​នឹង​បើក​សម្ពោធ​នេះ លោក​ពិត​ជា​ចាំ​បាច់​ត្រូវ​នៅ​ឲ្យ​ជាប់​ជា​ហេតុ ធ្វើ​ឲ្យ​លោក​មិន​ទាន់​អាច​លែង​ដៃ​ទៅ​ធ្វើ​អ្វី​ផ្សេង ឬ​ចម្រៀង​ទេ។

រឿង​មួយ​ទៀត ដែល​លោក​អះអាង​ថា មិន​អាច​សម្រុក​ខ្លាំង​លើ​ការងារ​ច្រៀង ក៏​ព្រោះ​តែ​លោក​ឪពុក​លោក ឈឺ​ធ្ងន់​នៅ​សម្រាក​ក្នុង​មន្ទីរ​ពេទ្យ​នៅ​ឡើយ។ យ៉ាង​នេះ​ក្ដី លោក​នៅ​តែ​អះអាង​ថា មិន​ចោល​អាជីព​ចម្រៀង​ឡើយ។

រូបថត៖ ហ្វេសប៊ុក ករុណា ពេជ្រ

ក្រៅ​ពី​អះអាង មិន​បោះ​បង់​អាជីព​ចម្រៀង ករុណា ពេជ្រ ថ្មី​ៗ បាន​ឲ្យ​តម្រុយ​ពី​ការ​ចាប់​ដៃគូ​គ្នា​ជា​ថ្មី ជាមួយ មាស សុខសោភា ដែល​ពួក​គេ​បាន​សាង​ភាព​ល្បី​រន្ទឺ​កាល​ពី​ជិត​១០​ឆ្នាំ​មុន។ កិច្ច​សហប្រតិបត្តិការ​នោះ បាន​ស្ទួយ​លោក​មាន​កេរ្តិ៍​ឈ្មោះ​ក្នុង​សិល្បៈ​រហូត​មក។ យ៉ាង​ណា ម្ចាស់​បទ "ឱប​គេ​ទៅ" ប្រាប់​ថា នោះ​មិន​ទាន់​ជា​ផែន​ការ​ច្បាស់​លាស់​មួយ​នៅ​ឡើយ​ទេ។

លោក ករុណា ពេជ្រ បាន​ឡើង​ទៅ​គ្រប់​គ្រង​ផលិតកម្ម​ថោន នា​ខែ​កុម្ភៈ ឆ្នាំ​២០១៧។ តំណែង​នេះ ក្រោយ​ពី​អ្នក​គ្រប់​គ្រង​ចាស់​លោក អ៊ា វឌ្ឍនា បាន​ធ្វើ​មរណកាល​ទៅ៕

អត្ថបទ៖ ទារិកា

អត្ថបទថ្មី