សង្រ្គាម​ជិត​ផ្ទុះ មេ Facebook ដាក់មួយ​ម៉ាត់​ទៅ​មេ​ Apple វិញ​​ឡើង​កប់​

  • 2018-04-03 08:13:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​មាន ការ​សម្ភាសន៍​សាក​សួរ​មេ​ Apple ពី​បញ្ហា​រឿង​អាស្រូវ​របស់ Facebook នោះ ពេល​នេះ​លោក Mark Zuckerberg បាន​ចេញ​មុខ​មក​ឌឺដង​មេ​របស់ Apple វិញ​ម្ដង​ហើយ​ថា សម្ដី​របស់​លោក Tim Cook ជា CEO របស់ Apple នោះ គ្រាន់​តែ​ជា "ពាក្យ​បំភ័ន្ត​" តែ​ប៉ុណ្ណោះ។

កាល​នៅ​ក្នុង​បទ​សម្ភាសន៍​នោះ លោក Tim Cook បាន​និយាយ​ថា "តាម​ពិត​ទៅ ប្រសិន​បើ​អតិថិជន​ជា​ផលិតផល របស់​ពួក​យើង​មែន​នោះ យើង​ប្រាកដ​ជា​រក​លុយ​បាន​​មិន​តិច​ទេ​ ពី​ការ​ទាញ​យក​ផល​ប្រយោជន៍​ពី​ពួកគេ" ។ លោក​ចង់​និយាយ​សំដៅ​ទៅ​លើ​ការ​ផ្សាយ​ពាណិជ្ជកម្ម និង​ការ​ទាញ​យក​ទិន្នន័យ​អ្នក​ប្រើប្រាស់​ដូច​រឿង​ដែល Facebook បាន​ធ្វើ​កាល​ពី​ពេល​កន្លង​នេះ​ទៅ​នោះ​ឯង។

ប៉ុន្តែ​ពេល​លោក Mark Zuckerberg ផ្ដល់​បទ​សម្ភាសន៍​ដល់ Vox វិញ​លោក​បាន​ឆ្លើយ​តប​ទៅ​វិញ​ដូច្នេះ​ថា "អ្នក​ដឹង​ទេ ខ្ញុំ​ថា​​គាត់ (Tim Cook) គួរ​តែ​និយាយ​ថា​បើ​អ្នក មិន​ឲ្យ​លុយ​ដល់​ក្រុមហ៊ុន​ខ្ញុំ​ទេ ខ្ញុំ​នឹង​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ឡើយ។ ការ​និយាយ​នោះ​គ្រាន់​តែ​ជា "ពាក្យ​បំភ័ន្ត​" ប៉ុណ្ណោះ។ វា​ពិត​ជា​គួរ​ឲ្យ​អស់​សំណើច​ណាស់​ ដែល​ក្រុមហ៊ុន​មួយ​ដែល​តែងតែ​ខិតខំ យ៉ាង​សស្រាក់សស្រាំ ដើម្បី​ទាក់​ឲ្យ​អតិថិជន ចំណាយ​លុយ​នោះ ចេញ​មក​និយាយ​ថា​ព្រួយ​បារម្ភ​ពី​អ្នក​ប្រើប្រាស់។

លោក​ក៏​បាន​បន្ត​ទៀត​ដែរ​ថា "បើ​សិន​ជា​អ្នក​មិនមែន​ជា​ក្រុមហ៊ុន​លក់​ផលិតផល​សម្រាប់​អ្នក​មាន​ទេ អ្នក​គួរ​តែ​ចេញ​ផលិត​ផល​អ្វី​ដែល​គ្រប់​គ្នា​មាន​លទ្ធភាព​ទិញទៅ។ បើ​នៅ Facebook វិញ​ ពួក​យើង​ខិត​ខំ​គ្រប់​បែប​យ៉ាង ធ្វើ​យ៉ាងណា​ឲ្យ​អ្នក​ប្រើ​ប្រាស់​ចំណាយ​តិច​បំផុត ឬ​សឹង​តែ​មិន​ចំណាយ​ផង។ ខ្ញុំ​មិន​គិត​ថា​ក្រុមហ៊ុន ដែល​ផ្ដល់​សេវាកម្ម​ឥត​គិត​ថ្លៃ ដូច​យើង​ខ្ញុំ​មិន​ខ្វល់​ខ្វាយ ពី​អ្នកប្រើប្រាស់​ឡើយ" ។

ចាំ​មើល​ថា តើ​នឹង​មាន​សង្គ្រាម​ពាក្យ​សម្ដី​នេះ​កើត​ឡើង​ជា​ភាគ​បន្ត ឬ​មួយ​ក៏​យ៉ាង​ណា សូម​ដាម​ដាន​លើ គេហទំព័រ​របស់ Sabay ទាំង​អស់​គ្នា៕

ចុចអាន៖

ប្រភព៖ theverge   ប្រែ​សម្រួល៖ ផាត សុវត្ថិ

អត្ថបទថ្មី