អស់ស្ទះ! ទូរសព្ទមានកាមេរ៉ា ៣ គ្រាប់ដំបូងគេក្នុងលោក បង្ហាញខ្លួនយប់មិញ
- 2018-03-28 02:15:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អស់ស្ទះ! ទូរសព្ទមានកាមេរ៉ា ៣ គ្រាប់ដំបូងគេក្នុងលោក បង្ហាញខ្លួនយប់មិញ
ចន្លោះមិនឃើញ
ព្រឹត្តិការណ៍ធ្វើឡើងនាទីក្រុងប៉ារីស កាលពីយប់មិញនេះ Huawei បានបង្ហាញចេញស្មាតហ្វូនកំពូលប្រចាំដើមឆ្នាំ ២០១៨ ចំនួន ៣ ម៉ូដែល ដែលនឹងត្រៀមក្រឡុកទីផ្សារសកលឆាប់ៗ។
Huawei P20 និង P20 Pro ជាអ្វីដែលគេចាប់អារម្មណ៍ខ្លាំងជាងគេ ដោយសារតែមានរចនាបថឆកអេក្រង់ និងនៅលើ P20 Pro មានបំពាក់កាមេរ៉ាខាងក្រោយដល់ទៅ ៣ គ្រាប់ ហើយកាមេរ៉ាមេមានកម្រិតធំទៀតផង។
ដំបូងនិយាយអំពីចំណុចខ្លះៗរបស់ P20 ដោយមានបំពាក់អេក្រង់ LCD ទំហំ ៥,៨ អ៊ីញ អាចបង្ហាញរូបភាពក្នុងកម្រិត ១០៨០ x ២២៤៤ ភីកសែល។ ផ្នែកខាងក្រោមនៃអេក្រង់គឺមានបំពាក់នូវទ្រនាប់ស្កេនម្រាមដៃ និងអាចប្រើសម្រាប់មុខងារដទៃទៀតបាន។
P20 ដំណើរការដោយបន្ទះឈីប Kirin 970, ប្រើប្រាស់ GPU Mali-G72MP12 និងមាន RAM ទំហំ ៤ GB។ អង្គផ្ទុកទិន្នន័យមានទំហំ ៦៤ GB ដែលអាចបន្ថែមទំហំបានតាមរយៈមេមូរីកាត។
កាមេរ៉ាភ្លោះដែលបំពាក់លើ P20 មានសមត្ថភាពកាន់តែប្រសើរជាងស៊េរីមុន ដោយកាមេរ៉ាមេមានកម្រិត ១២ MP មានបច្ចេកវិទ្យារក្សាលំនឹង OIS Aperture f/1.6 ជាឡេនថតរូបពណ៌។ ចំណែកកាមេរ៉ាទីពីរជាឡេនស-ខ្មៅ មានកម្រិត ២០ MP និងមាន Aperture f/1.6។
កាមេរ៉ារបស់ P20 នេះមានសមត្ថភាពអាចថតរូប Portrait (ច្បាស់មុខព្រាលក្រោយ), អាចផ្លាស់ប្ដូរផ្ទៃ Background និងប្រភេទពន្លឺនៃរូបភាពបានច្រើនប្រភេទ, អាច Zoom បានពីរដងដោយមិនខូចគុណភាពរូប និងអាចថតវីដេអូកំពូលយឺតក្នុងល្បឿន ៩៦០ ប្លង់/វិនាទី នៅកម្រិត ៧២០ ភីកសែល។
វីដេអូកំពូលយឺតថតចេញពី P20 ៖
កាមេរ៉ា Selfie មានកម្រិត ២៤ MP មាន Aperture f/2.0 ដែលអាចថតរូប Portrait បាន និងបង្កើតជា Effect ពន្លឺក្នុងស្ទូឌីយោ រួមទាំងប្រើសម្រាប់ដោះសោទូរសព្ទបានផងដែរ។ P20 មានថ្មទំហំ ៣៤០០ mAh ដែលទ្រាំទ្រនឹងបច្ចេកវិទ្យាសាកថ្មបានលឿន Super Charge របស់ Huawei។
រចនាបថរបស់ P20 ខុសប្លែកពី P9 និង P10 ដែលមានតួខ្លួនផលិតពីលោហធាតុ និងស្រោបដោយកញ្ចក់ភ្លឺរលោង មុខ/ក្រោយ និងមិនមានសមត្ថភាពធន់នឹងទឹកឡើយ។ បន្ថែមពីនេះវាមានជម្រើសពណ៌ Twilight ជាពណ៌ដ៏លេចធ្លោមួយ។
P20 Pro មានបំពាក់អេក្រង់ OLED ទំហំ ៦,១ អ៊ីញដែលមានមាត្រដ្ឋាន 18.7:9 និងអាចបង្ហាញរូបភាព ក្នុងកម្រិត ១០៨០ x ២២៤៤ ភីកសែល។ ទ្រនាប់ស្កេនម្រាមដៃក៏ស្ថិតនៅផ្នែកខាងមុខដូចជា P20 ដែរ។
P20 Pro ប្រើបន្ទះឈីប Kirin 970 ដូចជា P20 ដែរ ប៉ុន្តែមាន RAM ទំហំ ៦ GB និងអង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីនទំហំ ១២៨ GB ដែលអាចពង្រីកទំហំបាន។
កាមេរ៉ាបីគ្រាប់ផ្នែកខាងក្រោយជាចំណុចគួរឲ្យចាប់អារម្មណ៍ជាងគេ។ ឡេនកាមេរ៉ាដែលដាច់ចេញពីគេនោះគឺឡេនថតរូបស-ខ្មៅ ដែលមានកម្រិត ២០ MP និងមាន Aperture f/1.6។ ចំណែកឯឡេនកាមេរ៉ាដែលស្ថិតនៅជាប់គ្នាពីរ មានឡេនមួយកម្រិត ៤០ MP មាន Aperture f/1.8 និងបច្ចេកវិទ្យារក្សាលំនឹង OIS ហើយឡេនទីពីរជាប្រភេទ Telephoto មានកម្រិត ៨ MP ដែលមាន Aperture f/2.4។
ប្រព័ន្ធកាមេរ៉ាមានភ្លើង LED ចំនួនពីរគ្រាប់ និងមាន Sensor វាស់កម្ដៅនៃរូបភាពផងដែរ ហើយកាមេរ៉ាទាំង ៣ នេះមានសមត្ថភាពអាច Zoom បានបីដងដោយមិនឲ្យខូចគុណភាព និងអាច Hybrid Zoom បាន ៥ ដង។ បន្ថែមពីនេះវាអាចថតរូបក្នុងកម្រិត ISO ដល់ទៅ ១០២ ៤០០ ឯណោះ។ កាមេរ៉ា ៣ គ្រាប់នេះ ក៏អាចចាប់យកវីដេអូកំពូលយឺតក្នុងល្បឿន ៩៦០ ប្លង់/វិនាទី នៅកម្រិត ៧២០ ភីកសែល បានផងដែរ។
កាមេរ៉ា Selfie របស់ P20 Pro មានសមត្ថភាពដូចគ្នាទៅនឹង P20 ដោយមានកម្រិត ២៤ MP និងអាចប្រើសម្រាប់ស្កេនមុខដើម្បីដោះសោបែប 2D បាន។
P20 Pro មានថ្មទំហំដល់ទៅ ៤០០០ mAh ដែលអាចសាកបានលឿនជាមួយ Super Charge។ រចនាបថរបស់ P20 Pro ដូចគ្នាទៅនឹង P20 ប៉ុន្តែវាមានសមត្ថភាពធន់នឹងទឹកកម្រិត IP67។
ត្រកូល P ទាំងពីរស៊េរីនេះដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android Oreo 8.1 ជាមួយនឹង EMUI 8.1។ User Interface ថ្មីនេះមានបន្ថែមជម្រើសថ្មីសម្រាប់អេក្រង់ឆក ដោយអាចធ្វើឲ្យអេក្រង់ផ្នែកខាងលើងងឹតមួយជួរ ដូចនេះអាចបាំងស្នាមឆកបាន។
P20 មានចេញលក់លើទីផ្សារបរទេសចាប់ពីពេលនេះ ចំណែក P20 Pro ចេញលក់នៅថ្ងៃទី ៦ ខែមេសា។ លើទីផ្សារអឺរ៉ុប P20 មានតម្លៃ ៨០៥ ដុល្លារ និង P20 Pro មានតម្លៃ ១ ១១៦ ដុល្លារ៕
--> Sabay ត្រូវការរើស Accounting Manager ។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/AsCd4N
ចុចអាន៖
Mi Mix 2s ចេញជាផ្លូវការ អេក្រង់ឡើងកប់ តម្លៃចាប់ពី ៥០០ ដុល្លារ
កាមេរ៉ា Mi MIX 2S តាមស្មើ iPhone X តែនៅចាញ់ជើងខ្លាំងពីរម៉ូឌែលទៀត