Mi Mix 2s ចេញ​ជា​ផ្លូវ​ការ​ អេក្រង់​ឡើង​កប់ តម្លៃ​ចាប់​ពី​ ៥០០ ដុល្លារ​

  • 2018-03-27 08:05:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ Xiaomi បាន​បង្ហាញ​ចេញ​ជា​ផ្លូវ​ការ​នូវ​​ស្មាតហ្វូន​ Mi Mix 2s នៅ​ទីក្រុង​សៀងហៃ​ ប្រទេស​ចិន​ មុន​នេះ​បន្តិច។

​​​​​​​​អេក្រង់​របស់​ Mi Mix 2s ជា​ចំណុច​ដែល​លេច​ធ្លោ​មួយ​ ដែល​មាន​លាត​សន្ធឹង​ពេញ​ផ្ទៃ​ខាង​មុខ​ មិន​មាន​បាត់​មួយ​ដុំ​ ដូច​​ iPhone X នោះ​ទេ។ អេក្រង់​ជា​ប្រភេទ​ AMOLED ​មាន​ទំហំ​ ៥,៩ អ៊ីញ​​ អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត​ Full HD+ និង​​មាន​មាត្រដ្ឋាន​ 18:9។ តួ​ខ្លួន​ផលិត​ឡើង​ពី​សារធាតុ​សេរ៉ាមិច​ ដែល​មាន​ស្រោប​ដោយ​សារធាតុ​កញ្ចក់។

កាមេរ៉ា​ខាង​ក្រោយ​ជា​ចំណុច​ធ្វើ​ឲ្យ​ Mi Mix 2s ខុស​ប្លែក​ពី​ Mi Mix 2 ខ្លាំង​ ដោយ​វា​មាន​បំពាក់​ប្រព័ន្ធ​កាមេរ៉ា​ភ្លោះ​មាន​កម្រិត​ ១២ MP ដូច​គ្នា​ ដោយ​កាមេរ៉ា​មេ​មាន​ប្រើ​ Sensor Sony IMX363, មាន​បច្ចេកវិទ្យា​រក្សា​លំនឹង​ OIS, Dual-Pixel Autofocus, ភ្លើង​ LED ចំនួន​ពីរ​ និង​អាច​ថត​វីដេអូ​កម្រិត​ 4K។ កាមេរ៉ា​ទីពីរ​ជា​ប្រភេទ​ Telephoto ប្រើ​​ជំនួយ​ដល់​ការ​ Zoom និង​អាច​វាស់​ជម្រៅ​រូបភាព​ ដើម្បី​បង្កើត​បាន​រូបភាព​ច្បាស់​មុខ​ព្រាល​ក្រោយ​បាន។

​​​​ដើម្បី​​​​ថត​រូប​​បែប​ Dynamic Range និង កាត់​បន្ថយ​គ្រាប់​ Noise គេ​បាន​ប្រើ​បច្ចេកវិទ្យា​ Multi-frame Noise Reduction ដែល​ស្រដៀង​គ្នា​នឹង​ HDR+ របស់​ Google។

Xiaomi តែង​បាន​ប្រៀប​ធៀប​ស្មាតហ្វូន​របស់​ខ្លួន​ទៅ​នឹង​ iPhone X ក្នុង​កម្មវិធី​​បង្ហាញ​ចេញ​​មុន​នេះ​។ មាន​ការ​ប្រៀប​ធៀប​ពី​សមត្ថភាព​ចាប់​យក​រូបភាព​នៅ​ទី​ងងឹត, សមត្ថភាព​ Focus និង​សមត្ថភាព​ចាប់​យក​ Subject ដែល​ Mi Mix 2s ធ្វើ​បាន​ល្អ​ជាង​ iPhone X។

ប្រៀបធៀបថតនៅទីងងឹតរវាង iPhone X និង Mi Mix 2s

Mi Mix 2s មាន​ប្រើ​បន្ទះ​ឈីប​ Snapdragon 845 ដែល​មាន​ជម្រើស​ RAM ទំហំ​ ៦ GB ឬ ៨ GB។ Xiaomi បាន​បង្អួត​ថា​ Mi Mix 2s អាច​ទទួល​ពិន្ទុ​​ដល់​ទៅ​ ២៧៧ ១៧៨ ​លើ​កម្មវិធី​តេស្ត​សមត្ថភាព AnTuTu ដែល​អះអាង​ថា​​មាន​ល្បឿន​​លឿន​ជាង​គូ​ប្រជែង។ អង្គ​ផ្ទុក​ទិន្នន័យ​មាន​ជម្រើស​ទំហំ​ ៦៤, ១២៨ និង ២៥៦ GB និង​មាន​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android Oreo 8.0។

ស្មាតហ្វូន​នេះ​មាន​តម្លៃ​ចាប់​ពី​ ៥២៥ ដុល្លារ​ ចំពោះ​ប្រភេទ​ RAM ៦ GB/អង្គ​ផ្ទុក​ ៦៤ GB ​រហូត​ដល់​តម្លៃ​ ៦៤០​ ដុល្លារ​ ចំពោះ​ប្រភេទ​ RAM ៨ GB/អង្គ​ផ្ទុក​ ២៥៦ GB។ មិន​ទាន់​មាន​ដំណឹង​ពី​ការ​ចេញ​លក់​​​ និង​តម្លៃ​លើ​ទីផ្សារ​បរទេស​នៅ​ឡើយ​ទេ៕​​​​​

--> Sabay ត្រូវការរើស Accounting Manager ។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/AsCd4N

ចុចអាន៖

ប្រភព៖ DigitalTrends   ប្រែ​សម្រួល៖ សុខហេង