រដ្ឋាភិបាល​ម៉ាឡេស៊ី ព្រមាន​ទុកមុ​ន​ ហាមក្រុមហ៊ុន​តាក់ស៊ី Grab ឡើង​ថ្លៃ​ឲ្យ​សោះ

  • 2018-04-02 09:51:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី Grab បាន​ទិញ​យក​អាជីវកម្ម​​​ក្រុមហ៊ុន Uber ក្នុង​ប្រទេស​​ប្លុក​អាស៊ាន​ មិន​បាន​​ប៉ុន្មាន​ផង រដ្ឋាភិបាល​ម៉ាឡេស៊ី បាន​ចេញ​សេចក្ដី​ថ្លែងការណ៍ ពី​ការ​ត្រួត​ពិនិត្យ​ដ៏​តឹងរ៉ឹង​ចំពោះ​ក្រុមហ៊ុន​​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេសសិង្ហបុរី។

វិធានការ​នេះ​ដើម្បី​ការពារ​ប្រយោជន៍​អ្នក​ប្រើប្រាស់​ ព្រោះ​ក្រោយ​ពេល​ដែល Grab បាន​ទិញ​យក Uber នឹង​ក្លាយ​ទៅ​ជា​ក្រុមហ៊ុន​យក្ស​​ផ្តាច់​មុខ​ក្នុង​មុខ​ជំនួញ​សេវា​ធ្វើ​ដំណើរ។

បើ​តាម​ច្បាប់​ប្រកួត​ប្រជែង​ទីផ្សារ​សេរីរបស់​ប្រទេស​ម៉ាឡេស៊ី នៅ​ពេល​ដែល​ក្រុមហ៊ុន​ធំៗពីរ​ឬ​ច្រើន​ប្រកួត​ប្រជែង​គ្នា ក្រុមហ៊ុន​ទាំង​នោះ​នឹង​ផ្ដល់​ប្រយោជន៍​ដល់​អ្នក​ប្រើ​ប្រាស់​ច្រើន​ដើម្បី​ទាក់​ទាញ​អតិថិជន​ខ្លួន។ ដូច្នេះ​វិធានការ​របស់​រដ្ឋាភិបាល​ម៉ាឡេស៊ី​ គឺ​ដើម្បី​បង្ការ​ពី​ការ​ដំឡើង​ថ្លៃ​ស្រេច​ចិត្ត និង​ការ​កាត់​បន្ថយ​អត្ថ​ប្រយោជន៍​នានា​ពី​អតិថិជន។

រដ្ឋ​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល​ លោកស្រី Nancy Shukri បាន​ថ្លែង​បន្ទាប់​ពី​ជួប​ពិភាក្សា​ជាមួយ​អ្នក​តំណាង​ខាង​ក្រុមហ៊ុន Grab ថា៖ "ពួក​យើង​នឹង​មិន​លេង​សើច​​នោះទេ ហើយ​ពួក​យើង​​នឹង​តាមដាន​ជាប់​ជា​និច្ច"។

មន្រ្តី​កាន់ការ​កំពូលក្នុង​រដ្ឋាភិបាល​បាន​សង្កត់​ធ្ងន់​ថា៖ "បើ​សិន​​មានអី​កើត​ឡើង ពួក​យើង​នឹង​មាន​ចំណាត់​ការ​ភ្លាម​ៗ ប៉ុន្តែ​ ខាង​ក្រុមហ៊ុន Grab បាន​ធានា​អះអាង​ថា​នឹង​មិន​មាន​រឿង​បែប​នេះ​កើត​ឡើង​ឡើយ"។

ទោះ​ជា​យ៉ាង​ណា​ លោកស្រី​បញ្ជាក់​ថា ការ​រឹត​បន្តឹង​នេះ មិន​ធ្វើ​ឲ្យ​មាន​បញ្ហា​ដល់​ការ​សហការ​រវាង​រដ្ឋាភិបាល និង​ក្រុមហ៊ុន Grab ឡើយ។ ក្រុមហ៊ុន Grab បាន​ផ្ដល់​ការងារ​ដល់​អ្នក​បើក​តាក់ស៊ី​ជាង ១៤ ០០០ កន្លែង។ ខាង​រដ្ឋាភិបាល​នឹង​រង់​ចាំ​ជួយ គាំ​ទ្រ​ក្រុមហ៊ុន​ជានិច្ច​ ក្នុង​ការ​ជួយ​ផ្ដល់​ការងារ​ដល់​ពលរដ្ឋ​ម៉ាឡេស៊ី៕

  • Sabay ត្រូវការរើស Marketing Consultant។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/j3UhbY
  • Sabay ត្រូវការរើស 5 Corporate Sales Executives ។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/iTqDWW
  • Sabay ត្រូវការរើស Accounting Manager ។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/AsCd4N

ចុចអាន៖

ប្រភព៖ Reuters   ប្រែ​សម្រួល៖ ផាត សុវត្ថិ