មកដឹង ស្ថិតិគួរឲ្យចាប់អារម្មណ៍ទាំង ១៣ ជុំវិញពិភពលោក

  • 2018-03-28 07:50:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​មួយ​ចំនួន មិន​ចូល​ចិត្ត​មើល​តួ​លេខ​ច្រើន ឬ​ស្ថិតិ​អំពី​អ្វី​មួយ​នោះ​ទេ ដោយ​សារ​តែ​ពួក​គេ​គិត​ថា​វា​គួរ​ឲ្យ​ស្មុគស្មាញ និង​ពិបាក​យល់។ ប៉ុន្តែ​ខាង​ក្រោម​នេះ​គឺ​ជា ចំនួន​តួលេខ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទាំង ១៣ ជុំវិញ​ពិភពលោក ៖

១. បង់​ក្លាដែសមានប្រជាជនច្រើនជាងរុស្សី

យោង​តាម​ស្ថិតិ​បច្ចុប្បន្ន​ឲ្យ​ដឹង​ថា បើ​ទោះ​បី​ជា​បង់​ក្លាដែស​មាន​ទំហំ​ផ្ទៃដី​តូច​ជាង​ក៏​ដោយ ប៉ុន្តែ​ប្រទេស​នេះ​មាន​ប្រជាជន​ច្រើន​ជាង​រុស្សី​រហូត​ដល់ ២០ លាន​នាក់។

២. ដើមឈើមានចំនួនច្រើនជាងផ្កាយនៅលើមេឃ

យោង​តាម​ស្ថិតិជា​ច្រើន​ឲ្យ​ដឹង​ថា ដើមឈើ​មាន​រហូត​ដល់ ៣ ទ្រីលាន ដើម ខណៈ​ផ្កាយ​មាន​ត្រឹម ៤០០ ប៊ីលាន​ប៉ុណ្ណោះ។

៣. ប្រជាជនអាល្លឺម៉ង់មានភាគរយទាបបំផុតនៃកុមារ

ក្មេង​ៗ​អាយុ​ចាប់​ពី​កើត​រហូត​ដល់ ១៤ ឆ្នាំ មាន​ត្រឹម ១២% ប៉ុណ្ណោះ​ក្នុង​ប្រទេស អាល្លឺម៉ង់ ចំណែក​ក្នុង​ប្រទេស កេនយ៉ា វិញ ក្រុម​ក្មេង​ដែល​មាន​អាយុ​ចន្លោះ​នេះ មាន​រហូត​ដល់ ៤០% នៃ​ប្រជាជន​សរុប។

៤. Mary និង James ជា​ឈ្មោះ​ពេញ​និយមបំផុត

ចាប់​តាំង​ពី​ឆ្នាំ ១៩១៧ ដល់​ឆ្នាំ ២០១៦ មាន​ក្មេង​ប្រុស​ចំនួន ៥ លាន​នាក់​ឈ្មោះ James និង​ក្មេង​ស្រី ៣,៥ លាន​នាក់​ឈ្មោះ Mary។

៥. សាធារណរដ្ឋប្រជាមានិតចិនត្រូវបានគេស្គាល់ថា "សាធារណរដ្ឋមាស"

តាម​ការ​ស្រាវ​ជ្រាវ​មួយ​រក​ឃើញ​ថា ប្រទេស​ចិន ជីក​បាន​រ៉ែ​មាស​រហូត​ដល់ ៤៤០ តោន​ជា​រៀង​រាល់​ឆ្នាំ និង​មាន​មាស​ច្រើន​ជាង​ប្រទេស​ផ្សេង​ៗ​ផង​ដែរ។

៦. រយៈពេល ១ ០០០ ឆ្នាំចុងក្រោយនេះ ចំនួនប្រជាជនផែនដីកើនឡើងដល់ទៅ ២២ ដង

កាល​ពី​ខែ​កក្កដា ឆ្នាំ ១០០០ ចំនួន​ប្រជាជន​ក្នុង​ពិភព​លោក​សរុប​គឺ ២៧៥ ០០០ ០០០ ដោយ​ឡែក​ក្នុង​ខែ​កក្កដា ឆ្នាំ ២០០០ វិញ ប្រជាជន​កើន​ឡើង​រហូត​ដល់ ៦ ១៤៥ ០០៦ ៩៨៩។

៧. អ្នកអាចដើរជុំវិញផែនដីបាន ៤,៥ ដងក្នុងមួយជីវិតរបស់អ្នក

អ្នកវិទ្យាសាស្ត្រ បាន​គណនា​ថា​ក្នុង​មួយ​ឆាក​ជីវិត មនុស្ស​ម្នាក់​អាច​ដើរ​បាន ១៨០ ០០០ គីឡូម៉ែត្រ ដែល​មាន​ន័យ​ថា​ពួក​គេ​អាច​ដើរ​ជុំវិញ​ផែនដី ៤,៥ ដង។

៨. នៅអាមេរិក ប្រជាជនមើលទូរទស្សន៍​ច្រើនជាង ៤ម៉ោងក្នុងមួយថ្ងៃ

ជារៀងរាល់ថ្ងៃប្រជាជននៅសហរដ្ឋអាមេរិកចំណាយ ១ ភាគ ៥ នៃពេលវេលារបស់ពួកគេ (២៧០ នាទី) មើលទូរទស្សន៍។

៩. ថ្ងៃសៅរ៍គឺជាថ្ងៃដែលមានក្មេងកើតតិចបំផុត

អ្នកវិទ្យាសាស្ត្រ​បាន​រក​ឃើញ​ថា ថ្ងៃ​ព្រហស្បតិ៍​ជា​ថ្ងៃ​ដែល​មាន​ក្មេង​កើត​ច្រើន​បំផុត​រហូត​ដល់ ១២,៨% ខណៈ​ថ្ងៃ​សៅរ៍​មាន​តិច​បំផុត​ត្រឹម ១០%។

១០. ៩០% នៃ​អ៊ីមែល​ទាំង​អស់​សុទ្ធតែអត់បានការ

យោងតាម ​​Cisco ឲ្យ​ដឹង​ថា ៩០% នៃ​អ៊ី​មែល​ទាំង​អស់ គឺ​សុទ្ធ​តែ​ជា​សារ​ឥត​បាន​ការ។

១១. ស្ត្រីជាម្ដាយជនជាតិដាណឺម៉ាកគឺជាម្តាយដែលធ្វើការនឿយហត់បំផុត

យោងតាមស្ថិតិបានអោយដឹងថា ៨២% នៃស្ត្រីជាម្ដាយនៅដាណឺម៉ាកធ្វើការជាទៀងទាត់ ខណៈនៅប្រទេស ក្រិក មានម្តាយតិចជាង ៥០% ប៉ុណ្ណោះ​ដែល​ធ្វើ​ការ។

១២. McDonald's លក់ Burger បាន ៧៥ ក្នុងមួយវិនាទី

ហាង​អាហារ​ដ៏​ល្បី​មួយ​ឈ្មោះ McDonald's បាន​បង្ហាញ​ស្ថិតិ​ថា ខ្លួន​លក់ Burger បាន​ ៧៥ ក្នុង​រយៈ​ពេល​មួយ​វិនាទី។

១៣. នៅ​អាមេរិក មាន​មនុស្ស ១ ៧០០ នាក់​ក្លាយ​ជា​មហាសេដ្ឋីជារៀងរាល់ឆ្នាំ

យោង​តាម​ស្ថិតិ​មួយ​បង្ហាញ​ថា នៅ​សហរដ្ឋអាមេរិក​មាន​គ្រួសារ​ជាង ៨ លាន គ្រួសារ​ដែល​មាន​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​លើស​ពី ១ លាន​ដុល្លារ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មាន​មនុស្ស ១ ៧០០ នាក់​ក្លាយ​ខ្លួន​ជា​មហាសេដ្ឋី​ជា​រៀង​រាល់​ថ្ងៃ៕

ចុចអាន ៖

ប្រភព៖ Brightside   ប្រែ​សម្រួល៖ រ័ត្ន