Apple ជួល​បាន​បុគ្គលិកពិសេស ជា​ជើង​ខ្លាំង​អភិវឌ្ឍ​បច្ចេកវិទ្យា AI នៅ Google

  • 2018-04-04 11:24:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Apple ទើប​តែ​ទទួល​បាន​បុគ្គលិក​ថ្មី​ ដែល​ជា​អតីត​ប្រធាន​ផ្នែក​អភិវឌ្ឍ AI នៅ​ឯ​ក្រុមហ៊ុន គូប្រជែង​របស់​ខ្លួន Google គឺ​លោក John Giannandrea។ បើ​តាម​ការ​រាយការណ៍​របស់ The New York Times ការ​ទទួល​លោក John Giannandrea ពីសំណាក់ Apple គឺ​មាន​រយៈ​ពេល​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​លោក​បាន​ចុះ​ចេញ​ពី​ដំណែង​ប្រធាន​ផ្នែក​អភិវឌ្ឍ AI នៅ​ឯ​ក្រុមហ៊ុន Google។

លោក John Giannandrea គឺ​ជា​អ្នក​ជំនាញ​ផ្នែក​អភិវឌ្ឍ AI ដែល​ចូល​រួម​ជាមួយ Google តាំង​ពី​ឆ្នាំ ២០១០ មក​ម្ល៉េះ ហើយ​លោក​នេះ​ហើយ​ដែល​ជា​អ្នក​ផ្ដល់​ផ្លែ​ផ្ដា​ដល់ AI របស់ Google គឺ Google Assistant។ តាម​អ្នក​វិភាគ​ជា​ច្រើន​បាន​លើក​ឡើង​ថា នេះ​ជា​រឿង​សំណាង​បំផុត​របស់ Apple ដែល​ទទួល​បាន​បុគ្គលិក​ឆ្នើម​ម្នាក់ ដែល​ធ្លាប់​ជួយ​ឲ្យ​ក្រុមហ៊ុន​គូប្រជែង​របស់​ខ្លួន Google មាន​សមិទ្ធផល​ធំ​ដុំ។

អស់​រយៈ​ជាង ៥ឆ្នាំ​មក​ហើយ​ដែល AI របស់ Apple គឺ Siri បាន​បង្ហាញ​ខ្លួន​នៅ​លើ iPhone 4s ប៉ុន្តែ​មិន​បាន​អភិវឌ្ឍ​ខ្លួន​ឲ្យ​បាន​ប្រសើរ​ឡើយ ពោល​គឺ​នៅ​ចាញ់​គូ​ប្រ​ជែង​ខ្លួន​ ដែល​ទើប​តែ​កើត​ក្រោយ​ទៅ​ទៀត ដូច​ជា Alexa របស់ Amazon, Cotana របស់ Microsoft, Google Assistant របស់ Google និង Facebook AI ជាដើម។

បើ​តាម​ពាក្យ​ចចាមអារ៉ាម​បាន​និយាយ​ពី​ហេតុ​ផល ដែល​លោក John Giannandrea ចាក​ចេញ​ពី Google ព្រោះ​ខាង​ក្រុមហ៊ុន​ចាស់​មិន​អាច​ឲ្យ​លោក​កាន់​កាប់​កិច្ចការ​ទាំង​ស្រុង​របស់ Google AI ឡើយ។ មក​ដល់​ក្រុមហ៊ុន Apple នេះ​វិញ លោក​នឹង​មាន​ដំណែង​ជា អ្នក​ដឹកនាំ​ ស្រាវជ្រាវ Machine Learning និង​យុទ្ធសាស្ត្រ AI (Leader of Machine Learning and AI Strategy) ដែល​លោក​មាន​ភារៈ​ក្នុង​ការ​រាយការណ៍​ការងារ ទៅ​ CEO Apple លោក Tim Cook តែ​ម្ដង៕

ចុចអាន៖

ប្រភព៖ theverge   ប្រែ​សម្រួល៖ ផាត សុវត្ថិ