Apple ចង់​ឈប់​ខ្ចី​ដង្ហើម​គេ​ដក នឹង​ផលិត​ឈីប​​កុំព្យូទ័រ​ផ្ទាល់​ខ្លួន​នៅ​ឆ្នាំ ២០២០

  • 2018-04-03 02:26:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Apple បាន​នឹង​កំពុង​ដុត​ដៃ​ដុត​ជើង ក្នុង​ការ​ផលិត​ឈីប​ផ្ទាល់​ខ្លួន​ដើម្បី​បំពាក់​លើ​កុំព្យូទ័រ​ប្រភេទ Mac ដែល​ពឹង​ផ្អែក​លើ​ឈីប​របស់ Intel ជិត​ពីរ​ទសវត្សរ៍​ទៅ​ហើយ​នោះ។ ក្រុមហ៊ុន​ដែល​ផលិត​បន្ទះ​ឈីប​ស៊េរី A ដ៏​ជោគ​ជ័យ​លើ iPhone, iPad និង​ iPod នេះ​អាច​នឹង​បង្កើត​អ្វី​ដែល​ជា​របស់​ខ្លួន​សឹង​ទាំង​អស់​តែ​ម្ដង​។ តាម​ប្រភព​ពី Bloomberg បាន​ប្រាប់​មក​ថា Apple មាន​គម្រោង​នឹង​ជំនួស​ឈីប Intel នៅ​លើ​ Mac ដោយ​បន្ទះ​ឈីប​ផ្ទាល់​ខ្លួន​នៅ​ដើម​ឆ្នាំ ២០២០ នេះ។

តាម​ប្រភព​ខាង​ក្នុង​មក គម្រោង​នេះ​មាន​ឈ្មោះ​ថា Kalamata ។ ប៉ុន្តែ វា​នៅ​មិន​ទាន់​អាច​ទៅ​រួច​នៅ​ឡើយ​ទេ ដែល Kalamata នឹង​ត្រូវ​ដាក់​ឲ្យ​អនុវត្ត​ភ្លាម​ៗ​នោះ ព្រោះ​ការ​សិក្សា​និង​អភិវឌ្ឍ​នៅ​ត្រូវ​ការ​ពេល​យូរ​ទៀត​ ទម្រាំ​អាច​ផលិត​ចេញដាក់​លើ Mac របស់​ខ្លួន​បាន។ ម៉្យាង​ទៀត ឈីប​របស់ Intel ដែល​បំពាក់​លើ​ Mac សព្វ​ថ្ងៃ​មាន​សមត្ថភាព​មិន​អន់​ឡើយ ពិសេស​គឺ​មុខ​ងារ Power Nap ដែល​អាច​ឲ្យ​ Mac ដំណើរការ Update ឬ Setting នានា​ក្នុង​ពេល​ដែល​ Mac កំពុង​ Sleep ។ បច្ចេកវិទ្យា​នេះ ធ្វើ​ឲ្យ​ Mac អាច​ធ្វើ​ការ​បាន​ទោះ​មិន​មាន​ការ​បើក​ប្រើ​ក៏​ដោយ ហើយ​សន្សំ​សំចៃ​ថ្ម​បាន​ច្រើន​ទៀត​ផង។

នេះ​មិន​មែន​ជា​រឿង​ថ្មី​ឡើយ​ ដែល Apple អាច​នឹង​សម្រេច​ចិត្ត​ប្ដូរ​ឈីប​លើ​កុំព្យូទ័រ​​របស់​ខ្លួន​នោះ ព្រោះ​កាល​ពី​ដើម​ឆ្នាំ ២០០០ Apple ក៏​បាន​ប្ដូរ​ឈីប​ពី Power PC មក Intel នេះ​ផង​ដែរ។ ម៉្យាង​ទៀត​ ដោយ​សារ​មាន​រឿង​អាស្រូវ​ផ្នែក​សុវត្ថិភាព របស់​ឈីប​ក្រុមហ៊ុន Intel ដែល hacker អាច​លួច​យក​ព័ត៌មាន​បាន​ដោយ​សារ​កំហុស​នៃ​ស្ថាបត្យកម្ម​ឈីប​ខ្លួន​នោះ ធ្វើ​ឲ្យ​ Apple ត្រូវ​រំកិល​ខ្លួន​មួយ​កម្រិត​ទៅ​មុខ​ទៀត​ ជា​ជាង​ពឹង​ផ្អែក​ទៅ​លើ​គេ​ទាំង​ស្រុង៕

ចុចអាន៖

ប្រភព៖ engadget   ប្រែ​សម្រួល៖ ផាត សុវត្ថិ