អ្នក​ចូល​ដៃ​បង្កើត​ Apple ប្រកាស​ឈប់​ប្រើ​ Facebook ថែម​បោះ​សម្ដី​យ៉ាង​ឡូយ​

  • 2018-04-09 06:53:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​សារ​រឿង​អាស្រូវ​ធ្វើ​ឲ្យ​លេច​ធ្លាយ​​ទិន្នន័យ​សម្ងាត់​របស់​អ្នក​ប្រើ​ប្រាស់​ចំនួន​ ៨៧ លាន​គណនី របស់​ Facebook បាន​បណ្ដាល​ឲ្យ​សហ​ស្ថាបនិក​ Apple លោក​ Steve Wozniak សម្រេចឈប់​ប្រើ​​បណ្ដាញ​សង្គម​នេះ​ត​ទៀត។

លោក​ Steve ដែល​បាន​ចាក​ចេញ​ពី​ Apple នៅ​ឆ្នាំ​ ១៩៨៥ បាន​លើក​ឡើង​ថា​ លោក​សុខចិត្ត​បង់​លុយ​ទៅ​ឲ្យ​ Facebook ដើម្បី​កុំ​ឲ្យ​មាន​ការ​យក​ទិន្នន័យ​​​ផ្ទាល់​ខ្លួន​ទៅ​ប្រើ​បែប​នេះ។ បុគ្គលិក​បច្ចេកវិទ្យា​ដ៏​ល្បី​ឈ្មោះ​រូប​នេះ​ថែម​​បាន​បង្ហាញ​ជំហរ​ការពារ​​សម្ដី​លោក​ Tim Cook នាយក​ប្រតិបត្តិ​ Apple ដែល​បាន​​និយាយ​ថា​​ "នឹង​មិន​ធ្លាក់​ចូល​ក្នុង​ស្ថានការណ៍​ដូច​ Facebook ដោយ​សារ​ Apple មិន​យក​អតិថិជន​ធ្វើ​ជា​ផលិតផល"។

លោក​ Steve បាន​និយាយ​ថា ៖ "អ្នក​ប្រើ​ប្រាស់​បាន​ផ្ដល់​ទិន្នន័យ​ពាក់​ព័ន្ធ​នឹង​ជីវិត​ផ្ទាល់​ខ្លួន​ទៅ​ឲ្យ​ Facebook..Facebook អាច​រក​​លុយ​បាន​យ៉ាង​ច្រើន​ពី​ទិន្នន័យ​ទាំង​នេះ។ ផល​ចំណេញ​បាន​ពី​ទិន្នន័យ​ផ្ទាល់​ខ្លួន​របស់​​អ្នក​ប្រើ​ប្រាស់​ ប៉ុន្តែ​អ្នក​ប្រើ​ប្រាស់​មិន​មាន​ចំណែក​លើ​ផល​ចំណេញ​ទាំង​នេះ​ទេ​”។

​​​​លោក​បាន​បន្ត​ថា ៖ "Apple រក​លុយ​បាន​តាម​រយៈ​​ផលិតផល​របស់​ពួក​គេ មិន​មែន​​រក​បាន​ពី​អ្នក (អតិថិជន) ​នោះ​ទេ។ ហើយ​ដូច​គេ (Apple) ​និយាយ​អ៊ីចឹង សម្រាប់​​ Facebook អ្នក​ជា​ផលិតផល​”។

គួរ​ដឹង​ថា​កាល​ពី​ថ្ងៃ​អាទិត្យ​លោក​ Steve បាន​ Deactivate គណនី​ Facebook របស់​ខ្លួន ក្រោយ​ពី​បាន​បង្ហោះ​សារ​អំពី​ការ​ចាក​ចេញ​នេះ​លើ​គណនី​របស់​ខ្លួន ដោយ​បាន​និយាយ​ថា​ Facebook នាំ​ឲ្យ​លោក​នូវ​ភាព​អវិជ្ជមាន​ច្រើន​ជាង​វិជ្ជមាន៕


ប្រភព៖ USAtoday   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី