មានសម្ដែងល្បុក្កតោដ៏ធំមុខអង្គរ ថ្ងៃប្រកាសកីឡានេះជាសម្បត្តិបេតិកភណ្ឌពិភពលោក
- 2018-03-29 10:11:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានសម្ដែងល្បុក្កតោដ៏ធំមុខអង្គរ ថ្ងៃប្រកាសកីឡានេះជាសម្បត្តិបេតិកភណ្ឌពិភពលោក
ចន្លោះមិនឃើញ
ល្បុក្កតោកម្ពុជា នឹងមានរៀបចំព្រឹត្តិការណ៍សម្ដែងដ៏ធំមួយ នៅទីតាំងមុខប្រាសាទអង្គរវត្ត ក្នុងខែវិច្ឆិកា ឆ្នាំ២០១៩ ដែលជាថ្ងៃប្រកាសលទ្ធផលដាក់បញ្ចូលជាផ្លូវការកីឡានេះជាសម្បត្តិបេតិកភណ្ឌពិភពលោក។
កីឡាល្បុក្កតោរបស់កម្ពុជា បានដាក់ឯកសារទៅកាន់អង្គការ UNESCO ដើម្បីចូលខ្លួនជាសម្បត្តិបេតិកភ័ណ្ឌពិភពលោកកាលដើមឆ្នាំ២០១៧។ ខណៈនៅដើមខែមីនា ឆ្នាំ២០១៨ អង្គការមួយនេះបានបើកមើលឯកសារដែលល្បុក្កតោបានដាក់ទៅហើយ។
ក្នុងឱកាសបើកវគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល ចៅក្រម និងគ្រូបង្វឹកថ្នាក់ជាតិនៅទីស្ដីការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) មុននេះ ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានឲ្យដឹងថា ក្រោយពេលបើកមើលនេះ ដល់ខែមិថុនា ឆ្នាំ២០១៨ អង្គការមួយនេះ នឹងឆ្លើយមកកាន់កម្ពុជាថា នៅមានខ្វះខាតឯកសារឬយ៉ាងណា។
ឯកឧត្ដមរូបនេះបន្ថែមថា បើមើលឃើញថា ឯកគ្រប់គ្រាន់ដល់ខែវិច្ឆិកា ឆ្នាំ២០១៨ UNESCO នឹងបញ្ជូនទៅគណៈកម្មការវិនិច្ឆ័យជាលើកចុងក្រោយ។ បន្ទាប់មកដល់ខែមីនា ឆ្នាំ២០១៩ អង្គការមួយនេះ នឹងបញ្ជាក់មកកម្ពុជាម្ដងទៀតអំពីឯកសារដែលដាក់ល្បុក្កតោជាសម្បត្តិពិភពលោកនេះថា តើគ្រប់គ្រាន់ឬយ៉ាងណាជាលើកទី២។
ប្រសិនបើដល់ដំណាក់កាលនេះមើលឃើញថា លក្ខខណ្ឌគ្រប់គ្រាន់ហើយនោះ ជាចុងក្រោយដល់ខែវិច្ឆិកា ឆ្នាំ២០១៩ អង្គារ UNESCO នឹងផ្ដល់ដំណឹងថា ល្បុក្កតោបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ជាមួយគ្នានោះឯកឧត្ដម វ៉ាត់ ចំរើន ប្រកាសថា នឹងរៀបចំព្រឹត្តិការណ៍សម្ដែងល្បុក្កតោដ៏ធំមួយនៅមុខប្រាសាទអង្គរវត្តិក្នុងថ្ងៃប្រកាសលទ្ធផលនោះ ដើម្បីជាការអបអរ។
ក្នុងការបិទវគ្គបណ្ដុះបណ្ដាលខាងលើគឺមានសិក្ខាកាមចូលរួមចំនួន ២៧ រូប ដែលទទួលបានវិញ្ញាបនបត្រ បញ្ជាក់ការសិក្សាចន្លោះពីថ្ងៃ២៧-២៩ ខែមីនា ឆ្នាំ២០១៨ នៅ NOCC ៕