មក​ស្គាល់​ម៉ាក​ម៉ូតូ​ លក់​ដាច់​បំផុត​ក្នុង​លោក មាន​យីហោ​​តាំង​ពី​អាមេរិក​ដល់​អ៊ីតាលី

  • 2018-03-27 02:23:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ទីផ្សារ​កម្ពុជា​ម៉ាក​ម៉ូតូ​ពេញ​និយម​បំផុត​រួម​មាន Honda, Yamaha, Suzuki ប៉ុន្តែ​បើ​ក្រឡេក​​ទៅ​ទីផ្សារ​ពិភពលោក​ស្លាកយីហោ​ក្រុមហ៊ុន​ធំៗ​ជា​ច្រើន​ទៀត កំពុង​ប្រកួតប្រជែង​គ្នា​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។​ Sabay ណែនាំ​ឲ្យ​ស្គាល់​ម៉ាក​ម៉ូតូ​លក់​ដាច់​បំផុត​ទាំង ១០ ក្នុង​ទីផ្សារ​ពិភពលោក ដែល​មាន​តាំង​ពី​ក្រុមហ៊ុន​អាមេរិក​ដល់​អ៊ីតាលី។​

១០.Victory Motorcycles:

ជា​ក្រុមហ៊ុន​សហរដ្ឋអាមេរិក​បង្កើត​ឡើង​នៅ​ឆ្នាំ ១៩៩៨ ចេញ​ពី​សម្ព័ន្ធ​នៃ​ក្រុមហ៊ុន Polaris Industry។ ជោគជ័យ​ខ្លាំង​លើ​ពួក​ម៉ូតូ Harley Davidson ដោយ​ម៉ូឌែល​ដំបូង​បង្អស់​ឲ្យ​ឈ្មោះ V92C លុះ​មាន​ជា​បន្តបន្ទាប់​មិន​ថា Gunner, Hammer, Vegas Jackput និង Octane ជា​ដើម។

៩.BMW:

ស្លាកយីហោ​របស់​ប្រទេស​អាល្លឺម៉ង់ បែក​ចេញ​ពី​ក្រុមហ៊ុន Corporate & Brand Development ដោយ​ម៉ូឌែល​ដំបូង​បង្អស់ R32 លេច​ចេញ​នា​ឆ្នាំ ១៩២៣ មាន​ម៉ាស៊ីន​ប្រភេទ Flat-twin។ ​បច្ចុប្បន្ន​មាន​រោងចក្រ​ដំឡើង​ធំ​បំផុត​នៅ​ទីក្រុង Berlin និង​ខ្លះ​ទៀត​ចែកចាយ​នៅ​ប្រទេស​ចិន, តៃវ៉ាន់​និង​អូទ្រីស។

បុគ្គល​នៅ​ពី​ក្រោយ​ភាព​ជោគជ័យ​នៃ​ការ​រចនា​គំរូ​ម៉ូតូ BMW គឺ​លោក David Robb មាន​តំណែង​ជា​ប្រធាន​ផ្នែក​រចនា​តាំង​ពី​ឆ្នាំ ១៩៩៣ ដល់ ២០១២ មុន​លោក Edgar Heinrich ចូល​មក​ជំនួស។ ក្នុង​ស្លាកយីហោ​មួយ​នេះ មាន​បែងចែក​ជា​សេរ៊ី C,F,G,R និង K។

៨.Moto Guzzi:

ជា​ក្រុមហ៊ុន​មាន​វ័យ​ចំណាស់​មួយ​ចាប់​កំណើត​នៅ​តំបន់​អឺរ៉ុប ដោយ​​មាន​ការិយាល័យ​ធំ​នៅ​ទីក្រុង Mandello del Lario ក្នុង​ប្រទេស​អ៊ីតាលី។ ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​ផលិត​ម៉ូតូ​ប្រណាំង​ដូច​ជា​ Carlo Guzzi, Giorgio Parodi និង Giovanni Ravelli ដែល​ផ្ទុះ​ការ​ចាប់​អារម្មណ៍​ក្នុង​អំឡុង​ឆ្នាំ ១៩២១។ ជាប់​ឈ្មោះ​ជា​ក្រុមហ៊ុន​ផលិត​ម៉ូតូ​បាន​ច្រើន​បំផុត​លំដាប់​ទី ៤ ក្នុង​ពិភពលោក។

៧.Triumph:

មាន​មូលដ្ឋាន​ក្នុង​ចក្រភព​អង់គ្លេស ផលិត​ទាំង​ម៉ូតូ, គ្រឿង​បរិក្ខារ​និង​សំលៀកបំពាក់។ តាម​ការ​បង្ហើប​ពី​ចំណូល​កន្លង​ទៅ ទទួល​បាន ៥២៨ លាន​ផោន មាន​បុគ្គលិក​បម្រើ​ការ ១ ៦០០ នាក់។ សេរ៊ី​លក់​ដាច់​បំផុត​របស់​ក្រុមហ៊ុន​មួយ​នេះ មាន Scrambler, Street Tiwn, Daytona 675, Tiger 800។

៦.Honda:

ក្រុមហ៊ុន​ដែល​មាន​អ្នក​ស្គាល់​ច្រើន​នៅ​អាស៊ី ដោយ​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​ជប៉ុន​ឈរ​លើ​វិស័យ​ផលិត​យន្តហោះ, រថយន្ត, ម៉ូតូ និង​គ្រឿង​ម៉ាស៊ីន។ ជាប់​ឈ្មោះ​ជា​ក្រុមហ៊ុន​ធំ​បំផុត​លើ​វិស័យ​ផលិត​ម៉ូតូ​តាំង​ពី​ឆ្នាំ ១៩៥៩ មុន​ពេល​លេច​មុខមាត់​ជា​ផ្លូវការ​នា​ឆ្នាំ ១៩៤៦។ នៅ​ឆ្នាំ ២០១៤ ក្រុមហ៊ុន​មាន​ចំណូល​សរុប ១៩៩ ពាន់​លាន​ដុល្លារ និង​មាន​បុគ្គលិក​ប្រមាណ ១៩៨ ៥៦១ នាក់។

៥.Suzuki:

ជា​ក្រុមហ៊ុន​រួម​ប្រទេស​តែ​មួយ ជាមួយ​នឹង Honda ដោយ​មាន​ផលិត​តាំង​ពី​រថយន្ត, ម៉ូតូ, រទេះ​រុញ និង​គ្រឿង​ម៉ាស៊ីន​ផ្សេងៗ។ ក្នុង​ឆ្នាំ ២០១១ ជាប់​ឈ្មោះ​ជា​ក្រុមហ៊ុន​ផលិត​យានយន្ត​ធំ​បំផុត​លំដាប់​ទី ៩ ក្នុង​ពិភពលោក។

៤.Ducati:

ក្រុមហ៊ុន​ស្ថិត​នៅ​ទីក្រុង Bologna ប្រទេស​អ៊ីតាលី​មួយ​នេះ ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុមហ៊ុន​អាល្លឺម៉ង់ Audi ក៏​ដូច​ជា​សម្ព័ន្ធ Lamburghini។ បង្កើត​ឡើង​ឆ្នាំ ១៩២៦ ដោយ​លោក Antonio Cavalieri និង​កូន​ប្រុស Marcelo Bruno និង Adriano Ducati។

ក្នុង​ឆ្នាំ ២០១២ ក្រុមហ៊ុន​ទាំង​មូល​បាន​លក់​ទៅ​ឲ្យ Audi ដែល​ជា​សម្ព័ន្ធ​នៃ Volkswagen ក្នុង​តម្លៃ ៨៦០ លាន​អឺរ៉ូ ហើយ​មាន​ការ​កាន់កាប់​តាម​ម្ចាស់​ភាគហ៊ុន​ច្រើន​ទៀត​ដូច​ជា VM Group, Cagiva Group, Texas-Pacific និង Automobili Lamborghini។

៣.Yamaha:

មិន​ខុស​ពី Honda និង Suzuki ក្រឡេក​ទៅ Yamha ក៏​ជា​ក្រុមហ៊ុន​ឈរ​លើ​ឧស្សាហកម្ម​ចម្រុះ​រួម​មាន​ឧបករណ៍​អេឡិចត្រូនិក, ឧបករណ៍​ភ្លេង, ឧបករណ៍​កីឡា និង​ម៉ូតូ។ រក​ឃើញ​ដំបូង​នៅ​ឆ្នាំ ១៨៨៧ ដោយ Torakusu Yamaha និង​ក្រុមហ៊ុន​ផលិត​ប៉្យាណូ Nippon Gakki Company, Ltd។ ម៉ូតូ​ចេញ​លក់​មុន​គេ​បង្អស់​ឲ្យ​ឈ្មោះ YA-1 ហើយ​ក៏​ទទួល​បាន​ភាព​ជោគជ័យ​យ៉ាង​ធំធេង រហូត​ផលិត​ជា​បន្តបន្ទាប់​នូវ​ម៉ូតូ Scooter, ប្រភេទ​ម៉ូតូ​ធំ រហូត​ដល់​កូន​ទូក​តូចៗ​ទៀត​ផង។

២.Aprilia:

ដោយ​ទើប​តែ​ធ្វើ​ឲ្យ​ពិភពលោក​ភ្ញាក់ផ្អើល​ជាមួយ​ម៉ូតូ V4 RSV4 ​ប្រើ​កម្លាំង​ម៉ាស៊ីន​ ១ ០០០ សេសេ។ បង្កើត​ឡើង​នា​ឆ្នាំ ១៩៤៥ ដោយ​លោក Cavaliere Alberto Beggio ហើយ​ក្រោយ​មក​ស្នង​តំណែង​ដោយ​កូន​ប្រុស Ivano Beggio ទាក់ទង​ចង្វាក់​ផលិតកម្ម​ម៉ូតូ​នា​ឆ្នាំ ១៩៦៨។​

១.Kawasaki:

ល្បី​ទាំង​នៅ​តំបន់​អឺរ៉ុប និង​អាស៊ី ក្រោយ​ក្រុមហ៊ុន​យក្ស​មួយ​នេះ​ពង្រីក​រោងចក្រ​ច្រើន​កន្លែង​មិន​ថា​តែ​នៅ​អាមេរិក, ជប៉ុន, ឥណ្ឌូណេស៊ី, ថៃ និង​ហ្វីលីពីន។ ដំបូង​ឡើយ​មាន​ឈ្មោះ Meguro ព្រោះ​ត្រូវ​ក្រុមហ៊ុន Meguro Manufacturing ទិញ​យក ប៉ុន្តែ​ក្រោយ​មក​ក៏​សម្រេច​ប្តូរ​មក Kawasaki Motor Sales បែប​នេះ​វិញ ហើយ​ការ​បញ្ចូល​នៃ​ក្រុមហ៊ុន​ទាំង ២ លេច​ចេញ​ជា​ឈ្មោះ​ផ្លូវការ​មួយ​គឺ Kawasaki Motorcycles Co, Ltd។ ម៉ូឌែល​ដំបូង H1 បាន​ប្រកួតប្រជែង​យើង​ខ្លាំង​ជាមួយ​ក្រុមហ៊ុន Suzuki, Honda និង Yamaha។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Teninsider   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី