លម្អិត​​​កាន់តែ​ច្បាស់​ពី​កាមេរ៉ាទាំង ៣ គ្រាប់លើ Huawei P20 Pro ខ្លាំង​ប៉ុណ្ណា

  • 2018-04-03 03:24:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកាស​បង្ហាញ Huawei P20 Pro នា​ថ្ងៃ​ទី ២៧ មិនា​កន្លង​ទៅ បាន​រង្គោះរង្គើ​ចិត្ត​អ្នក​និយម​ប្រើប្រាស់​ស្មាតហ្វូន​កំពូល ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​គ្រប់ៗ​គ្នា។ ចំណុច​រសើប​ត្រង់​កាមេរ៉ា​ទាំង ៣ គ្រាប់ សមត្ថភាព​ខ្ពស់​លើស​ពី​កាមេរ៉ា​ភ្លោះ​ធម្មតា​ដែល​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​ជា​ច្រើន​កំពុង​ព្យាយាម​អភិវឌ្ឍ។

Sabay បកស្រាយ​ប៉ុន្មាន​ចំណុច​ទាក់ទង​នឹង​លក្ខណៈ​ពិសេស​លើ​កាមេរ៉ា Huawei P20 Pro ដែល​មនុស្ស​ភាគច្រើន​មិន​ទាន់​បាន​ដឹង។

+លក្ខណៈ​សម្បត្តិ​កាមេរ៉ា P20 Pro:

  • គ្រាប់​ទី​មួយ: ទំហំ 40MP ប្រភេទ RGB Sensor មាន Aperture f/1.8
  • គ្រាប់​ទី​ពីរ: ទំហំ 20MP ប្រភេទ Monochrome មាន Aperture f/1.6
  • គ្រាប់​ទី​បី: ទំហំ 8MP ប្រភេទ Telephoto អាច Zoom ដល់​កម្រិត 3x អម​មុខងារ OIS និង Aperture f/2.4
  • កាមេរ៉ា​មុខ: ទំហំ 24MP មាន Aperture f/2.0
  • សម្រួល​ដោយ Sensor ប្រភេទ Laser AF និង Colour Temperature

ដូច​រៀបរាប់​ខាង​លើ​កាមេរ៉ា​ទាំង ៣ គ្រាប់​ក្នុង​នោះ​មាន​ពីរ​ជា​ប្រភេទ RGB និង Monochrome ដែល​ Huawei ធ្លាប់​ប្រើ​លើ​ស្មាតហ្វូន​កាមេរ៉ា​ភ្លោះ​ជំនាន់​មុន ស្ថិត​ក្រោម​ការ​អភិវឌ្ឍ​ដោយ Leica។ មាន​ន័យ​ថា​មួយ​គ្រាប់​ចាប់​យក​ទិន្នន័យ​ពណ៌ (RGB) និង​មួយ​គ្រាប់​ទៀត​ចាប់​យក​ទិន្នន័យ​ស​ខ្មៅ (Monochrome) ហើយ​ការ​បង្រួម​នៃ​គ្រាប់​កាមេរ៉ា​ទាំង​ពីរ អាច​ផលិត​ចេញ​នូវ​រូបភាព​ដ៏​ល្អ​ឥ​ខ្ចោះ​មួយ និង​ចំណុច​ខ្លឹម​ក្រុមហ៊ុន​ចិន​មួយ​នេះ​ក៏​អភិវឌ្ឍ​ទំហំ Sensor ឡើង​ដល់ 1/1.7in ធំ​ជាង​គូ​ប្រជែង​​។

គ្រាប់​កាមេរ៉ា​ទី​បី​ទំហំ 8MP ជា​ប្រភេទ Len Zoom ស្ថិត​ក្នុង​កម្រិត​ស្តង់ដារ 3x Optical អនុញ្ញាត​ឲ្យ​អ្នក​អាច​ចាប់​យក​កាន់​តែ​ជិត​ទៅ​នឹង Subject ដោយ​ពុំ​បាត់បង់​គុណភាព​រូប និង​អ្វី​ដែល​ពិសេស​អម​មុខងារ​ទប់​លំនឹង OIS បន្ថែម Aperture ដល់ f/2.4។ មួយ​គ្រាប់​នេះ​​ផ្តល់​ឲ្យ​អ្នក​នូវ​មុខងារ Hybrid Zoom កម្រិត 5x ដែល​ឆ្លង​កាត់​ការ Crop រូប ចេញ​ពី Sensor ទំហំ 40MP បន្សំ​ការ​គាំទ្រ​នូវ​មុខងារ Laser Autofocus និង Colour Temperature ដើម្បី​ឲ្យ​ប្រាកដ​ថា​កម្រិត White Balance មាន​ភាព​ច្បាស់លាស់។

សរុប​ជា​រួម​ក្រោយ​ដំណើរការ​នៃ​គ្រាប់​កាមេរ៉ា​ទាំង ៣ រាល់​ទិន្នន័យ​រូបភាព​ដែល​ផ្តិត​ចេញ​មក​គឺ​មាន​លក្ខណៈ​ច្បាស់​ខ្លាំង ទោះ​អ្នក Zoom ដល់​កម្រិត​ខ្ពស់​បន្តិច​ក៏​ដោយ ជា​ពិសេស​ត្រូវ​ប៉ាន់​អ្នក​និយម​ថត Portrait ជំរុញ​ឲ្យ​កម្រិត Bokeh (ព្រាល) មាន​ភាព​កាន់​តែ​ប្រាកដ សក្ដិសម​នឹង​មុខងារ Variable Aperture អនុញ្ញាត​ឲ្យ​អ្នក​ប្តូរ​ទីតាំង​ព្រាល​ទៅ​តាម​ចិត្ត ក្រោយ​ថត​រួច​ហើយ។​

+ស្វែងយល់​ពី​ Sensor ទំហំ 40MP:

ចំណុច​នេះ​ជា​ការ​ចាប់​អារម្មណ៍​ខ្លាំង​បំផុត​របស់​អតិថិជន ប៉ុន្តែ​អ្នក​ត្រូវ​ចាំ​ថា​មិន​ប្រាកដ​ទំហំ Megapixel កាន់​តែ​ធំ កាន់​តែ​ថត​រូប​បាន​ប្រសើរ​នោះ​ទេ សំខាន់​ទៅ​លើ​បច្ចេកវិទ្យា​នៃ​កាមេរ៉ា​គួបផ្សំ។ ក្រឡេក​ទៅ​គូ​ប្រជែង Apple, Samsung និង Google ប្រើ​ត្រឹម​ទំហំ 12MP ក៏​មាន​សមត្ថភាព​ផលិត​រូបភាព​បាន​ប្រហាក់ប្រហែល​គ្នា។

សម្រាប់​ក្រុមហ៊ុន Huawei ពុំ​មាន​ន័យ​ថា​កាមេរ៉ា​ដែល​អ្នក​ផ្តិត​យក​រូបភាព​ស្ថិត​ក្នុង​ទំហំ 40MP នោះ​ទេ ផ្ទុយ​ទៅ​វិញ​វា​ជា​ការ​លាយឡំ​គ្នា​នូវ​បច្ចេកវិទ្យា Pixel Fusion ដោយ​បើក​ចំហ​នៅ​ទីតាំង Pixel ក្នុង​ទំហំ 2,0µm ជួយ​ឲ្យ​ការ​ទទួល​យក​ពន្លឺ​បាន​កាន់​តែ​ច្រើន នោះ​ក៏​ជា​ជំនួយ​ក្នុង​ការ​ថត​បែប Low Light បាន​យ៉ាង​ល្អ។​ ទៅ​តាម​ស្តង់ដារ​គឺ​ប្រើ​ត្រឹម​ទំហំ 10MP នៅ​មាត្រដ្ឋាន ៤:៣ ប៉ុណ្ណោះ ប៉ុន្តែ​បើ​អ្នក​ចង់​ផ្លាស់ប្តូរ​ទំហំ​នេះ ក៏​អាច​ធ្វើ​បាន​តាម​ចិត្ត។

មួយ​ផ្សេង​ទៀត​កាមេរ៉ា 40MP ក៏​ប្រើប្រាស់​សម្រាប់​មុខងារ Hybrid Zoom ដែល​ជា​ការ​ច្របាច់​បញ្ចូល​គ្នា​រវាង Optical 3x Zoom របស់​គ្រាប់ Lens ទី​បី​ដែល​មាន​ទំហំ 8MP ដូច​បញ្ជាក់​ពី​ខាង​លើ។ ប៉ុន្តែ​ត្រូវ​ចាំ​មុខងារ Zoom នឹង​មិន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​នោះ​ទេ ប្រសិន​អ្នក​កំណត់​កាមេរ៉ា​ឲ្យ​ថត​នូវ​ទំហំ 40MP។​​​​

+ការ​ថត​នៅ​ទី​ងងឹត (low-light):

មិន​ធ្លាប់​មាន​ស្មាតហ្វូន​ណា​អាច​ធ្វើ​បាន ដោយ Huawei ជា​ក្រុមហ៊ុន​ដំបូង​ដែល​ផ្តល់​ឲ្យ​​អ្នកប្រើប្រាស់​អាចដំឡើង​កម្រិត ISO សម្រាប់​ការ​ថត​នៅ​ទី​ងងឹត​ឡើង​ដល់ ១០២ ៤០០ ។ សឹង​តែ​ភ្នែក​មនុស្ស​ធម្មតាមើល​មិន​ឃើញ តែ​កាមេរ៉ា​ដ៏​ឆ្លាតវៃ​មួយ​នេះ​អាច​ធ្វើ​បាន​យ៉ាង​ប្រសើរ។​

អម​នឹង​ការ​ជំនួយ​ពី​បច្ចេកវិទ្យា Pixel Fusion ដែល​ផ្តល់​ឲ្យ​លំហូរ​ពន្លឺ​អាច​ជះ​ចូល​កាន់​តែ​ខ្លាំង ជា​កត្តា​ជំរុញ​ឲ្យ​ការ​ផ្តិត​យក​រូបភាព​បែប Low-Light អាច​ធ្វើ​បាន​ល្អ​ជាង​ស្មាតហ្វូន​ដទៃ។ បន្ថែម​ពី​នេះ​ក៏​មាន​មុខងារ Handhold Longer Exposure ដំឡើង​ដល់ ៨ វិនាទី ជា​ជំនួយ​មិន​ចាំ​បាច់​ឲ្យ​អ្នក​ប្រើ ត្រូវ​ស្ពាយ Tripod ទៅ​តាម​ខ្លួន​អំឡុង​ថត​ពេល​រាត្រី។

+ការ​ថត​បែប AI:

ស្ថិត​ក្នុង​ការ​រចនា ១៩ បែបបទ​ខុស​ពី​គ្នា បច្ចេកវិទ្យា AI របស់​ក្រុមហ៊ុន Huawei ក៏​ធ្វើ​បាន​ល្អ មិន​ចាញ់​គូ​បដិបក្ខ Google ដោយ​ផ្តល់​នូវ​ការ​ថត​បែប Food, Portrait, Cat, Landscape កំណត់ Settings មក​ពី​នាយ។ ប៉ុន្តែ​នេះ​ពុំ​មែន​ជា​អ្វី​ដែល​ថ្មី​នោះ​ទេ បើ​ក្រឡេក​ទៅ SONY មាន​ប្រើ​ដូច​គ្នា​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ឲ្យ​ឈ្មោះ​ថា Superior Auto ។​

+ការ​ថត​វីដេអូ​ Slo-mo លក្ខខណ្ឌ 960fps:

Huawei បាន​ប្រលូក​ចូល​សង្រ្គាម​ថត​វីដេអូ​លក្ខខណ្ឌ 960fps ជាមួយ SAMSUNG និង SONY ដែល​ធ្វើ​បាន​នូវ​កម្រិត 720p ស្មើ​ក្រុមហ៊ុន​កូរ៉េ​ខាង​ត្បូង ប៉ុន្តែ​មិន​អាច​ឈោង​ដល់ SONY គាំទ្រ​ដល់​កម្រិត 1080p ឡើយ។

ប៉ុន្តែ​តាម​ការ​តេស្ត​ផ្ទាល់​របស់​គេហទំព័រ Pocket-lint បាន​បញ្ជាក់​ថា​ការ​ថត Slo-mo នៅ​ទីតាំង​ងងឹត​បែប Indoor ស្មាតហ្វូន Huawei ជំនាន់​ឆ្នាំ ២០១៨ នេះ ផ្តល់​នូវ​សាច់​វីដេអូ​ច្បាស់​និង​មាន​ពន្លឺ​ល្អ​ជាង បើ​ធៀប​ទៅ​នឹង Samsung ដែលត្រូវ​ឧបសគ្គ​បន្តិចបន្តួច។

-->Sabay ត្រូវការរើស 5 Corporate Sales Executives ។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់  https://goo.gl/iTqDWW

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Pocket Lint   ប្រែ​សម្រួល៖ កៅ រក្សា