ព័ត៌មាន​ធ្លាយ​ចេញ មិន​ត្រឹម សូដា នីតា ទេ តែ​តារា​ខ្មែរ​ច្រើន​នាក់​ទៀត​ធ្លាក់​សម្ភាសន៍​ទៅ​អាមេរិកបន្ត​កន្ទុយ

  • 2018-04-04 02:54:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ព័ត៌មាន​ធ្លាយ​ចេញ​ថ្មី​ៗ​នេះ គឺ​មិន​មែន​មាន​ត្រឹម​តារា​ស្រី សូដា នីតា តែ​ម្នាក់​ទេ ដែល​ស្ថាន​ទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​បដិសេធ​ផ្ដល់​ទិដ្ឋាការ​ចូល​ទៅ​ធ្វើ​បេសកកម្ម​សិល្បៈ​នៅ​លើ​ទឹក​ដី​របស់​ខ្លួន ពោល​គឺ​នៅ មាន​សិល្បករ សិល្ប​ការិនី​ខ្មែរ​ជា​ច្រើន​នាក់ ក៏​បាន​ធ្លាក់​បន្ត​កន្ទុយ​គ្នា​ដែរ។

ប្រភព​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា រូប​គេ​មិន​បាន​ដឹង​ពី​មូលហេតុ​ពិត​ប្រាកដ​ដែល​ស្ថាន​ទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ទម្លាក់​ភ្លើង​ក្រហម​ឲ្យ​តារា​ខ្មែរ​ច្រើន​យ៉ាង​នេះ​ទេ ខណៈ​ខ្លះ​ក្នុង​ចំណោម​នេះ ធ្លាប់​មាន​បទ​ពិសោធន៍​ទៅ​សម្ដែង​នៅ​អាមេរិក​រួច​មក​ហើយ នៅ​តែ​ត្រូវ​បាន​ទម្លាក់​ដូច​គ្នា។

"ដូច​យ៉ាង សូដា នីតា អី នាង​ធ្លាប់​ទៅ​សម្ដែង​រួច​មក​ហើយ ហើយ​ក៏​មិន​មាន​បញ្ហា​អសកម្ម​ណា​មួយ​ដែរ ដល់​ឥឡូវ​សុំ​ទៅ​លើក​ទី​២ ស្រាប់​តែ​មិន​ជាប់ មិន​ដឹង​ថា មាន​មូលហេតុ​អ្វី ព្រោះ​តាម​ធម្មតា បើ​ធ្លាប់​ទៅ​ហើយ មិន​ពិបាក​នឹង​ទៅ​ម្ដង​ទៀត​ទេ!"។ ប្រភព​ថ្លែង។

ក្រៅ​ពី សូដា នីតា តារា​ប្រុស​ស្រី ផ្សេង​ទៀត ដែល​អស់​ឱកាស​ហោះ​ទៅ​អាមេរិក​ដែរ​នោះ មាន នេន ទុំ តារា​ចម្រៀង ជុំ លីណូ តារា​សម្ដែង អ៊ុន អាលីហ្សា និង​តារា​ចម្រៀង​ជើង​ថ្មី​មួយ​រូប​ទៀត​ដែល​ប្រភព​អះអាង​ថា មិន​បាន​ស្គាល់​ឈ្មោះ។

ជុំ​វិញ​បញ្ហា​ខាង​លើ សាមី​ខ្លួន​ទាំង​អស់ មិន​ទាន់​អាច​សុំ​ទំនាក់ទំនង​បាន​ទេ ប៉ុន្តែ​២​នាក់​ក្នុង​ចំណោម​ពួក​គេ​ខាង​លើ ត្រូវ​បាន កញ្ញា រ៉ាប៊ី ដែល​បច្ចុប្បន្ន​កំពុង​នៅ​អាមេរិក​ស្រាប់​នោះ បាន​បញ្ចេញ​ឲ្យ​ដឹង​ថា ពិត​ជា​អ្នក​ដែល​បរាជ័យ​ក្នុង​ការ​សុំ​ទិដ្ឋាការ​ឆ្លង​ទៅ​ដី​អាមេរិក​ពិត​មែន។ សិល្បករ​២​ដួង​នោះ គឺ កញ្ញា អ៊ុន អាលីហ្សា និង​តារា​ចម្រៀង ជុំ លីណូ។

នៅ​ក្នុង​វីដេអូ​ឃ្លីប​ខ្លី​មួយ​ពី​សហរដ្ឋ​អាមេរិក​មក ម្ចាស់​បទ "មាន់​ស្រែ" ថ្លែង​ថា "...តាម​ពិត ត្រូវ​មាន​បង អាលីហ្សា និង​បង ជុំ លីណូ ប៉ុន្តែ​ដោយ​សារ​ពួក​គាត់​អត់​ទទួល​បាន​វីហ្សា អីចឹង​អត់​បាន​ជួប​ពួក​គាត់​ទេ"។ រ៉ាប៊ី ថ្លែង​ពី​ការ​សម្ដែង​របស់​នាង​នៅ​ទីក្រុង​ហ្វីឡាដែលហ្វៀ នៅ​កាស៊ីណូ Sugarhouse នា​រាត្រី​ថ្ងៃ​ស្អែក ដែល​តាម​គម្រោង​ពី​ដំបូង គឺ​មាន​សិល្បករ សិល្បការិនី​ទាំង​នាក់​នោះ​ទៀត។

យ៉ាង​ណា នេន ទុំ ម្នាក់​ក្នុង​ចំណោម​សិល្បករ​ធ្លាក់​សម្ភាសន៍​ទៅ​អាមេរិក​លើក​នេះ ទើប​បាន​ឆ្លើយ​ប្រាប់ Sabay មុន​នេះ​ថា លោក​ពិត​ជា​បាន​បរាជ័យ​លើ​ការងារ​ឆ្លង​ទ្វីប​នេះ​មែន។

វិល​មក​ប្រភព​ទី​១​វិញ បាន​ព្រលយ​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​បរាជ័យ​របស់​សិល្បៈ​ខ្មែរ​ទាំង​ប៉ុន្មាន​ខាង​លើ ក្នុង​ការ​ទទួល​បាន​ទិដ្ឋាការ​ពី​ស្ថាន​ទូត​អាមេរិក ឥឡូវ​ម្ចាស់​ឧបត្ថម្ភ បាន និង​កំពុង​រៀប​ចំ​ឯកសារ​សា​ថ្មី​ឡើង​វិញ។ "តាម​គម្រោង គឺ​គាត់(Sponsor)ចង់​ឲ្យ​ពួក​គេ​ទៅ​សម្ដែង​នៅ​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ហ្នឹង​ហើយ ដល់​ទៅ​ធ្លាក់​អស់​អីចឹង ឥឡូវ​គាត់​កំពុង​រៀប​ចំ​ឯកសារ​ដាក់​ទៅ​ម្ដង​ទៀត។ ដាក់​ចេះ​តែ​ដាក់​ហើយ តែ​បើ​បាន​ទៅ ទាល់​តែ​រួច​ចូល​ឆ្នាំ​អី​ឯណោះ...ចូល​ឆ្នាំ​រួច​ហើយ​ទៅ​ធ្វើ​អី ព្រោះ​គេ​ចង់​បាន​ទៅ​ក្នុង​ឱកាស​ចូល​ឆ្នាំ​ខ្មែរ​ហ្នឹង​ហើយ...!”៕

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម
អត្ថបទថ្មី