Monitor ពីរ​មិន​គ្រប់ ចង់​ថែម​បី​បួន តែ​ប្រយ័ត្ន​វរៗ​ទិញ​ហើយ​ប្រើ​មិន​កើត​

  • 2018-03-25 02:34:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន ការ​ប្រើ​កុំព្យូទ័រ មាន Monitor ពីរ​ហាក់​បី​ដូចជា​សាមញ្ញ​ទៅ​ហើយ ក្នុង​ការ​អនុវត្ត​ការងារ ឬ​កម្សាន្ត ក្នុង​ពេល​តែ​មួយ ឧទាហរណ៍ សរសេរ​អត្ថបទ ខណៈ​បើក​ទំព័រ​ស្រាវជ្រាវ​ជាដើម​។ 

មុន​អ្នក​ទិញ Monitor បន្ថែម គួរ​ពិនិត្យ​មើល​ចំណុច​ទាំង​នេះ វរៗ​ទិញ​ហើយ យក​មក​ប្រើ​មិន​បាន​។

ត្រួតពិនិត្យ Graphic card

អ្នក​គួរ​ត្រួត​ពិនិត្យ​មើល​សមត្ថភាព Graphic អាច​ទ្រទ្រង់ Monitor បន្ថែម​បាន​ដែរ ឬ​អត់​។ 

អ្នក​គួរ​ពិនិត្យ​មើល​រន្ធ Graphic (DVI, HDMI, DisplayPort​ និង VGA) សម្រាប់​ភ្ជាប់​។  Motherboard ភាគច្រើន​ប្រើ Graphic ជាប់ ដែល​អាច​ដំណើរការ​ដំឡើង​បាន​តែ Monitor ពីរ​ប៉ុណ្ណោះ​។ បើ​អ្នក​មាន​ប្រើ Graphic Card អ្នក​មាន​រន្ធ​ភ្ជាប់​យ៉ាង​តិច បី។ 

ចំណាំ ពេល​អ្នក​ដំឡើង Monitor ច្រើន​ទាំង​ប្រើ​រន្ធ​ជាប់​នឹង Motherboard ឬ Graphic Card ល្បឿន​ប្រើប្រាស់​កុំព្យូទ័រ​នឹង​ធ្លាក់​ចុះ​បន្តិច  ពេល​រំកិល​ផ្ទាំង Windows ឆ្លង Monitor។ ហើយ​ក៏​ត្រូវ​ចូល​ទៅ BIOS របស់ PC ត្រង់ Configuration > Video > Integrated graphics device និង​កំណត់​វា​ទៅ Always enable។

ពេល​អ្នក​ឃើញ​រន្ធ​ច្រើន​លើ Graphic Card មិន​មែន​មាន​ន័យ​ថា អ្នក​អាច​ប្រើ​បាន​ទាំងអស់​នោះ​ទេ ឧទាហរណ៍ Nvidia Card ចាស់ៗ​ជាច្រើន មិន​អាច​ប្រើ Monitor លើស​ពី​ពីរ​ឡើយ​លើ Card តែ​មួយ​។ អ្នក​អាច​ស្វែងរក​ព័ត៌មាន Graphic card លើ​អ៊ីនធឺណិត​ជាមួយ​នឹង​ឈ្មោះ ដោយ​ចូល​ទៅ​កាន់ Control Panel > Device Manager > Display Adapters ហើយ​ស្រាវជ្រាវ​ឈ្មោះ និង​ចំនួន Monitor ដូចជា Nvidia GTX 770 four monitors។​

បើ Graphic Card មួយ​មិន​អាច​ប្រើ​ចំនួន Monitor អ្នក​ចង់​បាន អ្នក​អាច​ទិញ​បន្ថែម ដោយ​ប្រាកដ​ថា លើ Motherboard មាន​កន្លែង និង Slot គ្រប់គ្រាន់ ក៏ដូចជា Power Supply មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ផ្គត់ផ្គង់​។ បើ​មិន​ច្បាស់​អាច​ស្នើ​សុំ​យោបល់​ពី​អ្នក​ជំនាញ នៅ​ហាង​កុំព្យូទ័រ​នានា​បាន​។ 

Monitor, រន្ធ និង​ខ្សែ​

ក្រោយ​គ្រប់​យ៉ាង​អាច​ប្រាកដ​ថា​ប្រើ​បាន លើ​ចំនួន Monitor អ្នក​ចង់​ប្រើ​។ អ្នក​អាច​ជ្រើសរើស Monitor តាម​ចំណូល​ចិត្ត និង​ថវិកា​បម្រុង​ទុក​។ 

ចំពោះ​ការ​ជ្រើសរើស Monitor មាន​កត្តា​ច្រើន​ពាក់ព័ន្ធ រួមមាន Monitor កំពុង​ប្រើ ទំហំ​តុ និង​គម្រោង​ប្រើប្រាស់​លើ Monitor បន្ថែម​នោះ​។ មុន​អ្នក​ទិញ Monitor គួរ​ពិនិត្យ​មើល​រន្ធ​ភ្ជាប់​ឲ្យ​ត្រូវ​នឹង​អ្វី​អ្នក​មាន បើ​មិន​ដូច្នោះ អ្នក​ប្រហែល​ជា​ត្រូវ​ទិញ​ខ្សែ​បម្លែង DVI ទៅ HDMI ឬ DisplayPort ទៅ DVI។

ការ​ដំឡើង​

ការ​ដំឡើង Monitor មិនមែន​ត្រឹម​ដោត​ភ្ជាប់ បើក​កុំព្យូទ័រ អាច​ប្រើ​បាន​ស្រួល​ភ្លាម​នោះ​ទេ អ្នក​ត្រូវ​ធ្វើ​ការងារ​លើ​វា​បន្តិច​ទៀត​។ 

អ្នក​ត្រូវ​កែប្រែ​ចំណុច ដើម្បី​ឲ្យ​ផ្ទាំង Window ងាយស្រួល​ប្រើ​។ បើ​អ្នក​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Windows 7 ឬ 8 អ្នក​ចុច Mouse ស្ដាំ​លើ Desktop > ចុច​លើ Screen resolution។ បើ​លើ Window 10 ចុច​លើ Display settings។ អ្នក​នឹង​ឃើញ​ផ្ទាំង​មួយ សម្រាប់​កែប្រែ​ជម្រើស​ប្រើប្រាស់ Monitor ច្រើន​។ 

អ្នក​អាច​ធ្វើការ​ជ្រើសរើស​តាម​ការ​គួរ ដូចជា Monitor មួយ​ណា​បង្ហាញ​ចំណុច​ចាប់ផ្ដើម​ដំបូង (បង្ហាញ​ជម្រើស​កម្មវិធី ឬ Taskbar)។ ហើយ​លើ​នោះ អ្នក​អាច​ជ្រើសរើស ស្ទួន (Duplicate) Desktop ឬ​ពង្រីក (Extend) Desktop គ្រប់​អេក្រង់​។ 

ឬ អ្នក​អាច​ដំឡើង Monitor ច្រើន​ក្នុង Control panel របស់ GPU។ អ្នក​ចុច Mouse ស្ដាំ​លើ Desktop ហើយ​ជ្រើសរើស Nvidia ឬ AMD control panel (អាស្រ័យ​លើ Graphic card) និង​ស្វែងរក​ផ្នែក Display ដែល​មាន​ជម្រើស​ស្រដៀង​នឹង Windows៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ PCworld   ប្រែ​សម្រួល៖ ប៊ុនធឿន